“បង់សងយឺតយ៉ាវ ប្រយ័ត្នខូច CBC” គឺជាពាក្យដែលមន្ត្រីឥណទានច្រើនប្រើទៅលើប្រជាពលរដ្ឋដែលជាអតិថិជនទទួលកម្ចីរបស់ខ្លួន ប៉ុន្តែតាមមន្ត្រីជំនាញ បានបញ្ជាក់អោយដឹងថា ជាបច្ចេកទេស គឺមិនមានការកត់ត្រាថា អតិថិជនណាមួយ ខូចប្រវត្តិសងត្រឡប់ចំពោះកម្ចីរបស់ខ្លួននោះទេ។
CBC មកពីពាក្យ “Credit Bureau Cambodia” ជាស្ថាប័នឯកជនសុទ្ធសាធដែលមានភាគទុនិក២ជាមួយបរទេស ក្នុងនោះសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារកម្ពុជា ជាភាគទុនិក កាន់កាប់ភាគហ៊ុន ៥១% និង Credit Bureau Asia Holdings ដែលមានភាគទុនិកសិង្ហបុរី និងសហរដ្ឋអាមេរិកកាន់កាប់ ៤៩%។

តាមលោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ នៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូកម្ពុជា បានឲ្យដឹងថា ស្ថាប័នធ្វើការជាមួយដៃគូក្នុងស្រុកចំនួន ១៩៥ លើការកត់ត្រាព័ត៌មានរបស់អតិថិជនពាក់ព័ន្ធនឹងកម្ចី សម្រាប់ជាឯកសារយោងសម្រាប់មន្ត្រីឥណទាន ឬធនាគារ និងមីក្រូហិរញ្ញវត្ថុ សម្រាប់ការពិចារណាលើកម្ចីរបស់អតិថិជន។

របាយការណ៍នេះ គឺកត់ត្រាប្រវត្តិកម្ចី និងការសងត្រឡប់មកវិញរបស់អតិថិជន តាំងល្អ និងមិនល្អ តែ CBC មិនមែនជាអ្នកសម្រេចថា គួរតែអោយកម្ចីទៅអតិថិជន ឬអត់នោះទេ និងក៏នឹងមិនបញ្ជាក់ថា អតិថិជនរូបណា ខូច ឬមិនខូច CBC ដែរ ។ លោក ខុម ច័ន្ទតារា ថ្លែងថា “នៅក្នុង CBC អត់មានកន្លែងណាមួយកត់ត្រាថា អតិថិជនរូបណា ខូច ឬមិនខូច CBC ផង គឺអត់មានផង គឺមានតែកត់ត្រាព័ត៌មានល្អ និងមិនល្អរបស់អតិថិជនប៉ុណ្ណោះ”។
លោកបានពន្យល់ថា CBC កត់ត្រាព័ត៌មានល្អរបស់អតិថិជន គឺសំដៅលើការបង់សងទៀងទាត់។ ដោយឡែកព័ត៌មានមិនល្អ គឺសំដៅលើការបង់យឺតយ៉ាវ ដោយក្នុងនោះយឺតជាង ៩០ ថ្ងៃ រាប់ថាជាព័ត៌មានមិនល្អ ហើយព័ត៌មាននេះនឹងត្រូវឈប់បង្ហាញជាស្វ័យប្រវត្តិពេលកន្លងហួស ២ឆ្នាំ។
ដូច្នេះហើយ CBC មិនមានបញ្ជាក់ថា អតិថិជនរូបណា ខូច ឬមិនខូច CBC នោះឡើយ។
ពាក្យថាខូច “CBC” គឺជាពាក្យដែលគេលឺជាញឹកញាប់ ក្នុងកិច្ចការផ្ដល់កម្ចី និងទទួលសំណងរវាងប្រជាពលរដ្ឋដែលជាអតិថិជន និងស្ថាប័នធនាគារ ដែលសង្កត់ធ្ងន់លើប្រវត្តិនៃការទូទាត់សងរបស់អតិថិជនយឺតយ៉ាវ។
ភាគច្រើន ជាពាក្យចេញពីមាត់មន្ត្រីឥណទាន ដែលមានន័យជំរុញ ក៏ដូចជាគំរាមអតិថិជនអោយប្រញាប់រកប្រាក់មកបង់ ករណីពួកគេបង្ហាញពីតម្រុយនៃការមិនមានប្រាក់បង់សងតាមពេលវេលាដែលធនាគារ ឬមីក្រូហិរញ្ញវត្ថុបានកំណត់។
បញ្ហានេះ លោក ខុម ច័ន្ទតារា ប្រាប់ថា លោកក៏បានដឹងលឺដូចគ្នា ហើយលោកក៏មានការហួសចិត្តដែរ និងថា CBC ក៏ព្យាយាមផ្សព្វផ្សាយពីព័ត៌មាននេះដូចគ្នា។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍មុន ស្ថាប័ននេះ បានបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានមួយ មានអ្នកសារព័ត៌មានចំនួន ២៩រូបមកពី ២៧ស្ថាប័នបានចូលរួម។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ហៅកាត់ថា ក.អ.ក បានលើកឡើង ដោយទទទួលស្គាល់ថា អ្នកកាសែតកម្ពុជា ក្នុងនោះសូម្បីតែរូបលោកផ្ទាល់ នៅខ្វះចំណេះដឹងអំពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក៏អាចនិយាយម្យ៉ាងទៀតថា កម្ពុជានៅខ្វះអ្នកកាសែតជំនាញខាងធនាគារ និងហិរញ្ញវត្ថ។
ដូច្នេះ វគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនសារព័ត៌មាន សម្រាប់ពង្រឹងបន្ថែមសមត្ថភាពរាយការណ៍អំពីវិស័យនេះទៅកាន់សាធារណជន។ លោក ពុយ គា បានថ្លែងអំណរគុណដល់ CBC ដែលបានសហការជាមួយក្លឹបអ្នកកាសែតសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ដោយគិតមកត្រឹមពេលនេះ មានអ្នកសារព័ត៌មាន ៤ក្រុមហើយ ដែលមកទទួលយកការបណ្ដុះបណ្ដាល។

ក៏ដូចគ្នានឹងលោក ពុយ គា ដែរ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC ក៏ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានមកចូលរួម ក្នុងនោះលោកលើកឡើងថា អ្នកសារព័ត៌មានជាបុគ្គលដ៏សំខាន់ ដែលមាននាទីផ្សព្វផ្សាយព័ត៌មាននេះបន្តទៅសាធារណជន។
ដូច្នេះហើយ ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ លោកសង្ឃឹមថា អ្នកសារព័ត៌មាន នឹងចូលរួមផ្សព្វផ្សាយអោយប្រជាពលរដ្ឋកាន់តែមានចំណេះដឹងពាក់ព័ន្ធនឹងធនាគារ និងហិរញ្ញវត្ថុ កាន់តែទូលំទូលាយ៕