ទឹកអង្ករ ត្រូវបានប្រើប្រាស់ជាផលិតផលថែរក្សា និងព្យាបាលសម្រស់អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយនៅក្នុងវប្បធម៌អាស៊ី។ ថ្មីៗនេះ មានការវែកញែកលើកឡើងអំពីទឹកអង្ករទៅលើការព្យាបាលសរសៃសក់ និងជួយពន្លឿនលូតលាស់សក់ដុះវែង និងក្រាស់ក្មឹក ដែលមើលទៅសក់មានទម្ងន់ធ្ងន់ សុខភាពល្អ។
ម្យ៉ាង ទឹកអង្ករក៏មានឥទ្ធិពលអាចជួយព្យាបាលសក់សំពោង សក់បែកចុងផងដែរ ដែលនេះហើយជាអ្វីដែលធ្វើឱ្យទឹកអង្ករប្រៀបដូចជាទឺកវេទមន្តចំពោះសុខភាពសក់របស់ស្រ្តីគ្រប់រូប។
ឥឡូវនេះ ឡេឌីស៍នឹងធ្វើការបើកបង្ហាញនូវហេតុផលខ្លះៗ និងដំណើរការនៃទឹកអង្ករចំពោះសុខភាពសក់របស់ស្រ្តី។
តើទឹកអង្ករជាអ្វី?
ទឹកអង្ករ គឺជាទឹកដែលត្រូវបានយកអង្ករមកត្រាំក្នុងទឹកនោះ ឬលាងអង្ករនៅក្នុងទឹកនោះ (ទឹកដំបូង) ហើយវាមានផ្ទុកនូវជាតិម្សៅវីតាមីនពីអង្ករច្រើន ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងៗ។ ទឹកអង្ករមានផ្ទុកនូវសារធាតុដូចជា ៖
• អ៊ីណូស៊ីតូល
• វីតាមីន E
• វីតាមីន B
• ម៉ាញ៉េស្យូម
• ជាតិសរសៃ
• ស័ង្កសី
• ម៉ង់ហ្គាណែស
វីតាមីន និងសារធាតុចិញ្ចឹមមួយចំនួននៅក្នុងទឹកអង្ករដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសក់ រួមមាន ៖
វីតាមីន E
វីតាមីន E សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទហៅថា តូកូទ្រីណុល។ វាពិតជាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការព្យាបាលជំងឺម្យ៉ាងនៅលើស្បែកក្បាលឈ្មោះ Alopecia ជាជំងឺដែលបណ្តាលឱ្យជ្រុះសក់។
ម៉ាញ៉េស្យូម (Magnesium)
ម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់ចំពោះសរីរាង្គកាយនៃសុខភាពរបស់អ្នក ប៉ុន្តែសារធាតុនេះក៏បានជួយលើកកម្ពស់ដល់សុខភាពសក់ផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុម៉ាញេស្យូមបានចូលរួមបង្កើនការលូតលាស់សក់របស់ស្រ្តីដែលមានសរសៃសក់ស្តើងក្នុងរយៈពេលពី 90 ទៅ 180 ថ្ងៃ។
វីតាមីន B
Biotin គឺជាផ្នែកមួយនៃវីតាមីន B ដែលទាក់ទងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងការលូតលាស់នៃសក់ ដោយសារតែ Biotin គឺជាសមាសធាតុសំខាន់នៃ Keratin ដែលមានសារៈសំខាន់ក្នុងការបណ្តុះសរសៃសក់ និងក្រចកមានសុខភាពល្អ។ ការបាត់បង់សារធាតុនេះអាចបង្អាក់ដំណើរការលូតលាស់សក់យ៉ាងខ្លាំង ដែលអ្នកនឹកស្មានមិនដល់។
ស័ង្កសី (Zinc)
ជាតិស័ង្កសីមានតូនាទីព្យាបាល និងជួសជុលជាលិកាសក់ដែលខូចខាត ដូច្នេះការជ្រុះសក់ សក់សំពោង សក់ស្តើង អាចជាកង្វះនៃជាតិស័ង្កសី។ ដូច្នេះ ការបន្ថែមជាតិស័ង្កសីមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយសក់ជ្រុះ និងបញ្ហាសក់ផ្សេងៗទៀត។