ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ ជាប្រទេសដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន នៃភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសនេះមានព្រំដែនខាងកើតជាប់នឹងប្រទេសប្រទេសឡាវ និងប្រទេសកម្ពុជា ខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី និងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមា និងសមុទ្រអង់ដាម៉ង់ ហើយមានទន្លេមេគង្គធ្វើជាព្រំដែន ដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នឹងមានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។
ប្រទេសថៃជាប់លំដាប់ទី ៥០ ខាងផ្ទៃដីដោយមានក្រឡាផ្ទៃសរុប ៥១៣,១១៥ គម២។ ថៃជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីវិស័យឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា កោះសមុយ ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។
គោលដៅទេសចរណ៍ល្បីៗ នៅក្នុងប្រទេសថៃ ដែលភ្ញៀវបរទេសនិយមទៅលេងកម្សាន្ត ៖
១. ឈៀងម៉ៃ
ឈៀងម៉ៃ គឺជាទីក្រុងធំជាងគេនៅភាគខាងជើងប្រទេសថៃ និងជារាជធានីរបស់ខេត្តឈៀងម៉ៃ មានចម្ងាយ ៧០០ គីឡូម៉ែត្រ ភាគខាងជើងរបស់ទីក្រុងបាងកក ក្នុងតំបន់ភ្នំមួយ។
ឈៀងម៉ៃ មានន័យថា “ទីក្រុងថ្មី” ជាភាសាថៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១២៩៦ ជារាជធានីថ្មីរបស់ឡានណា បន្តពីអតីតរាជធានីឈៀងរ៉ាយ។ ទីតាំងរបស់ទីក្រុងនៅលើទន្លេពីង (ដៃទន្លេដ៏សំខាន់របស់ទន្លេចៅព្រះយ៉ា) និងនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗបានរួមចំណែកដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រ។
២. បាងកក
បាងកក គឺជារាជធានីនិងជាទីក្រុងដែលប្រជាជនរស់នៅច្រើនបំផុតនៃប្រទេសថៃ។ រាជធានីនេះត្រូវបានស្គាល់តាមរយៈភាសាថៃថា ក្រុងទេពមហានគរ ឬអាចនិយាយជាសាមញ្ញថា ក្រុងទេព ឬ ក្រុងថេប។ ទីក្រុងនេះ ស្ថិតនៅដីសណ្តទន្លេចៅព្រះយ៉ា ភាគកណ្តាលប្រទេស។
៣. ភូកេត
ខេត្តភូកេត គឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងត្បូងរបស់ប្រទេសថៃ។ ខេត្តនេះ មានកោះភូកេត កោះធំបំផុតរបស់ប្រទេស និងកោះតូចៗចំនួន ៣២ ផ្សេងទៀតនៅឆ្នេរសមុទ្ររបស់ខ្លួន។ ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសថៃ ក្នុងសមុទ្រអង់ដាម៉ង់ កោះភូកេតត្រូវបានតភ្ជាប់ដោយស្ពានសារសិន ទៅខេត្តផាំងង៉ានៅភាគខាងជើង។
៤. កោះសាមុយ
កោះសមុយស្ថិតនៅក្នុងឈូងសមុទ្រថៃ ចំងាយប្រហែល ៣៥ គ.ម ស្ថិតនៅភាគឦសានទីរួមខេត្ត ស៊ុរ៉ាតថានី។ នៅជុំវិញកោះនេះមានកោះតូចៗ ៦ទៀតដែលក្នុងនោះជាផ្នែករបស់ឧទ្យានវារីជាតិ អង់ថង។ កោះនេះមានរាងស្ទើរមូលនិងមានអង្កត់ផ្ចិតប្រហែល១៥គ.ម។ ចំនុចកណ្ដាលរបស់កោះនេះជាព្រៃភ្នំស្ទើរគ្មានមនុស្សរស់នៅ ចំណែកតំបន់ទំនាបត្រូវបានតភ្ជាប់ដោយផ្លូវថ្នល់តែមួយខ្សែគត់ដែលរត់មូយជុំកោះ។