ពេលដែលយើងនិយាយទៅដល់សុខុមាលភាព ក្នុងចិត្តរបស់យើងច្បាស់ជាគិតទៅដល់មនុស្សម្នាក់ដែលមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក៏ប៉ុន្តែ សម្រាប់ពិភពលោកដែលយើងរស់នៅសព្វថ្ងៃគឺកម្រនឹងមានមនុស្សដែលមានសុខភាពល្អឥតខ្ចោះណាស់។
បើប្រៀបធៀបជាមួយបុរស ស្រ្តីមានបញ្ហាសុខភាពច្រើនជាងបុរសដែលនេះជាឧបសគ្គសម្រាប់ស្រ្តីក្នុងការសម្រេចបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ មានបញ្ហាជាច្រើនដែលស្រ្តីតែងជួបប្រទះច្រើនជាងបុរសក្នុងនោះមានដូចជា ឥទ្ធិពលនៃគំនាបពីសង្គម និងវប្បធម៌ និងការកើនឡើងនៃបញ្ហាជំងឺទៅលើស្រ្តីជាដើម។ ថ្វីបើបញ្ហាគំនាបសង្គម និងវប្បធម៌ត្រូវបានលុបបំបាត់ខ្លះៗនៅតាមប្រទេសមួយចំនួន ក៏ប៉ុន្តែជំងឺនៅតែជាបញ្ហាដែលធ្វើឱ្យស្រ្តីមិនអាចសម្រេចបាននូវសុខុមាលភាព។
ខាងក្រោមនេះគឺជាបញ្ហាវេជ្ជសាស្រ្តដែលស្រ្តីនៅទូទាំងពិភពលោកតែងតែប្រទះបំផុត ៖
1. ជំងឺក្រពេញទីរ៉ូអ៊ីដ
យោងទៅតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Dr. Nieca Goldberg នាយកនៃមជ្ឈមណ្ឌល Joan H. Tisch Center for Women’s Health នៅឯមហាវិទ្យាល័យ Langone Medical Center បានឱ្យដឹងថា ៖
“ស្ត្រីប្រឈមនឹងការកើតជំងឺក្រពេញទីរ៉ូអ៊ីដ ៦ ដងច្រើនជាបុរស”
ចំណុចអាក្រក់បំផុតនៃជំងឺក្រពេញទីរ៉ូអ៊ីដគឺថា អាការៈរោគនៃជំងឺនេះមានលក្ខណៈស្រដៀងខ្លាំងទៅនឹងជំងឺស្រាលៗមួយចំនួន។ ទាំងនេះដែលជាហេតុធ្វើឱ្យមនុស្សភាគច្រើនយល់ច្រឡំ និងមើលរំលងថាខ្លួនមិនកើតអ្វី។ អាការៈនៃជំងឺនេះរួមមាន ការឡើងទម្ងន់ ការស្រកទម្ងន់ ឬហត់នឿយអស់កម្លាំងជាខ្លាំង ដែលអ្វីទាំងនេះអាចធ្វើឱ្យគេសន្មត់ថាជាជំងឺផ្សេងទៀតបាន។
- វិធីបង្ការ
មានវិធីជាច្រើនដែលអាចឱ្យស្រ្តីចាកឆ្ងាយពីជំងឺក្រពេញទីរ៉ូអ៊ីតបាន។ វិធីទាំងនោះរួមមានការបឈ្ឈប់ការបង្អត់របបអាហារ ការបង្អត់អាហារខ្លួនឯងមិនមែនជាវិធីល្អក្នុងការសម្រកទម្ងន់នោះទេ។ ការជក់បារីក៏ជាមូលហេតុចម្បងដែលបណ្តាលឱ្យអ្នកកើតជំងឺនេះផងដែរ។ ចៀសវាងការបង្អត់របបអាហារ និងការជក់បារីដើម្បីជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទីរ៉ូអ៊ីត។
2. ជំងឺវង្វេងវង្វាន់
គ្មានជំងឺណាដែលថាល្អឡើយ ជាពិសេសគឺជំងឺបាត់បង់ការចងចាំនេះតែម្តង។ គួរឱ្យសោកស្តាយ ឱកាសដែលស្រ្តីអាចនឹងកើតមានជំងឺនេះ គឺមានច្រើនជាងបុរសទ្វេដង។ មានរោគសញ្ញាដែលអាចនាំអ្នកឱ្យឈានទៅដល់ការកើតជំងឺនេះ មានដូចជា ការចងចាំចុះខ្សោយ ការវិភាគក្នុងការសម្រេចចិត្តអ្វីមួយចុះខ្សោយ ភ្លេចភ្លាំងច្រើន និងមានការលំបាកក្នុងការផ្តោតអារម្មណ៍ទៅលើអ្វីមួយ។ គ្រូពេទ្យនឹងធ្វើតេស្តយ៉ាងដិតដល់មុននឹងសន្មត់ថាមនុស្សម្នាក់មានជំងឺវង្វេងវង្វាន់ រឺយ៉ាងណា។
- វិធីបង្ការ
ជាសំណាងល្អ ការបង្ការជំងឺនេះមិនតម្រូវឱ្យអ្នកធ្វើសកម្មភាពអ្វីដែលខុសពីធម្មតាឡើយ។ វិធីសាស្រ្តដ៏ល្អបំផុតមួយដើម្បីឱ្យអ្នកចៀសឆ្ងាយពីជំងឺនេះបាន គឺការហាត់ប្រាណឱ្យបានទៀងទាត់។ ក្រៅពីការពារអ្នកមិនឱ្យកើតជំងឺនេះ ការហាត់ប្រាណទៀងទាត់ក៏ជួយឱ្យស្រ្តីមានសុខុមាលភាពល្អផងដែរ រីឯរបរអាហារដែលជួយដល់សុខភាពក៏អាចជួយឱ្យអ្នកចាកឆ្ងាយពីជំងឺនេះដូចគ្នា។ ការគេងបានគ្រប់គ្រាន់ និងការគ្រប់គ្រងស្រ្តេសក៏អាចជួយកាត់បន្ថយឱកាសនៃការកើតជំងឺវង្វេងវង្វាន់ផងដែរ។
3. ជំងឺបេះដូង
ប្រសិនបើឱ្យរាប់ឈ្មោះជំងឺដែលតែងតែកើតឡើងលើស្រ្តីច្រើនជាងគេនៅជុំវិញពិភពលោក នោះគឺគ្មានក្រៅពីជំងឺដែលទាក់ទងនឹងបេះដូងឡើយ។ តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC បានឱ្យដឹងថាប្រមាណ ២៩% មៃមរណភាពកើតឡើងចំពោះស្រ្តីគឺបណ្តាលមកពីជំងឺបេះដូង។ អ្នកស្រី Cindy Pearson មកពី National Women’s Health Network បានឱ្យដឹងថា ៖
គេឃើញមានស្រ្តីមួយចំនួនដែលមានជំងឺបេះដូងធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ ពិបាកដកដង្ហើម មិនអាចឡើងជណ្តើរបានច្រើនកាំ ព្រោះតែស្ថានភាពបេះដូងមិនអាចឱ្យពួកគេធ្វើសកម្មភាពចុះឡើងបាន។
មូលហេតុចម្បងដ៏ធំមួយដែលធ្វើឱ្យស្រ្តីក្លាយជាអ្នករងគ្រោះពីជំងឺបេះដូងនេះគឺដោយសារពួកគេមិនធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ចំណុចដែលអាក្រក់នោះគឺ ស្រ្តីភាគច្រើនតែងមានរោគវិនិច្ឆ័យនៅពេកដែកអាការៈស្ថានភាពនោះធ្ងន់ធ្ងរហួសពេលដែលមិនអាចបង្ការបានទៅហើយ។ នេះជាមូលហេតុដ៏សំខាន់បំផុតដែលអ្នកគួរតែមានវិធានការការពារជាមុនពីជំងឺនានាដែលប្រុងនឹងកើត។
- វិធីបង្ការ
សារធាតុចម្បងដែលនាំឱ្យឈានដល់ការកើតជំងឺបេះដូងនោះ គឺថ្នាំជក់។ ការនិយមជក់បារីកាន់តែកើនឡើង អ្នកកាន់តែត្រូវប្រឈមនឹងជំងឺបេះដូងកាន់តែខ្ពស់។ សូមធ្វើការផ្តាច់បារី និងបរិភោគរបបអាហារសុខភាព ធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំឱ្យបានទៀងទាត់អាចជួយកាត់បន្ថយឱកាសកើតជំងឺបេះដូងបាន។
4. បញ្ហាសុខភាពផ្លូវចិត្ត
នេះគឺរាប់ជាជំងឺមួយក្នុងចំណោមជំងឺនានាដែលបង្កជាឧបសគ្គដល់ស្រ្តីក្នុងការសម្រេចសុខុមាលភាពល្អ។ យោងតាមការស្រាវជ្រាវ បើប្រៀបធៀបនឹងបុរស ស្រ្តីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសទ្វេដង។ បញ្ហាផ្លូវចិត្តទាងនេះមានដូចជា ជំងឹបាក់ទឹកចិត្ត ជំងឺខ្លាចរអាផ្សេងៗ ជំងឺស្រ្តេសក្រោយជួបហេតុការណ៍រន្ធត់អ្វីមួយ និងជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូន…។
មូលហេតុចម្បងដែលធ្វើឱ្យស្រ្តីកើតជំងឺនេះ គឺមកពី គំនាបសង្គម និងវប្បធម៌ រួមបញ្ចូលនឹងសម្រស់រូបរាងកាយ ក៏បានជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តស្រ្តីផងដែរ។
- វិធីបង្ការ
នៅពេលដែលគេនិយាដល់ការបង្ការជំងឺផ្លូវចិត្តរបស់ស្ត្រី ដំណោះស្រាយ គឺផ្តោតទៅលើហ្សែនជាជាងវេជ្ជសាស្រ្ត ក៏ប៉ុន្តែនេះ មិនមែនមានន័យថាអ្នកមិនគួរទៅពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យនោះឡើយ។ បន្ថែមពីលើការព្យាបាលជាមួយគ្រូពេទ្យ អ្នកគួរតែផ្តោតទៅលើការមើលតែខ្លួនឯងឱ្យបានប្រសើរឡើង។ អ្នកអាចធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកវិលមករកសភាពល្អវិញតាមរយៈ ការគេងគ្រប់គ្រាន់ បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងយកចិត្តទុកដាក់មើលថែរាងកាយរបស់អ្នកឱ្យបានល្អ។
សុខភាព និងសុខុមាលភាពល្អ គឺសំដៅទៅលើការយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ការណែនាំខាងលើអាចជួយឱ្យអ្នកចាប់ផ្តើមតម្រង់ទៅរកទិសដៅដែលត្រឹមត្រូវ ក៏ប៉ុន្តែអ្នកមិនត្រូវខ្វះការខំប្រឹងប្រែងនោះទេ។