ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ “ដើរដើម្បីសន្តិភាព Walk For Peace” បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព។
កាលពីព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងខេត្តកំពង់ចាម លោកឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាដើរពិភពលោក ក្រោមប្រធានបទ៖ “ដើរដើម្បីសន្តិភាព Walk For Peace” ដើម្បីចូលរួមចំណែកជំរុញកំណើនទេសចរក្នុងរដូវកាលបៃតង (Green Season) នេះផង ក៏ដូចជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត កំពង់ចាម ពិសេសបង្ហាញឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ មានសាមគ្គីភាពរឹងមាំ និងសុខដុមរមនាទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍, រួមចំណែកក្នុងការផ្តល់នូវកាលានុវត្តភាពថ្មីមួយបែប ដែលធ្វើឱ្យផលិតផលទេសចរណ៍ មានភាពសម្បូរបែប និងប្លែកៗតាមរយៈការធ្វើពិពិធកម្មផលិតផលកីឡាទេសចរណ៍។
