ម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ខាងមុខប្រាសាទអង្គរវត្ត។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់មកពី ៨៧ប្រទេស ដោយមានការកើនឡើង ២៥% ធៀបនឹង ឆ្នាំ២០២៣ ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលីនិង ជប៉ុន។
ទាំងនេះគឺជាព្រឹត្តិការណ៍មួយដ៏ល្អបំផុត សម្រាប់កម្ពុជាដែលមានអត្តពលិកជាតិ អន្តរជាតិ បានចូលរួមរត់ប្រណាំងដើម្បីគាំទ្រដល់យុទ្ធនាការ អប់រំ សុខភាពសាធារណៈ និងគាំទ្រដល់ សកម្មភាពមនុស្សធម៌ ជាពិសេសការចូលរួមដល់ជនរងគ្រោះដោយសារគ្រាប់មីន។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គឺមានការរៀបចំ និងចូលរួមដោយ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា NOCC , ដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានជាទៀងទាត់ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។