ចិន បាននាំចេញស្មាតហ្វូន ប្រមាណ ៦៩,២៦ លាន គ្រឿង កើនឡើង ៦,៥ ភាគរយ គិតត្រឹមត្រីមាសទីមួយ ក្នុងឆ្នាំ ២០២៤។ ទិន្នន័យនេះត្រូវបានបញ្ចេញដោយ IDC ដែលជាអ្នកជំនាញប្រឹក្សាផ្នែកទីផ្សារអន្តរជាតិ។
IDC បាននិយាយថា តម្រូវការផ្នែកស្មាតហ្វូននៅលើពិភពលោក បានជួយឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន អាចវិលត្រឡប់មកកាន់ការលក់ដ៏មមាញឹករបស់ខ្លួនឡើងវិញ កាលពីចុងឆ្នាំមុន ដោយចំនួននៃការនាំចេញសរុបគឺខ្ពស់ជាងអ្វីដែលបានរំពឹងទុក។ អ្នកជំនាញ ជឿថាការហក់ឡើងនៃស្មាតហ្វូនរបស់ចិន គឺអាចមកពីកត្តាធំៗនៃជម្រើសទូរស័ព្ទច្រើនប្រភេទ ជាមួយនឹងតម្លៃប្រកួតប្រជែង។
ទូរស័ព្ទដែលក្រុមហ៊ុនចិនផលិតមក មានបំពាក់មករួចជាស្រេចជាមួយបច្ចេកវិទ្យា AI ហើយមួយចំនួនទៀតជាប្រភេទស្មាតហ្វូន អេក្រង់បត់។ ក្រុមហ៊ុន Honor ឈរនៅលេខរៀងទី ១ ដោយការនាំចេញស្មាតហ្វូនមានចំនួន ១៧,១ ភាគរយនៃទីផ្សារនាំចេញទូរស័ព្ទសរុបរបស់ចិន គិតត្រឹមត្រីមាសទី ១ ខណៈដែលក្រុមហ៊ុន Huawei មានចំនួន ១៧ ភាគរយ៕