អ្នកនាង ទឹម រដ្ឋា បានធ្វើរឿងដ៏អស្ចារ្យក្នុងនាមជាកូនស្រីម្នាក់ ក្រោយពីអ្នកនាងបានធ្វើកិច្ចការធំមួយ សម្រេចបំណងរបស់លោកឪពុកដែលប៉ងចង់បានជាយូរណាស់មកហើយ។
ជាសកម្មភាពកត្តញ្ញូថ្មីទៀតរបស់ ទឹម រដ្ឋា ក្រោយពីប្រមាណ ២ឆ្នាំមុន នាងបានធ្វើឲ្យអ្នកមានគុណរំភើបម្ដងរួចមកហើយ ដោយអ្នកនាងទិញរថយន្តមួយគ្រឿងជូនអ្នកមានគុណរូបនេះ។ ដោយឡែក ថ្មីៗនេះ គឺចំថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិថ្ងៃទី២តែម្ដង គឺនាងបានសម្រេចផែនការទី២ ដើម្បីសម្រេចបំណងប្រាថ្នាដ៏ធំរបស់អ្នកមានគុណ។
តាមអតីតតារាម៉ូដែល លើកនេះនាងបានទិញផ្ទះលំហែរក្បែរជើងភ្នំមួយសម្រាប់លោកឪពុក។ នាងថា ឪពុករបស់នាងឈ្មោះ វណ្ណា បាននិយាយពីការចិញ្ចឹមចិត្តចង់បានផ្ទះលំហែរមួយ ទុកពេលសម្រាប់ចាស់ទៅចូលនិវត្តន៍ លោកនឹងមករស់នៅសម្រាប់ជីវិតចុងក្រោយ។ អ្នកនាង ក៏ចាំទុកក្នុងចិត្ត រហូតដល់ពេលនេះ អ្នកនាងក៏អាចធ្វើវាបាន។
ផ្ទះលំហែរ ទឹម រដ្ឋា ទិញជូនលោកឪពុក មានទីតាំងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្បែរជើងភ្នំ ជាប្រភេទផ្ទះឈើម៉ូតបែបកូនកាត់។ យ៉ាងណា មិនមានតម្លៃរបស់អចលនទ្រព្យត្រូវបានបញ្ចេញឲ្យដឹងនោះទេ។
ទឹម រដ្ឋា បានធ្វើពិធីប្រគល់ផ្ទះជូនអ្នកមានគុណ ក្នុងរូបភាពនាំលោក ទៅទស្សនាផ្ទះដែលនាងកុហកថា ជាផ្ទះរបស់មិត្តភ័ក្តិនាង។ នាងនាំលោកឪពុកដើរមើលដើម្បីរន្ថើនចិត្តស្រឡាញ់របស់ឪពុក ចុងក្រោយនាង បានយកសោរ និងផ្លាកឈ្មោះទៅអោយអ្នកមានគុណរូបនេះ ធ្វើឲ្យអ្នកមានគុណរំភើបខ្លាំងរហូតដល់យំ។
ទឹម រដ្ឋា ប្រាប់ថា ម្ដងនេះ នាងពិតជាមានក្ដីសុខខាងផ្លូវចិត្តខ្លាំងណាស់។ ឆ្លងតាមបទពិសោធន៍ផ្ទាល់ខ្លួន រដ្ឋា លើកទឹកចិត្តប្រិយមិត្តអ្នកគាំទ្រ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ សូមយកចិត្តទុកដាក់ជាមួយព្រះរស់ពេលលោកនៅមានជីវិត ដូចពាក្យខ្មែរយើងថា “ធ្វើបុណ្យទាន់ខែភ្លឺ” ដែលយើងអាចឃើញនូវផលតបស្នងដោយផ្ទាល់ភ្នែក។
ក្រោយសម្រេចបានបំណងចុងក្រោយរបស់លោកឪពុក អ្នកនាង ទឹម រដ្ឋា មិនភ្លេចអរគុណចំពោះលោក Jovany Antonio ដែលជាស្វាមី។ នាងថា ស្វាមីរូបនេះ មានទឹកចិត្ត និងបេះដូងល្អ ដែលបំពេញចិត្តនាងគ្រប់យ៉ាង ប្រសិនបើគ្មានវត្តមានលោកក្នុងជីវិតរបស់ខ្លួន នាងក៏មិនអាចសម្រេចរឿងល្អៗជូនក្រុមគ្រួសារម្ដងហើយម្ដងទៀតដូច្នេះដែរ៕