រដូវកាលបៃតង គឺជាពេលដែលអាកាសធាតុនៅប្រទេសកម្ពុជាចាប់ផ្តើមល្អប្រសើរ ព្រោះសីតុណ្ហភាពនៅគ្រប់តំបន់ទាំងអស់មិនសូវក្តៅខ្លាំង ហើយពោរពេញដោយសំណើមធម្មជាតិ និងមានភ្លៀងធ្លាក់ផងដែរ។ អ្នកទេសចរគ្រប់រូបអាចទទួលបាននូវបទពិសោធន៍ដំណើរកំសាន្តទេសចរណ៍ដ៏សែនរីករាយ ស្រស់ស្រាយ និងគយគន់សម្រស់ដ៏ល្អឯកនៃរមណីយដ្ឋានគ្រប់តំបន់ក្នុងប្រទេសកម្ពុជានារដូវវស្សា។ តំបន់នីមួយៗ មានទេសភាពគ្រប់ដណ្តប់ដោយព្រៃប្រឹក្សាពណ៌បៃតង មានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់។
រដូវកាលបៃតងនៃវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្ដើមពីខែមេសា និងបន្តរហូតដល់ខែតុលា ដែលជារដូវកាលមានភ្ញៀវទេសចរអន្តរជាតិតិច ក៏ដោយសារនៅតំបន់អឺរ៉ុបគឺជាពេលវេលាដែលមនុស្សភាគច្រើនត្រូវបំពេញការងារដ៏មមាញឹក និងការសិក្សាច្រើនដែលជាទូទៅគេហៅថា Low Season។
ដើម្បីជម្រុញវិស័យទេសចរណ៍ក្នុងរដូវកាលបៃតងនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ 2025 បានប្រកាសគាំទ្រការដាក់ចេញនូវយុទ្ធនាការ “រដូវកាលបៃតង” ជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវ (Low Season) នារដូវវស្សា។ គោលដៅនៃការកំណត់ឈ្មោះរដូវកាលបៃតង គឺតាមរយៈការផ្តល់ជូនអ្នកទេសចរនូវបទពិសោធទេសចរណ៍បែបធម្មជាតិដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា ពោរពេញដោយពណ៌បៃតង។

ដើម្បីជម្រុញយុទ្ធនាការនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានត្រួតពិនិត្យមើលទៅលើការរៀបចំផលិតផល និងសកម្មភាពទេសចរណ៍ក្នុងសហគមន៍ ការគ្រប់គ្រង និងពង្រឹងគុណភាពសេវាកម្មសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងយន្តការវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាពិសេសការបង្កើននូវសោភ័ណភាព ទេសភាពបៃតង និងបរិស្ថាននៅតាមតំបន់ទេសចរណ៍នីមួយ។
ទន្ទឹមនឹងនេះ ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង (Green Season) នេះ លោករដ្ឋមន្ត្រី ក៏បានស្នើវិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃកន្លែងស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ជាពិសេសការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ។