ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឥណ្ឌូណេស៊ី នឹងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការពង្រឹងការអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេភាគី។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។
លោកជំទាវទេសាភិបាល បានស្វាគមន៍វត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីមកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម Santo ក៏បានលើកសរសើរអំពីការរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់តាមឃ្យូអរកូត។
ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានជម្រាបជូនថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី និងគ្រោងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការពង្រឹងការអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេភាគី ដែលទាំងនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ឯកឧត្តម Santo ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះ។
លើសពីនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា និងគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសារមន្ទីររបស់ធនាគារកណ្តាលឥណ្ឌូណេស៊ី ព្រមទាំងបានស្នើសុំរៀបចំពិពណ៌មិនអចិន្រ្តៃយ៍នៅ ស.ស.រ នាពេលខាងមុខថែមទៀតផង។ ឯកឧត្តមក៏បានសរសើរពីគុណភាពអង្ករកម្ពុជា ដែលបាននាំចេញទៅទីផ្សារឥណ្ឌូណេស៊ី។
លោកជំទាវបណ្ឌិត បានជម្រាបជូនពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងការគាំទ្រសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល និងការពង្រឹងសន្តិសុខសាយប៊័នៅក្នុងប្រព័ន្ធធនាគារកម្ពុជា តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ជារួម លោកជំទាវបណ្ឌិត និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យធនាគាររបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕
ប្រភព៖ NBC