ស្រ្តីជាច្រើនហាក់ដូចជា មិនសូវយកចិត្តទុកដាក់ទៅលើរបបអាហារប្រចាំថ្ងៃរបស់ខ្លួន ថាតើវាមានផលប៉ះពាល់ដល់សុខភាពស្បែកមុខដូចម្តេចខ្លះ ដោយសំអាងទៅលើការប្រើប្រាស់ផលិតផលថែរក្សាស្បែកពីខាងក្រៅ។
នេះជាការគិតខុស បើទោះបីជាអ្នកបានជ្រើសរើសនូវផលិតផលល្អខ្លាំងកម្រិតណាក្នុងការការពារស្បែករបស់អ្នកពីខាងក្រៅក៏ដោយ ហើយអ្នកមិនបានកំណត់ និងទទួលទានអាហារឱ្យបានត្រឹមត្រូវ ក៏ដូចជាបញ្ចូលសារធាតុចិញ្ចឹមតាមរបបអាហារសុខភាពទាំងនោះ… ស្បែកមុខអ្នកនឹងទទួលរងសភាពចាស់ ជ្រីវជ្រួញ ជាពិសេសមុខចាស់មុនអាយុដោយមិនដឹងខ្លួន។

អាហារផ្ទុកជាតិស្ករខ្ពស់
ជាតិផ្អែម “ស្ករ” ធ្វើឱ្យស្បែកកើតមានបញ្ហាជាច្រើនដូចជា ស្បែកឡើងមុន ស្នាមជ្រីវជ្រួញ សភាពស្បែកស្ងួត ព្រមទាំងពន្លឿនដំណើរការនៃភាពចាស់ ដែលវាត្រូវបានគេចាត់ទុកជាសត្រូវរបស់ស្បែករហូតមក។ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិ Fructose អាចបណ្តាលឱ្យស្បែកមុខមានសភាពចាស់មុនអាយុ។ លើសពីនេះ Fructose ក៏ផ្តល់ការរំខានដល់ដំណើរការបង្កើត Collagen និង Elastin ដែលជាសារធាតុចិញ្ចឹមថែរក្សាស្បែកឱ្យមានសុខភាពល្អ។
អាហារប្រៃ
ការទទួលទាន អាហារដែលមានផ្ទុកជាតិប្រៃខ្លាំងពេក អាចបណ្តាលឱ្យរាងកាយខ្សោះជាតិទឹក ដែលបណ្តាលឱ្យហើមសាច់ ស្បែកយារធ្លាក់ និងធ្វើឱ្យសភាពស្បែកចាស់ខ្លាំង។ អាហារផ្ទុកជាតិប្រៃខ្លាំង ច្រើនតែជាអាហារកំប៉ុងព្រោះវាត្រូវបានរក្សាដោយសូដ្យូម ដូច្នេះសូមកាត់បន្ថយការទទួលទានអាហារកែច្នៃកំប៉ុងឱ្យបានច្រើន។
សុរា
ទទួលទានគ្រឿងស្រវឹងច្រើន មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពសរីរាង្គកាយនោះទេ ថែមទាំងធ្វឱ្យប៉ះពាល់ដល់សុខភាពសម្រស់ និងស្បែករបស់អ្នកផងដែរ វាធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ និងស្បែកស្ខោះជាតិទឹកខ្លាំង។ ជាតិអាល់កុលនៅក្នុងសុរា គឺជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ នោះអ្នកផឹកកាន់តែច្រើន អ្នកនឹងខ្សោះជាតិទឹកកាន់តែច្រើន ដែលជាហេតុស្បែករបស់អ្នកស្ងួត និងធ្វើឱ្យលេចឡើងស្នាមជ្រីវជ្រួញខ្លាំង។
អាហារអាំង ឬបំពង
សម្រាប់ប្រភេទសាច់ ដូចជាសាច់គោ សាច់មាន់ សាច់ជ្រូកដែលយកទៅចម្អិនតាមរបៀបអាំង ឬបំពង… ប្រព័ន្ធរំលាយអាហាររបស់មនុស្សយើងត្រូវការចំណាយពេលរហូតដល់ 72 ម៉ោងដើម្បីដំណើរការកិនសាច់ទាងអស់នោះ។ កាលណាប្រព័ន្ធរំលាយអាហារចំណាយពេលយូរក្នុងការកិនអាហារ វាអាចបណ្តាលឱ្យច្រាលជាតិពុលពាសពេញរាងកាយ ដែលជាហេតុធ្វើឱ្យស្បែកមុខឡើងមុន និងអាឡាក់ហ្ស៊ីជាដើម។ ម្យ៉ាងអាហារទាំងនោះ មានផ្ទុក EGEs ដែលរួមបញ្ចូលនូវសមាសធាតុកម្រិតខ្ពស់ បានបង្កើនល្បឿននៃភាពចាស់នៃស្បែកមុខក្នុងរយៈពេលដ៏ខ្លី។