វីតាមីន E ពិតជាមានសារសំខាន់ណាស់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ និងសុខភាពសរសៃឈាម ព្រមទាំងធ្វើឱ្យស្បែកមុខ និងស្បែកខ្លួនរបស់អ្នកមានសុខភាពល្អ។
វីតាមីនE គឺជាវីតាមីនដែលរលាយក្នុងខ្លាញ់ និងជាប្រភេទវីតាមីនដ៏សំខាន់មួយដែលសរីរាង្គកាយត្រូវការបំផុតសម្រាប់ដំណើរការនៅក្នុងរាងកាយ។ ម្យ៉ាងវាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយផងដែរ។
វីតាមីន E ត្រូវបានរកឃើញនៅក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និង ប្រេងស្រូវសាឡីព្រមទាំងមានជាអាហារបំប៉នផងដែរ។
ប៉ុន្តែអាហារទាំងប៉ុន្មានខាងក្រោមនេះ គឺជាប្រភពដ៏សំខាន់នៃវីតាមីន E ដែលអ្នកអាចទទួលទានបានជារៀងរាល់ដ្ងៃក្នុងបរិមាណសមស្រប ៖
- គ្រាប់អាល់ម៉ុន ៖ មិនត្រឹមតែផ្ទុកនូវវីតាមីន E ច្រើននោះទេ ក្នុងនោះក៏មាន ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសរសៃ។ គ្រាប់អាល់ម៉ុន 100 ក្រាមផ្តល់វីតាមីន E ចំនួន 25,63 មិល្លីក្រាម។
- ផ្លែប័រ ៖ គឺជាប្រភេទផ្លែឈើសុខភាពដែលមានកម្រិតជាតិស្ករទាប និងមានសារធាតុចិញ្ចឹមច្រើន។ ផ្លែប័រទម្ងន់ 100ក្រាម មានវីតាមីន E ចំនួន 2,07 មិល្លីក្រាម។
- សណ្ដែកដី ៖ ប្រសិនបើចង់ទទួលទានសណ្តែកដីប្រកបដោយសុខភាព អ្នកគួរតែទទួលទានដោយទទេ មិនបន្ថែមរសជាតិខាងក្រៅ (ប្រៃ ឬ ផ្អែម)។ សណ្តែកដី 100 ក្រាមមានវីតាមីន E ចំនួន 4.93 មិល្លីក្រាម។
- គ្រាប់ផ្កាឈូករ័ត្ន ៖ សម្បូរដោយវីតាមីន ជាតិសរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី។ គ្រាប់ផ្កាឈូករ័ត្ន 100 ក្រាមមានវីតាមីន E ចំនួន 35,17 មិល្លីក្រាម។
- គ្រឿងសមុទ្រ “បង្គា” ៖ វាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែផ្សេងទៀតដែររួមមានវីតាមីន D វីតាមីន B12 វីតាមីន B3 ជាតិស្ពាន់ និង Selenium។ បង្គាទម្ងន់ 100 ក្រាមផ្តល់វីតាមីន E ចំនួន 2,2 មិល្លីក្រាម។