ចាប់ផ្តើមដំណើរកម្សាន្តនៃវិសម្សកាលរបស់អ្នក តាមរយៈការធ្វើទស្សនកិច្ចទៅកាន់តំបន់ដ៏ស្រស់ស្អាតទាំង 5 នៃប្រទេសចិន ជាតំបន់ទេសចរណ៍ដែលមានការច្របាច់បញ្ចូលគ្នារវាងអច្ឆរិយៈបុរាណ ជួបជាមួយភាពអស្ចារ្យនៃសម័យទំនើប។
ប្រទេសចិន បានរក្សាទុកនូវទម្រង់ដើមនៃវប្បធម៌ និងអរិយធម៌បុរាណកាលរបស់ខ្លួនបានល្អបំផុត បើទោះបីមានការអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច ក៏នៅមានតំបន់ខ្លះហាក់ដូចកំពុងអន្ទងអារម្មណ៍របស់ភ្ញៀវទេសចរត្រឡប់ទៅកាន់សម័យអតីតកាលរបស់ខ្លួន ។ វាប្រៀបបានដូចជា រឿងនិទានមួយបង្ហាញអំពីប្រវត្តិសាស្រ្តពិតដ៏អស្ចារ្យរបស់ខ្លួន ឬសែរាជវង្សបុរាណកំពុងខ្សឹបប្រាប់អាថ៌កំបាំងអ្វីម្យ៉ាង។
Guilin & Yangshuo
ទេសភាពដ៏អស្ចារ្យរបស់ប្រទេសចិននៅតំបន់ Guilin និង Yangshuo គឺពិតជាមិនអាចមើលរំលងបាន។ ភ្ញៀវទេសចរអាចជិះទូកចុះតាមដងទន្លេ Li ដែលជាកន្លែងកំពូលភ្នំថ្មកំបោរព័ទ្ធជុំ បង្កើតបាននូវទេសភាពដ៏ស្រស់ត្រកាលឆ្លុះបញ្ចាំងអំពីគំនូរទឹកខ្មៅរបស់ចិន។
បទពិសោធន៍នៃភាពស្ងប់ស្ងាត់នៅក្នុងវាលស្រែចម្រុះដ៏ស្រស់ត្រកាលរបស់ Yangshuo បានធ្វើឱ្យភ្ញៀវទេសចរជាប់ចិត្តជាខ្លាំង។ ម្យ៉ាងនៅតំបន់ Guilin ក៏បង្កប់នូវភាពស្រស់ស្អាតនៃភ្នំ Karst និងរូងភ្នំ Reed Flute ដ៏គួរឱ្យទាក់ទាញ។
The Forbidden City
ការបោះជំហានឆ្លងចូលច្រកទ្វារពណ៌ក្រហមនៃ The Forbidden City នឹងនាំអ្នកទៅកាន់យុគសម័យអតីតកាល ដែលបង្ហាញពីស្ថាបត្យកម្មដ៏ស្មុគស្មាញ វត្ថុបុរាណដ៏មានតម្លៃផ្សេងៗ និងជាពិសេសបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីរាជវង្សបុរាន។
តំបន់នេះហាក់កំពុងបង្វែរអារម្មណ៍ភ្ញៀវទេសចរត្រឡប់ទៅ សម័យកាលរាជវង្ស Ming ដល់រាជវង្ស Qing.. បង្ហាញអំពីភាពអស្ចារ្យ និងសម្បូរបែបនៃវប្បធម៌ចិនបុរាណ លើសពីនេះ នៅពេលអ្នកឆ្លងកាត់សាលធំដូចជា Hall of Supreme Harmony ហើយដើរទៅកាន់ Imperial Garden នឹងមានការរៀបរាប់យ៉ាងលម្អិតអំពីប្រវត្តិអធិរាជរបស់ចិន។ The Forbidden City គឺជាព្រះរាជវាំងលំរបស់អធិរាជ វាលាតសន្ធឹងពីរាជវង្ស Ming ដល់រាជវង្ស Qing ។
Hangzhou
Hangzhou ត្រូវបានគេស្គាល់ថាជា “ទីក្រុងនៃស្ថានសួគ៌” គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលមានបឹងដ៏ស្រស់ស្អាត វត្តអារាម ផ្កាឈូករីកដុះដាលបង្កើតបានជាសម្រស់ស្រាលស្រទន់។
នារដូវផ្ការីក ផ្ទៃបឹងទាំងមូលមានការលាបពណ៌យ៉ាងស្រស់ស្អាត អមជាមួយសំណង់បុរាណ និងផ្លូវដែលមានផ្ការីកដុះដាលប្រៀបដូចជានៅក្នុងគំនូរចិនបុរាណ។
The Great Wall of China
មហាកំផែង “The Great Wall of China” របស់ប្រទេសចិន បានបង្ហាញពីភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដែមមានប្រវែង 21,196 ម៉ែត្រ។ តំបន់នេះបានទទួលស្វាគមន៍អ្នកទស្សនាច្រើនជាង 10 លាននាក់ជារៀងរាល់ឆ្នាំ ក្រោមមូលហេតុវាបានផ្តល់ជូននូវទេសភាពដ៏អស្ចារ្យ និងទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅកាន់អតីតកាលរបស់ប្រទេសចិន។
មិនថាការឡើងជណ្តើរដ៏ចោត ឬការចាប់យកទិដ្ឋភាពបែប Panoramic ទេ មហាកំផែង “The Great Wall of China” គឺជាទីកន្លែងដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន ព្រោះទីនោះបានឆ្លុះបង្ហាញអំពីភាពប៉ិនប្រសប់ផ្នែកស្ថាបត្យកម្ម វាឈរនៅលើភ្នំដ៏ស្រស់ស្អាតមួយនៃប្រទេសចិន។
The Bund, Shanghai
“សៀងហៃ” គឺជាទីក្រុងក្នុងចំណោមទីក្រុងរបស់ប្រទេសចិនដែលមានសម្រស់តាមបែបបុរាណកាល ឆ្លុះបង្ហាញអំពីការរួមបញ្ចូលគ្នារវាងវប្បធម៌អាស៊ីបូព៌ា និងលោកខាងលិច ។
The Bund ជាទីកន្លែងបញ្ចាក់អំពីអតីតកាលនៃទីក្រុងសៀងហៃ ដែលស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ដោយអគារនេះមានរចនាប័ទ្មតាមបែបសំណង់ស្ថាបត្យកម្មបុរាណអឺរ៉ុប ហើយនៅពេលពន្លឺថ្ងៃរសាត់ទៅ The Bund នឹងធ្វើការផ្លាស់ប្តូរទៅជាទស្សនីយភាពដ៏ភ្លឺចែងចាំង បញ្ចាំងទៅទន្លេ Huangpu។