GUCCI ឬ House of GUCCI ជាសាជីវកម្មបង្កើតម៉ូតកាលីបជាន់ខ្ពស់ និងមានភាពល្បីល្បាញទូទាំងពិភពលោករបស់ប្រទេសអ៊ីតាលី ដែលត្រូវបានបង្កើតឡើងដោយលោក Guccio Gucci (1881-1953) មានដើមកំណើតនៅទីក្រុង Florence ប្រទេស អ៊ីតាលី នៅក្នុងឆ្នាំ 1921 ។ Gucci ជាក្រុមហ៊ុនច្នៃម៉ូតដ៏កាលីបរួមមាន កាបូបដៃ សម្លៀកបំពាក់ ស្បែកជើង នាឡិកា ទឹកអប់ គ្រឿងអលង្ការ គ្រឿងសម្អាង និងប្រភេទគ្រឿងលម្អប្រាណបន្ថែម (Accessories)។
Gucci ក៏ដូចជាក្រុមហ៊ុនច្នៃម៉ូតដទៃទៀតដែរ គឺមានការចាប់ផ្តើមឡើងដំបូងពីការបើកហាងលក់ផលិតផលធ្វើមកពីស្បែកជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
ស្ថាបនិកនៃក្រុមហ៊ុន Gucci លោក Guccio Gucci គឺជាកូនប្រុសរបស់ពាណិជ្ជករអ៊ីតាលីម្នាក់ ដែលមានប្រវត្តិមកពីតំបន់ឧស្សាហកម្មស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីតាលី។ លោកបានធ្វើការចាកចេញពីទីក្រុង Florence ទៅទីក្រុងប៉ារីស និងបានតាំងទីលំនៅនៅក្នុងទីក្រុងឡុងដ៍ក្នុងឆ្នាំ 1897។ នៅឆ្នាំ 1921 Guccio Gucci បានបង្កើតហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់ដំបូងនៅ Via della Vigna Nuova ក្នុងទីក្រុង Florence។ មិនយូរប៉ុន្មាន លោកក៏បានសាងកេរ្តិ៍ឈ្មោះនៃគុណភាពផលិតផលរបស់គាត់ ដោយការជួលសិប្បករល្អៗក្នុងស្រុកដើម្បីនាំចូលទំនិញស្បែកសុទ្ធ និងធ្វើការក្នុងហាងរបស់គាត់។
នៅក្នុងឆ្នាំ 1938 បានធ្វើការពង្រីកសាជីវកម្មកាន់តែធំឡើង ហើយបានបើកហាងលក់សម្លៀកបំពាក់មួយទៀតនៅទីក្រុងរ៉ូម (Rome) នៃប្រទេសអ៊ីតាលី។ លោក Gucci គឺជាអ្នកទទួលខុសត្រូវក្នុងការឆ្នៃម៉ូតផលិតផលក្នុងហាងជាំច្រើនដែលបង្កឱ្យហាងរបស់ទទួលបានភាពល្បីល្បាញបំផុត។ នៅឆ្នាំ 1950 Gucci បានបង្កើតនូវម៉ាកខ្សែត្បាញឆ្នូត ដែលធ្វើឡើងមកពីខ្សែក្រវ៉ាត់សំរាប់រឹតសេះ (Saddle Girth) និង Suede Moccasin បានធ្វើឡើងពីសារធាតុលោហធាតុ។
លោក Gucci និងភរិយារបស់គាត់ឈ្មោះ លោកស្រី Aida Calvelli បានបង្កើតគ្រួសារដ៏ធំមួយ ដែលមានសមាជិកកូនទាំងអស់ចំនួន 6 នាក់ ប៉ុន្តែមានតែកូនប្រុសចំនួនបួនរូបប៉ុណ្ណោះ (Vasco, Aldo, Ugo, Rodolfo) ចូលរួមនៅក្នុងអាជីវកម្មគ្រួសារ និងដឹកនាំក្រុមហ៊ុនបន្ត។ បន្ទាប់ពីមរណភាពរបស់លោក Gucci នៅឆ្នាំ 1953 កូនប្រុសរបស់គាត់ឈ្មោះ Aldo បានបន្តដឹកនាំក្រុមហ៊ុនឆ្ពោះទៅកាន់ភាពជោគជ័យ និងមានភាពល្បីល្បាញ់កាន់តែខ្លាំងឡើងជាលក្ខណៈអន្តរជាតិ ព្រមទាំងបង្កើតសាជីវកម្មហាងសម្លៀកបំពាក់ដំបូង នៅទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងទីក្រុងញូវយ៉ក។ នៅឆ្នាំ 1979 លោក Aldo បានបង្កើត Gucci Accessory Collection ឬហៅកាត់ថា GAC ក្នុងគោលបំណងបង្កើនការលក់ផលិតផលសម្អាងទឹកអប់ ម៉ាក Gucci ដែលគ្រប់គ្រងផ្ទាល់ដោយកូនប្រុសរបស់គាត់។ GAC មានផលិតផលបន្ទាប់បន្សំជាច្រើនមុខបន្តទៀតដូចជា កាបូបដាក់គ្រឿងសម្អាង ស្រោមដៃ ខ្សែក្រវាត់ កាបូបកូនសោរ ដែកកេះ និងប៊ិចសរសេរ ដែលមានតម្លៃទាបជាងផលិតផលផ្សេងៗនៅក្នុងហាង។
ការរួបរួមរបស់ Gucci
ការផ្លាស់ប្តូរនៃស្ថានភាពដ៏អស្ចារ្យរបស់ Gucci នាចុងសតវត្សរ៍ឆ្នាំ 1980 បានធ្វើឱ្យ Gucci ក្លាយជាក្រុមហ៊ុនច្នៃម៉ូតដ៏មានឥទ្ធិពលបំផុត ហើយរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ Gucci ត្រូវបានចាត់ទុកជា Fashion សិនមួយ ក្នុងចំណោមម៉ាកផលិតផលពេញនិយមជាច្រើន។ ក្រុមហ៊ុន Gucci ត្រូវបានសហព័ន្ធ Gucci Press Federation ដាក់ឈ្មោះថា ជាក្រុមហ៊ុនអឺរ៉ុបប្រចាំឆ្នាំ 1998 ដោយយោងទៅតាមលក្ខណៈនៃការគ្រប់គ្រងអាជីវកម្ម។
ការរៀបចំថ្មី
នៅទសវត្សរ៍ឆ្នាំ 1970 Dawn Mello បានចូលរួមបង្កើតក្រុមហ៊ុន Gucci ថ្មីមួយទៀតក្នុងនាមជាប្រធានផ្នែកបង្កើតម៉ូត (Creative Director)។ អ្នកដឹកនាំនៅឯសហរដ្ឋអាមេរិកនោះ គឺ Domenic De Sole ដែលធ្លាប់មានងារជាអតីតមេធាវី ហើយលោកគឺជាអ្នកជួយមើលការខុសត្រូវ និងគ្រប់គ្រង Maurizio នៅក្នុងក្រុមហ៊ុន ព្រមទាំងបានទិញយកចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនកាន់កាប់ផ្តាច់មុខនៅប្រទេស Bahrain ក្នុងចន្លោះឆ្នាំ 1987-1989។
អ្នកច្នៃម៉ូតដែលទទួលបានការចាប់អារម្មណ៍ខ្លាំង មានឈ្មោះថា Tom Ford ត្រូវបានគេហៅថា “អ្នកច្នៃម៉ូតកំពូល” ព្រោះលទ្ធផលនៃស្នាដៃរបស់លោក គឺទាន់សម័យ ទំនើប និងជាទីគាប់ចិត្តនៃអតិថិជន។ ការច្នៃម៉ូតនេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនវណ្ណៈអភិជន ទាន់សម័យ ហើយចូលចិត្តធ្វើដំណើរកំសាន្តជុំវិញពិភពលោក ដែលនេះ ជាកត្តាមួយបានបង្កើតឱ្យម៉ាកនេះ គឺជាម៉ាកដែលមានគុណភាព និងមានការទទួលស្គាល់នៅក្នុងឆ្នាំ 1970 ជាមួយនឹងអាវសឺមីសូត្រគ្មានឡេវ និងសំពត់សាច់កាំម៉ាញីរឹមត្រគាក។
ក្នុងអំឡុងឆ្នាំ 1995 Ready-to-wear របស់លោក Ford ត្រូវបានទទួលការកោតសរសើរពីសំណាក់អតិថិជនដែលធ្វើឱ្យ Gucci ឆ្ពោះត្រឡប់ទៅរកឧស្សាហកម្មកំពូលដាច់គេ។ ក្រោយមកទៀត ក្រុមហ៊ុន Gucci បានបង្កើតម៉ូតថ្មីៗ ពេញនិយម និងទាន់សម័យយ៉ាងខ្លាំងទៅតាមរដូវកាល ហើយក៏បានក្លាយខ្លួនទៅជាម៉ាក Fashion ដែលមានមានការទទួលស្គាល់នៅជុំវិញពិភពលោករហូតមកដល់បច្ចុប្បន្ននេះ៕