ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងអំពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីក ក្នុងប្រទេសកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីកក្នុងប្រទេសនៅមានកម្រិតនៅឡើយ។
ការកើនឡើងនៃចំនួនអ្នកកើតជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា មានប្រមាណ ២០,០០០ ម៉ឺនករណី ជារៀងរាល់ឆ្នាំ ខណៈការស្លាប់ពីជំងឺនេះមានប្រមាណ ១៤,០០០ ពាន់នាក់ក្នុងមួយឆ្នាំៗ។
ចំពោះអត្រាមរណភាពដោយសារជំងឺមហារីកទៀតសោតបានបង្ហាញយ៉ាងច្បាស់ថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីករៀងរាល់ ៤០នាទីម្ដងនៅកម្ពុជា ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ទៅក្នុងទុក្ខលំបាក បន្សល់ទុកនូវកូនកំព្រា បុរសពោះម៉ាយ ស្ត្រីមេម៉ាយទុរគត។
សោកនាដកម្មនៃជំងឺមហារីកក៏កើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំៗមានកុមារប្រមាណ ៦០០នាក់បានកើតជំងឺមហារីក។ នៅលើពិភពលោក ៨០ភាគរយនៃជំងឺមហារីកលើកុមារអាចព្យាបាលបានជាសះស្បើយ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា ការព្យាបាលជាសះស្បើយ មានក្រោម ២០% តែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមថា “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” លើកទី១ ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ ជាឯកសារដ៏សំខាន់ ជាលទ្ធផលនៃការងាររយៈពេលវែងដែលបានប្រមូលផ្តុំ អ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺមហារីក ក្រសួងសុខាភិបាលបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រទាំង ៦ រួមមាន ៖
• លើកកម្ពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានា ដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ
• ពិនិត្យឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា
• ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យសម្រាប់ការព្យាបាល
• ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាព្យាបាល និងថែទាំសមស្រប និងប្រកបដោយគុណភាព
• ពង្រឹងប្រព័ន្ធព័ត៌មាន ប្រព័ន្ធតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក
• ពង្រឹងអភិបាលកិច្ច ការសម្របសម្រួលហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្នក្នុងការ ប្រយុទ្ធនឹងជំងឺមហារីក