ការទទួលទានផ្លែឈើធម្មជាតិមិនត្រឹមតែល្អចំពោះសុខភាពរាងកាយទេ លើសពីនេះបើស្វែងយល់អំពីប្រភេទផ្លែឈើ និងជ្រើសរើសការទទួលទានផ្លែឈើបានត្រឹមត្រូវ អ្នកនឹងទទួលបានទាំងអត្ថប្រយោជន៍ជួយរក្សារាងកាយឲ្យស្រស់ស្អាត ព្រមទាំងស្បែកមានសុខភាពល្អ ភ្លឺថ្លាចេញពីខាងក្នុង។
ទទួលទានផ្លែឈើទាំង 4 ប្រភេទខាងក្រោម មិនត្រឹមតែជួយឲ្យស្បែកភ្លឺថ្លាទេ ថែមទាំងជួយរក្សារាង ៖
ផ្លែក្រូចថ្លុង
បើនិយាយពីផ្លែឈើដែលធ្វើឲ្យស្បែកស្អាត និងសម្រកទម្ងន់ គេតែងនឹកឃើញដល់ផ្លែក្រូចថ្លុង។ អ្នកជំនាញផ្នែកសុខភាពបានណែនាំថា ការទទួលទានផ្លែក្រូចថ្លុងមួយចំណិតមុនពេលទទួលទានអាហារផ្សេងៗអាចជួយឱ្យសម្រកទម្ងន់បាន ដោយក្រូចថ្លុងសម្បូរទៅដោយជាតិសរសៃ ជាតិទឹក វីតាមីន C អាស៊ីតហ្វូលិក វីតាមីន A និងប៉ូតាស្យូម។
ដោយសារតែ ក្រូចថ្លុងមានផ្ទុកជាតិទឹកច្រើនបែបនេះ វាក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតលឿន និងកាត់បន្ថយចំណង់អាហារផងដែរ ម្យ៉ាងវាក៏មានជាតិអង់ស៊ីមអាចដុតបំផ្លាញជាតិខ្លាញ់ ជាពិសេសក្រូចថ្លុងបានជួយបង្កើនកូឡាជែនក្នុងស្បែកធ្វើឱ្យស្បែកភ្លឺរលោង។
ផ្លែទំពាំងបាយជូបៃតង
ផ្លែទំពាំងបាយជូរពណ៌បៃតងល្អក្នុងការដុតបំផ្លាញជាតិខ្លាញ់។ ជាមួយគ្នានេះដែរ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទំពាំងបាយជូរពណ៌បៃតងជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ និងជួយកាត់បន្ថយស្នាមអុចខ្មៅ រួមទាំងស្នាមជ្រីវជ្រួញផងដែរ។ វាផ្ទុកនូវវីតាមីន C និង E ធ្វើអោយស្បែកភ្លឺថ្លា និងបណ្តុះកោសិកាស្បែកថ្មីៗ។
ផ្លែប៉ែស
ផ្លែប៉ែសមានកាឡូរីទាបបំផុតដោយទទួលទានបរិមាណ 100 ក្រាម គឺស្មើនឹង 38 កាឡូរីតែប៉ុណ្ណោះ ប៉ុន្តែវាក៏ជាប្រភពសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែច្រើនផងដែរ។ ផ្លែប៉ែសទុំមានផ្ទុកអាស៊ីតសរីរាង្គ ជាតិសរសៃជួយជម្រុញការរំលាយអាហារ ដើម្បីប្រព័ន្ធរំលាយអាហារប្រព្រឹត្តទៅបានរលូន។ ផ្លែប៉េសក៏សម្បូរទៅដោយវីតាមីន A ជួយការពារពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យលើស្បែក ព្រមទាំងភ្នែករបស់អ្នកដូចគ្នា។
ផ្លែប៉ោម
ផ្លែប៉ោមក៏ត្រូវបានគេស្គាល់ថាជាផ្លែឈើសម្រាប់សម្រកទម្ងន់ និងជំនួយសម្រស់ដោយវាបានជួយស្បែកឱ្យមានតុល្យភាព និងភ្លឺស្រស់ស្អាត។
ផ្លែប៉ោម ល្អសម្រាប់ធ្វើជាអាហារសម្រន់ ឬបង្អែមលាងមាត់… ជាតិសរសៃនៅក្នុងផ្លែប៉ោមបានរលាយនៅក្នុងទឹកអាស៊ីតនៃក្រពះ ដែលចូលរួមបង្កើនអារម្មណ៍ឆ្អែតបានយូរកាត់បន្ថយចំណង់ឃ្លាន។ ជាមួយគ្នានេះដែរ ផ្លែប៉ោមក៏ជួយស្បែកស្រស់ស្អាត អារម្មណ៍ល្អ និងប្រឆាំងភាពចាស់ល្អបំផុតសម្រាប់មនុស្សស្រី។