ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា កម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
នៅក្នុងពិធីពិពណ៌ដោយមានកាអញ្ជើញជាអធិបតី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពេលវេលាម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង០៨:០០នាទីយប់ ។
បេសកកម្មចម្បងរបស់CTE គឺជំរុញ សកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំ ចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ បែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញ ផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ការផ្លាស់ប្តូរ ឈ្មោះពិព័រណ៍CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្មនឹងផ្សារ ភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាពរស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំង បង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាពដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។
ក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍CTEនៅឆ្នាំនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួមក្នុង ព្រឹត្តិការណ៍ជាច្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករជាច្រើនដែល មកពីជុំវិញពិភពលោក។ ចំណែកឯ ព្រឹត្តិការណ៍អម និងសកម្មភាពនានាក្រោមការរៀបចំរបស់នាយកដ្ឋានកិច្ចការពិព័រណ៍ និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤ នឹងដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផល សម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។ ទន្ទឹម នេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជំរុញដល់ការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជា។
CTE ក៏ស្វែងរកឱកាសក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកចូលរួមពីអន្តរជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជាបន្ថែមទៀត។ តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជា ជូន ដល់អ្នកទស្សនាជាតិនិងអន្តរជាតិ CTEនឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។ ក្រៅពីការដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូល CTE ក៏នឹងរៀបចំ ព្រឹត្តិការណ៍អមនានាបន្ថែមទៀត រួមមាន៖
ការតាំងបង្ហាញផលិតផល និងលក់ទំនិញវេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រី។
ក្រសួងពាណិជ្ជកម្មជឿជាក់ថា CTEនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អៗសម្រាប់អ្នកចូលរួមពិព័រណ៍ ដោយមិនត្រឹម តែតាមរយៈការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានឱកាសក្នុងការ ផ្លាស់ប្តូរ និងបទពិសោធន៍ពីព្រឹត្តិការណ៍អមពិព័រណ៍នានាបន្ថែមជាច្រើនទៀត។ តាមរយៈការរៀបចំការតាំងបង្ហាញ ផលិតផល និងសេវាកម្មចម្រុះ វេទិកាកម្រិតខ្ពស់ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប កម្ពុជាបានសរបញ្ជាក់ជាថ្មីពីគោលបំណងក្នុងការពង្រីកសមត្ថភាព និងបានបង្ហាញពីសក្តានុពលនៃផលិតកម្ម ក៏ដូចជាចែករំលែកនូវមរតកវប្បធម៌ដ៏ សម្បូរបែប និងដំណើរអភិវឌ្ឍន៍របស់យើង ជាមួយអ្នកចូលរួមទាំងក្នុងនិងក្រៅប្រទេសមូលបទនៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»៕