ខេត្តសៀមរាប នឹងប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧-២៩ ខែ ធ្នូ ឆ្នាំ២០២៤ ខាងមុខ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។
ក្នុងព្រឹត្តិការណ៍នេះ នឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖
១- កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប។
២- កម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាប៕
៣- កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណ និងសម័យ នាពេលរាត្រី។
គួររម្លឹកដែរថា ប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ ដែលត្រូវបានប្រើសម្រាប់បង្ហោះលេងកម្សាន្ត និងជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ។ ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឺតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺ សិសិរដូវ។
កុំភ្លេចទៅមើលការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី តុក្កតាយក្ស និងមើលការសម្តែងសិល្បៈ ល្ខោនបាសាក់ រួមទាំងការតាំងពិព័រណ៌នាពេលរាត្រីទាំងអស់គ្នាណា!