អ្នកដែលស្នេហាវិស័យទស្សនាកុន ឬភាពយន្ត ប្រាកដជាបានស្គាល់ផលិតករដឹកនាំរឿងដ៏ល្បីឈ្មោះ លោក Wong Kar-wai … ជាពិសេសអ្នកនិយមទស្សនាភាពយន្តហុងកុងនៅទសវត្សឆ្នាំ 90។ ថ្វីបើភាពយន្តរបស់លោក Wong Kar-wai មានភាពល្បីល្បាញកាលពីជំនាន់នោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះក៏នៅមានអ្នកទស្សនារឿងរបស់លោកដដែលក៏ព្រោះតែយុទ្ធសាស្រ្តនៃសាច់រឿងមិនធម្មតារបស់គាត់ក្នុងការផលិតភាពយន្ត។
នៅពេលដែល Wong Kar-wai បង្ហាញខ្លួននៅលើឆាកផលិតភាពយន្ត លោកត្រូវបានគេសំដៅទៅលើខ្សែភាពយន្តបង្កប់សិល្បៈក្បាច់គុនបែបបញ្ចេញសកម្មភាពយ៉ាងស្វិតស្វាញ ឬខ្សែភាពយន្តបែបក្មេងទំនើង រួមទាំងមនោសញ្ចេតនាស្នេហា។
ខ្សែភាពយន្តទាំង 5 ខាងក្រោមរបស់ផលិតករ Wong Kar-wai ដែលអ្នកមិនគួររំលងការទស្សនា ៖
- As Tears Go By (1988)
នេះគឺជាខ្សែភាពយន្តដំបូងបំផុតរបស់ Wong Kar-wai ប៉ុន្តែដំណើរសាច់រឿងពិតជាមិនបានធ្វើឱ្យអ្នកទស្សនាខកចិត្តទេ។ ខ្សែភាពយន្តបែបក្មេងទំនើង ដែល Andy Lau ដើរតួជាបងធំ និង Jacky Cheung ដើរតួអង្គប្អូនដែលមិនមានទំនួលខុសត្រូវ ដោយពួកគេគឺមានបញ្ហាជាមួយនឹងការប្រមូលសងប្រាក់បំណុលនៅក្នុងតំបន់ Mong Kok ទីក្រុងហុងកុង។ ភាពព្រងើយកន្តើយរបស់ Jacky បាននាំមកនូវបញ្ហាហិង្សាជាច្រើនដល់ Andy ត្រូវដោះស្រាយ។ Maggie Cheung ដើរតួជាបងប្អូនជីដូនមួយ នៅទីបំផុតក៏បានធ្លាក់ក្នុងអន្លងស្នេហ៍របស់ Andy។ វាជាខ្សែបែបឧក្រិដ្ឋកិច្ចកម្ម លាយលំជាមួយមនោសញ្ចេតនាស្នេហា។
- In the Mood for Love (2000)
វាជាខ្សែភាពយន្តបែបមនោសញ្ចេតនាស្នេហាត្រឡប់ទៅក្នុងឆ្នាំ 1962 ដែល Tony Leung និង Maggie Cheung សម្តែងជាតួឯក។ តួអង្គទាំងពីរមានប្តីប្រពន្ធរៀងៗខ្លួន ក៏ប៉ុន្តែពួកគេទទួលរងការផិតក្បត់ ក្រោយមក Tony និង Maggie មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមកបន្តិចម្តងៗ។ នៅក្នុងខ្សែភាពយន្តនេះ ក៏មានវគ្គដែលគូស្នេហ៍ Tony និង Maggie បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីទស្សនាប្រាសាទអង្គរវត្ត។
- Days of Being Wild (1990)
រឿងនេះបានឆ្លុះបញ្ចាំងអំពីការព្យាយាមស្វែងរកនរណាជាម្តាយបង្កើតរបស់តួអង្គឯក Leslie Cheung បន្ទាប់ពីម្តាយចិញ្ចឹមរបស់គាត់ប្រាប់អំពីការពិត… ស្ថិតនៅក្នុងកំឡុងឆ្នាំ 1960។ តួអង្គឯក Leslie Cheung នៅក្នុងខ្សែភាពយន្តនេះគឹ ជាបុរសមានចរិតខិលខូចចំពោះស្នេហា និងធ្វើបាបផ្លូវចិត្តតួអង្គស្រីចំនួន 2 នាក់គឺ Maggie Cheung និង Carina Lau។ Leslie បានសម្រេចចិត្តចាកចេញពីប្រទេសហ្វីលីពីន ដើម្បីស្វែងរកម្តាយបង្កើត ហើយចុងបញ្ចប់ក៏ត្រូវបានគេបាញ់សម្លាប់។
- Happy Together (1997)
ខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាជាខ្សែភាពយន្ត “LGBT” ដ៏ល្អបំផុត វាបាននិយាយអំពីមនោសញ្ចេតនាស្នេហាដ៏ច្របូកច្របល់បំផុតរវាងបុរសស្រឡាញ់ភេទដូចគ្នាមួយគូ គឺ Ho Po-Wing សម្តែងដោយ Leslie Cheung និង Lai Yu-Fai សម្តែងដោយ Tony Leung។ គូស្នេហ៍មួយគូនេះមកពីទីក្រុងហុងកុងដែលពួកគេមានទំនាក់ទំនងដ៏ច្របូកច្របល់ ហើយបានបែកគ្នា និងត្រូវគ្នាវិញជាច្រើនដង។ ពួកគេធ្វើដំណើរទៅលេង ប្រទេសអាហ្សង់ទីនជាមួយគ្នា ក៏ប៉ុន្តែត្រូវបានបំបែកគ្នាខណៈពេលធ្វើដំណើរទៅលេង ទឹកធ្លាក់ Iguazu ។
- Chungking Express (1994)
វាគឺជាខ្សែភាពយន្តមនោសញ្ចេតនា រួមបញ្ចូលរសនិយមកំប្លែង បែងចែកជារឿងពីរផ្សេងគ្នាដោយពណ៌នាតាមលំដាប់លំដោយ។ វគ្គទី១ ត្រូវបានសម្តែងដោយ Takeshi Kaneshiro គឺជាតួប៉ូលីសម្នាក់បានឈ្លក់វង្វេង ខូចចិត្តយ៉ាងខ្លាំងនឹងការបែកបាក់ស្នេហាជាមួយនារីម្នាក់ឈ្មោះ May និងការជួបរវាងអ្នករត់ពន្ធគ្រឿងញៀនដ៏អាថ៌កំបាំងម្នាក់។ វគ្គទី ២ Tony Leung ដើរតួអង្គមានតួនាទីជាប៉ូលីសងើបចេញពីភាពសោកសៅរបស់គាត់ចំពោះការបាត់បង់មិត្តស្រីដែលជានារីអូទេសបម្រើការលើយន្តហោះ ក្រោយមកបានចាប់អារម្មណ៍បុគ្គលិកហាងអាហារម្នាក់ (សម្តែងដោយ Faye Wong) ។