នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថានបានអោយដឹងថា នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី០៣ មករា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ៣៧៧៥៣៤៤អង្គ/នាក់។
ក្រសួងបរិស្ថានបរិស្ថានបានបញ្ជាក់ទៀតថាក្នុងនោះ គឺដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ដែលមានចំនួនសរុបចំនួន ១៤៣៨១៩នាក់ សិស្សានុសិស្សសរុបចំនួន ៣៣៥៩៧១៧នាក់ កម្មករកម្មការនី សរុបចំនួន ២២១៦២០នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៧៥៧៣អង្គ/នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១២៧៣៥លើក ក្នុងសាលារៀនសរុបចំនួន ៨២២២ សាលា រោងចក្រចំនួន ៣២៥ វត្តអារាម ៤៥ និងសហគមន៍ទីប្រជុំជនចំនួន ៩៦កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានអនុវត្តក្នុងខេត្តចំនួន ១៤ គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ថា៖តាមរយៈ គោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ជាការងារអាទិភាព មួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថានការពង្រឹងការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកប ដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង៕ ដោយ កែន មី