បេសកកម្មផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅទីក្រុងកានរបស់ មាន សូនីតា ទទួលផ្លែផ្កាល្អដោយមានសារព័ត៌មានធំៗនៅអឺរ៉ុបចុះផ្សាយព្រោងព្រាត។
ម្សិលមិញនេះ មាន សូនីតា បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានលើកទី ៧៧ ជាមួយសំលៀកបំពាក់រ៉ូបដ៏វែងមួយឈុតច្នៃចេញពីក្រមាខ្មែរ នៅក្រោមកាណុងកាមេរ៉ាអ្នកក្រុមអ្នកថតរូបអាជីពកម្រិតពិភពលោកជាច្រើន។
ប្រិយមិត្តលើបណ្ដាញសង្គម បានកើតមានមោទកភាពចំពោះកិច្ចខិតខំរបស់នាង ស្របពេលពិភពលោកក៏កំពុងសម្លឹងមើលនាងដែរ។ តាមសាមីខ្លួនរបស់តារាស្រី បានអោយដឹងថា បេសកកម្មរបស់នាង ត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗនៅអឺរ៉ុប មាន Dailymailរបស់ចក្រភពអង់គ្លេស និង Nicematin របស់បារាំង។
ទាំងនេះ បានធ្វើអោយរាជនីក្រមា មានការភ្ញាក់ផ្អើល និងមិននឹកស្មានថា សារព័ត៌មានធំៗទាំងនោះស្គាល់នាងឡើយ។ សូនីតា ថ្លែងថា “OMG សំខាន់ពត៌មានចុះគ្រប់ទំព័រហើយដឹងចុះច្បាស់ៗសាហាវ”។
រូបភាព៖ gettyimages
សារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេស បានចុះផ្សាយរូបថតរបស់ មាន សូនីតា នៅក្នុងអត្ថបទមួយដែលនិយាយពីគូស្វាមីវ័យចំណាស់មួយគូរបស់អង់គ្លេស។ ដោយឡែក nicematin របស់បារាំង បានរាយការណ៍ផ្ទាល់ពី រាជនីក្រមា ដោយចាប់ផ្ដើមជាមួយចំណងជើងអត្ថបទរបស់គេថា “ដឹងស្គាល់ទេថា សិល្បករដែលដើរកម្រាលព្រំក្រហមជាមួយរ៉ូបដ៏វែងជាងជានរណា?
សារព័ត៌មានប្រចាំតំបន់របស់បារាំង បានពិព័រណ៌នាថា អ្នកដែលស្លៀកឈុតវែងជាងគេនេះ គឺ មាន សូនីតា មកពីកម្ពុជា។ “និយាយដោយស្មោះត្រង់ មាន សូនីតា ជាសិល្បការិនីពីកម្ពុជា នាងបានមកដល់លើកម្រាលព្រំក្រហមជាមួយសំលៀកបំពាក់តំណាងអោយប្រទេសរបស់ខ្លួន ហើយវាជាស្នាដៃដ៏គួរអោយកត់សម្គាល់មួយ!”។
តាមដំណឹង បន្ទាប់ពីបានធ្វើអោយមានការចាប់អារម្មណ៍លើឈុតក្រមាខ្មែរ មាន សូនីតា ត្រៀមនឹងបង្ហាញឈុតទី២ទៀតរបស់នាងនៅរសៀលនេះ៕