ការរក្សាសុខសន្តិភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ គឺជារឿងសំខាន់ ជាពិសេស អ្នកមិនគួរ អនុញ្ញាត្តឱ្យអាកប្បកិរិយាអវិជ្ជមានរបស់មនុស្សមួយចំនួនជះឥទ្ធិពលអាក្រក់មកលើអារម្មណ៍របស់អ្នកទេ។
ប្រភេទមនុស្សបែបនេះ គេឱ្យឈ្មោះថា “Toxic Person” … ពួកគេតែងតែបង្កជម្លោះ ឬបញ្ហាជាច្រើននៅក្នុងជីវិតរបស់អ្នក ដែលជះឥទ្ធិពលធ្ងន់ធ្ងរដល់ផ្លូវចិត្ត ឬសូម្បីតែសុខភាពរាងកាយរបស់អ្នកផងដែរ។ ក្រុមមនុស្សអវិជ្ជមានទាំងនោះ អាចបង្កឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ពិបាកចិត្ត កើតមានភាពតានតឹង ធុញថប់ និងតប់ប្រមល់ជាដើម។
ដូច្នេះហើយ អ្នកគួរកំណត់អត្តសញ្ញាណនៃក្រុមមនុស្សអវិជ្ជមាន ឬ Toxic ទាំងនោះឱ្យបានច្បាស់លាស់ និងគេចចេញពីហ្វូងពួកគេជាបន្ទាន់ ដើម្បីកុំឱ្យមានកាបង្កសេចក្តីរំខានសុខុមាលភាពផ្លូវចិត្ត និងបំផ្លាញអារម្មណ៍ល្អៗរបស់អ្នក។
ក្រុមមនុស្ស Toxic ទាំងនោះ រួមមាន ៖
1. ប្រភេទមិត្តក្លែងក្លាយ ឬមិត្តដែលមានចិត្តច្រណែនឈ្នានីស ៖ ពួកគេតែងមានអារម្មណ៍ច្រណែន អន់ចិត្ត និងមិនពេញចិត្តចំពោះភាពជោគជ័យរបស់អ្នក។ បន្ថែមពីនេះ ពួកគេតែងព្យាយាមជាន់ពន្លិច ឬបំផ្លិចបំផ្លាញរាល់ស្នាដៃដែលអ្នកខំកសាងមកជារឿយៗ។
2. មនុស្សអាត្មានិយម (គិតតែពីផលប្រយោជន៍ខ្លួនឯង) ៖ ពួកគេតែងតែទាញយកផលប្រយោជន៍ពីអ្នក ហើយចំពោះរឿងណាដែលមិនបានផ្តល់ប្រយោជន៍ ពួកគេនឹងមិនធ្វើវាឡើយ។ ពួកគេមិនសូវបង្ហាញការយកចិត្តក្នុងជីវិតរបស់អ្នកទេ។
3. ប្រភេទមនុស្សចូលចិត្តត្អូញត្អែរច្រើន ៖ ពួកគេតែងតែត្អូញត្អែរ រអ៊ូរទាំអំពីបញ្ហា ដោយមិនបានរិះរកដំណោះស្រាយឡើយ។
4. ប្រភេទមនុស្សបឺតជញ្ជក់ឈាម ៖ ពួកគេតែងតែទាមទារអ្វីៗគ្រប់យ៉ាង និងស្នើរឱ្យអ្នកធ្វើដើម្បីពួកគេឥតឈប់ឈរ។
5. ប្រភេទមនុស្សបោកប្រាស់ទំនុកចិត្ត ៖ ពួកគេតែងទាញយកប្រយោជន៍ពីចិត្តសប្បុរសបរិសុទ្ធរបស់អ្នកជានិច្ច។
6. ប្រភេទមនុស្សបង្កតែជម្លោះ (The Drama Magnet) ៖ ពួកគេតែងបង្កជម្លោះ ឬភាពវឹកវរ ហើយព្យាយាមទាញអ្នកចូលទៅក្នុងជម្លោះរបស់ពួកគេ។
7. មិនចេះដឹងកំហុស និងដើរតួជាជនរងគ្រោះរហូត ៖ មិនដែលទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានសាង ហើយតែងតែស្តីបន្ទោសអ្នកដទៃ។
8. Narcissist ៖ យល់តែចិត្តឯង តែងតែទទូចរកការកោតសរសើរហួសហេតុ និងប្រើប្រាស់អ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
9. The Enabler ៖ មានថាមពលតែចំពោះរឿងអវិជ្ជមាន ដោយពួកគេមិនដែលនាំរឿងល្អចូលជីវិតអ្នកទេ។
10. The Fairweather Friend ៖ បង្ហាញវត្តមានតែពេលវេលាល្អៗ រួចបាត់ស្រមោលឈឹងរាល់ពេលអ្នកមានទុក្ខ មានបញ្ហា ឬសូម្បីតែពេលអ្នកត្រូវការជំនួយពីពួកគេ។
សូមគេចចេញពីហ្វូងមនុស្សប្រភេទខាងលើនេះ ដើម្បីរក្សាសុខុមាលភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នក ហើយចងចាំថា វាមិនអីទេ! ក្នុងការឃ្លាតឆ្ងាយពីអ្នកដែលជះឥទ្ធិពលអវិជ្ជមានដល់អ្នក។