រថយន្តប្រណីតៗជាច្រើនគ្រឿង នៅរយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃទី៣១ ខែសីហា និងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានមកប្រផ្តុំគ្នានៅខេត្តសៀមរាប ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗត្រៀមមុនព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia។ ក្នុងនោះមាន ការតាំងបង្ហាញសាកល្បងនូវពិព័រណ៍រថយន្តទំនើបៗនៅបរិវេណសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដោយឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនា និងថតរូបលេងដោយសេរី។
កម្មវិធីបើកបរសាកល្បងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទៀ ស្យាម ស្ថាបនិកសមាគមវប្បធម៌រថយន្តកម្ពុជា ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ហើយក៏មានការសម្ដែងទេពកោសលបើកបររថយន្តពីសំណាក់កញ្ញា លីអូណា កំពូលនារីអ្នកប្រណាំងរថយន្តមកពីប្រទេសម៉ាឡេស៊ីផងដែរ។
ការបើកបរសាកល្បងនេះ គឺមានរថយន្តប្រណីតៗប្រមាណ៨០គ្រឿង ដូចជាម៉ូដែល McLaren, Rolls-Royce, Lamborghini, Aston Martin, Bugatti, Mercedes-Benz, Porsch, Jaguar, BMW, Ferroari, Ford, Nissan, Toyota ជាដើម។ ចម្ងាយនៃការបើកបរសាកល្បងនេះមានចម្ងាយប្រមាណ៤០០ម៉ែត្រ។
ក្នុងកម្មវិធី Pre-event នៃព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នេះដែរ ក៏មានការបង្ហាញទេពកោសលបើកបររថយន្តពីសំណាក់កញ្ញា លីអូណា កំពូលនារីអ្នកប្រណាំងរថយន្តមកពីប្រទេសម៉ាឡេស៉ីផងដែរ ដើម្បីនាំយកទស្សនីយភាព និងភាពរីករាយរំភើបជូនដល់អ្នកចូលរួមទាំងឡាយ។
ព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋចូលទស្សនារាប់ពាន់នាក់ ដែលម្នាក់ៗពិតជាសម្ដែងនូវភាពសប្បាយរីករាយ នៅពេលបានឃើញការបង្ហាញសមត្ថភាពបើកបរសាកល្បងដ៏ពិសេសនេះ។
ការនាំយកនូវព្រឹត្តិការណ៍ GUMBALL 3000 មកកម្ពុជា មានគោលបំណងចំនួន៤សំខាន់ៗ គឺ ៖ ១. ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក។ ២. ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ៣. ការបើកឱកាសរវាងវិនិយោគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា។ ៤. ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស «ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត»។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤៖
* នៅថ្ងៃទី១៥ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ
បាវិត ខេត្តស្វាយរៀង និងបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីមហាជនស្វាគមន៍គណៈប្រតិភូ Gumball 3000 ហើយក៏មានការតាំងបង្ហាញរថយន្តនៅតាមបណ្ដោយផ្លូវខាងកើតវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារមុខវត្តបទុមវតី។ ប្រតិភូ Gumball 3000 នឹងសម្រាក១យប់នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ផុតលេខនៅកម្ពុជា។
* នៅថ្ងៃទី១៦ ប្រតិភូ Gumball 3000 ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយមានរថយន្តប្រតិភូ Gumball 3000 ប្រមាណ១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ២៥០គ្រឿង។ ទៅដល់ខេត្តសៀមរាបនាពេលរសៀល ប្រតិភូ Gumball 3000 នឹងជិះរថយន្តគយគន់ទេសភាពវង់តូចនិងវង់ធំ ចូលទៅទស្សនាប្រាសាទអង្គរវត្ត ទស្សនាទេសភាពថ្ងៃលិចនៅប្រាសាទប្រែរូប។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញរថយន្ត Sport Cars, Super Cars & Luxury Cars នៅមុខសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងតាមបណ្ដោយផ្លូវស្របនឹងព្រះអង្គចេកព្រះអង្គចម សរុបប្រមាណ១៥០គ្រឿង។ បន្ទាប់មក ប្រតិភូ Gumball 3000 អញ្ជើញធ្វើដំណើរតាមរថយន្តក្រុងទៅកាន់សណ្ឋាគារ Raffles Grand Hotel d’Angkor។ នារាត្រីថ្ងៃទី១៦នោះដែរ ក៏នឹងមានវេទិកាធុរកិច្ចរវាងប្រតិភូ Gumball 3000 និងវិស័យឯកជនក្នុងស្រុក ព្រមទាំងចូលរួមរាត្រីស្រមោលស ទស្សនាការសម្ដែងនូវរបាំប្រពៃណីខ្មែរ និងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត នៅមុខប្រាសាទបាយ័ន្ត។
* នៅថ្ងៃទី១៧ ប្រតិភូ Gumball 3000 អញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត និងមានការតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក Sport Car, Super Car, Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Records មុខប្រាសាទអង្គរវត្ត។ បន្ទាប់មក គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី បញ្ចប់នៅប្រទេសសិង្ហបុរី៕