កើតជា កូនស្រី តែងត្រូវបានសង្គមបំពាក់ស្លាកឱ្យ … ហេតុដូច្នេះក្នុងនាមជាឪពុកម្តាយ គួរតែមានគោលការណ៍ក្នុងការចិញ្ចឹមបីបាច់ និងអប់រំ ទូន្មានពួកគេ ឱ្យអាចធំធាត់នៅក្នុងផ្នត់គំនិតមួយដែលរឹងមាំ ជាពិសេសពួកគេអាចស្វែងរកអត្តសញ្ញាណពិតផ្ទាល់ខ្លួនរបស់គេបាន។
“របៀបចិញ្ចឹមកូនស្រី តាមរយៈគោលការណ៍ទាំង 9 នេះ នឹងផ្តល់ជូនមាតាបិតានូវយុទ្ធសាស្រ្តសំខាន់ៗ មួយចំនួន ដើម្បីគាំទ្រដល់ពួកគេ ក្នុងការអភិវឌ្ឍន៍ខ្លួនក្លាយជាស្ត្រីរឹងមាំ និងដឹកនំាជីវិតឆ្ពោះទៅកាន់ ឯករាជ្យភាព មានភាពអត់ធ្មត់ ជឿជាក់ និងមានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ”។
1. បង្រៀនពួកគេទទួលស្គាល់ និងដឹងអំពីអារម្មណ៍ផ្ទាល់ខ្លួន ទៅលើចំណង់ចំណូលចិត្ត ដឹងច្បាស់ពីអ្វីដែលខ្លួនចង់ធ្វើ កុំឱ្យពួកគេមានអារម្មណ៍ថា វាជារឿងខុសឆ្គង ឬខ្មាស់អៀន នៅពេលដែល បង្ហាញជាសាធារណៈអំពីអ្វីដែលខ្លួនចង់បាន។ លើសពីនេះ ឪពុកម្តាយគ្រប់រូប សូមកុំព្យាយាមឃុំគ្រងផ្លូវជីវិតរបស់ពួកគេពេក។
2. ផ្តល់សេចក្តីស្រឡាញ់ដែលគ្មានព្រំដែននៅក្នុងគ្រួសារ។ ការបង្ហាញទំនាក់ទំនងល្អរវាងឪពុក ទៅកាន់ម្តាយ (ប្តី និងប្រពន្ធ) គឺជាគំរូ ដើម្បីបង្ហាញថា ស្រ្តីគឺត្រូវការសេចក្តីស្រឡាញ់ពិតប្រាកដ។
3. ទំនួលខុសត្រូវ កាតព្វកិច្ច និងអាកប្បកិរិយារបស់ឪពុក ពិតជាមានសារៈសំខាន់ណាស់។
4. លើកទឹកចិត្ត ជម្រុញផ្លូវអារម្មណ៍ របស់នាងឱ្យកាន់តែរឹងមាំ ដើម្បីពុះពារនៅក្នុងពិភពលោក ដ៏អួរអាប់នេះ ហើយបណ្តុះគំនិតឱ្យនាងគិតថា “ខ្ញុំជាស្រ្តីខ្លាំង ខ្ញុំអាចធ្វើបាន” ។
5. នៅពេលដែលនាងចង់បានការយកចិត្តទុកដាក់ពីអ្នក សូមផ្តល់ឱ្យនាងដោយគ្មានលក្ខខណ្ឌ។ កុំធ្វើឱ្យនាងមានអារម្មណ៍ថា នាងជាបន្ទុករបស់អ្នក ឬនាងត្រូវចោទសួរខ្លួនឯងថា ថាតើនាងសក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ទាំងនោះដែរឬទេ។
6. អនុញ្ញាត្តឱ្យនាងដើរតាមក្តីស្រមៃ និងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់នាង ហើយផ្តោតអារម្មណ៍លើរឿងទាំងនោះ ដោយមិនដាក់សម្ពាធ ផ្តល់ឱវាត នឹងតម្រង់ទិស ប្រសិនបើចាំបាច់។
7. បើទោះបីអ្នកទាំងពីរ គឺជាឪពុកម្តាយមែន ប៉ុន្តែនៅពេលអ្នកធ្វើរឿងខុសឆ្គងទៅកាន់កូនៗ ដោយចេតនា ឬអចេតនាក្តី អ្នកទាំងពីរគួរតែចេះទទួលស្គាល់កំហុស និងចេះនិយាយពាក្យ “សុំទោស” ទៅកាន់កូនៗដូចគ្នា។ នេះមិនមែនជាការប្រមាថអ្នកមានគុណទេ ប៉ុន្តែសូមចងចាំថា “ខុស គឺខុស!” ហើយការសុំទោសនេះ នឹងបង្រៀនកូនឲ្យរៀនថា បើខុស ត្រូវទទួលស្គាល់ថាខុស។
8. រៀននិយាយអំពីអារម្មណ៍នៅក្នុងចិត្ត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។
9. បន្ថែមពីនេះ សូមកុំភ្លេចថា ឪពុកម្តាយគ្រប់រូបត្រូវទទួលយកថា ពេលខ្លះគ្រាន់តែស្តាប់ ក៏ជាដំណោះស្រាយមួយដ៏ល្អផងដែរ។