ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦៨ ២៤៦ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួង ព័ត៌មាននាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៥ នេះ បានរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលនាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។


ជាមួយគ្នានេះ ដើម្បីបង្កឱ្យប្រជាពលរដ្ឋបានជួបជុំគ្នាសប្បាយរីករាយ និងជួយលើកស្ទួយសេដ្ឋកិច្ច នៅមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំឱ្យមានកម្មវិធីមួយចំនួន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគុំតន្ត្រីស្គរដៃកម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។
នៅពេលរាត្រី ដងស្ទឹងត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ដែលអណ្តែតតាមផ្ទៃទឹក ខណៈប្រជាពលរដ្ឋប្រារព្ធពិធីសំពះព្រះខែ រីករាយនឹងការអកអំបុកតាមប្រពៃណី។ ភាពរីករាយនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ពោលគឺជាការបង្ហាញយ៉ាងច្បាស់អំពី ការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព។

ខ្មែរ
English








