នៅថ្ងៃនេះសិល្បការិនីខ្មែរម្នាក់ទៀត គឺកញ្ញា មាន សូនីតា ដែលមានរហ័សនាមថា រាជនីក្រមានោះ បានលេចវត្តមានគួរអោយភ្ញាក់ផ្អើលនៅលើមហោស្រពភាពយន្តទីក្រុងកាន។
វត្តមានរបស់រាជនីក្រមា បានបន្ថែមវត្តមានសិល្បករខ្មែរកាន់តែច្រើននៅក្នុងកម្មវិធីកម្រិតពិភពលោករបស់បារាំងនេះ។
ងាកទៅមើល នីតា នាងបានដើរលើកម្រាលព្រំក្រហមជាមួយសំលៀកបំពាក់ច្នៃម៉ូតបែបវែងអន្លាយពណ៌សម្បកឥឡឹក ឯនៅលើក្បាលមានមួកម៉ូតរំយោល។ ផ្ដោតទៅលើរចនាបថវិញ ឃើញថា មានរចនាបង្កប់ដោយក្បាច់តំណាងអត្តសញ្ញាណ សិល្បៈវប្បធម៌របស់ខ្មែរ បង្កើតបានជាចំណុចទាក់ទាញមួយ។
មាន សូនីតា បានពន្យល់ជុំវិញម៉ូតសំលៀកបំពាក់របស់នាងស្លៀកដើរនៅលើកម្រាលព្រំក្រហមនេះថា ជាឈុតច្នៃពីក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាម តាមរចនាបថបុរាណ ទំនើប។
ឯមួកវិញ ក៏ច្នៃពីក្រមាដែរ ហើយកែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន។ តារាស្រី គូសបញ្ជាក់ទៀតថា “រចនាបថ និងការច្នៃម៉ូត ទៅលើរ៉ូប និង មួករបស់នាងខ្ញុំគឺឈរលើគោលការណ៍ «អភិវឌ្ឍន៍ដើម្បីអភិរក្ស»។
មួយឈុតនេះ មាន សូនីតា ត្រូវបានស្ថិតក្រោមកាណុងកាមេរ៉ារបស់ក្រុមអ្នកថតរូបអាជីពកម្រិតពិភពលោកយ៉ាងច្រើន។ នៅលើទូរទស្សន៍របស់បារាំងទៀតសោត រាជនីក្រមា ក៏ជាប់នៅក្នុងការប្រមាញ់ផងដែរ។
មាន សូនីតា នៅលើកញ្ចក់ទូរទស្សន៍បារាំង
មហោស្រពភាពយន្តទីក្រុងកានលើកទី ៧៧ ជិតដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃនេះមកថា សិល្បករខ្មែរច្រើននាក់បានលេចវត្តមានបន្តបន្ទាប់។ ពួកគេកំពុងតំណាងអោយសិល្បៈខ្មែរផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ជាតិ៕
រូបភាព៖gettyimage