ក្នុងអំឡុងរដូវក្តៅ ស្រ្តីមានផ្ទៃពោះអាចទទួលរងនូវផលពិបាកច្រើន ដែលនេះមិនមែនជារឿងលេងសើចទេ! ការតាំងគភ៌អាចធ្វើឱ្យរូបរាងកាយស្រ្តីមានការផ្លាស់ជាច្រើនទម្រង់ ព្រមទាំងផ្លូវចិត្ត សតិអារម្មណ៍ និងការគិត ដោយហេតុនេះទើបស្រ្តីដែលមានផ្ទៃពោះទាមទារឱ្យមានការយកចិត្តទុកដាក់ និងមើលថែទាំំឱ្យបានដិតដល់ជាទីបំផុត។
ជាក់ស្តែងនៅក្នុងរដូវក្តៅនេះ សូមអ្នកម៉ាក់តាំងគភ៌គ្រប់រូបពិនិត្យទៅលើការផ្លាស់ប្តូរចំពោះរាងកាយ ដោយសារកម្តៅកើនឡើងខ្លាំង។
ខ្សោះជាតិទឹកខ្លាំង
ស្រ្តីពពោះ គឺមានន័យថាកំពុងរ៉ាប់រងនូវជីវិតមនុស្សម្នាក់ទៀតនៅក្នុងផ្ទៃ ដែលនេះជាហេតុផលអ្នកម៉ាក់ត្រូវផ្តល់អាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់ទារកក្នុងផ្ទៃ។ កាលណាកម្តៅអាកាសធាតុកាន់តែកើនឡើង ត្បិតទារកនៅក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែគេក៏ត្រូវការជាតិទឹកដូចគ្នាក៏ព្រោះរំហួតកម្តៅពីខាងក្រៅ ដូច្នេះហើយទើបធ្វើអ្នកម៉ាក់ខ្សោះជាតិទឹកពីក្នុងខ្លួនទ្វេដង។ សូមទទួលទានទឹកឱ្យបានគ្រប់គ្រាន់!
មានអារម្មណ៍ក្តៅគ្រប់ពេល
ខណៈពេលកំពុងពពោះ បរិមាណឈាមនៅក្នុងរាងកាយមានការកើនឡើងខុសពីស្រ្តីធម្មតា ដូច្នេះហើយទើបធ្វើឱ្យរាងកាយស្រ្តីពពោះមានអារម្មណ៍ថាក្តៅគ្រប់ពេល និងកម្តៅក្នុងខ្លួនប្រាណកើនឡើងខ្លាំង ហើយថែមទាំងមានការស្អុះស្អាប់ជាខ្លាំង។
បែកញើសខ្លាំង
កត្តានេះបណ្តាលមកពីបរិមាណឈាមកើនឡើង ហើយមានការធ្វើមេតាប៉ូលីសសម្រាប់មនុស្សពីរអ្នកទើបធ្វើឱ្យរាងកាយម៉ាក់ៗបញ្ចេញញើសខ្លាំងខុសធម្មតា។ ការបញ្ចេញញើសអាចមានគ្រប់បរិវេណរាងកាយរបស់ស្រ្តី ដូច្នេះឧស្សាហ៍ទទួលទានទឹកឱ្យបានញឹកញាប់។
មានការងងុយគេង
ជាការពិតណាស់ ក្រោយរូបរាងកាយបានបញ្ចេញសកម្មភាពបំពេញមុខងារ ដើម្បីគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនប្រាណ អំឡុងពេលតាំងគភ៌ ទើបធ្វើឱ្យមានអារម្មណ៍ និងងុយគេងរាល់ពេល។ ព្យាយាមសម្រាកឱ្យបានច្រើន និងទទួលទានអាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់។