ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ជំងឺតម្រងនោម គឺជាជំងឺរ៉ាំរ៉ៃដ៏កាចសាហាវ ហើយអាត្រាមរណភាពនៃអ្នកជំងឺតម្រងនោម មានការកើនឡើងទ្វេដងពីមួយថ្ងៃទៅមួយថ្ងៃ។
ជារឿយៗ នៅដំណាក់កាលដំបូង ជំងឺនេះមិនបង្ហាញរោគសញ្ញាច្បាស់លាស់ណាមួយឡើយ លុះត្រាតែធ្វើតេស្តឈាម ឬទឹកនោម។ ប្រសិនបើអ្នកជំងឺមិនធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងទទួលការព្យាបាលសមស្រប ជំងឺតម្រងនោមនឹងវិវត្តន៍ឈានទៅដំណាក់កាលធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត Joseph Vassalotti ជាប្រធានផ្នែកវេជ្ជសាស្ត្រនៃមូលនិធិជាតិតំរងនោម (NKF) សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ” ជំងឺតម្រងនោម បានបញ្ចេញរោគសញ្ញាមួយចំនួននៅលើរាងកាយ ប៉ុន្តែអ្នកជំងឺទំនងមិនចាប់អារម្មណ៍ខ្វល់ខ្វាយ រហូតដល់ដំណាក់កាលចុងក្រោយដែលមានអាការធ្វើទុក្ខឈឺចុកចាប់ខ្លាំង”។
រោគសញ្ញាទាំងនោះរួមមាន ៖
• អស់កម្លាំង ល្ហិតល្ហៃ និងពិបាកក្នុងការផ្តោតអារម្មណ៍ ៖ អ្នកជំងឺអាចមានអារម្មណ៍ថា អស់កម្លាំងខ្លាំង បើទោះបីមិនបានធ្វើការធ្ងន់ៗក៏ដោយ ព្រមទាំងមានបញ្ហាក្នុងការផ្តោត ឬផ្ចង់អារម្មណ៍
• ស្បែកស្ងួត និងឡើងរមាស់
• បញ្ហាដំណេក ៖ បញ្ហាតម្រងនោមអាចរំខានដល់ការគេង ហើយវាក៏បង្កើនហានិភ័យដល់ដំណកដង្ហើមផងដែរ
• ទឹកនោមខុសប្រក្រតី ដោយមានលាយឈាម ឬមានពពុះច្រើនក្នុងទឹកនោម ហើយបរិមាណទឹកនោមក៏មានការប្រែប្រួល
• ក្អួតចង្អោរ ៖ ចុករមូលឈឺក្រពះ និងក្អួតចង្អោរ
• រមួលក្រពើ ៖ មានការឈឺចុកចាប់ ឬចុករោយសាច់ដុំ
• ហើមសាច់ ៖ អ្នកជំងឺនឹងមានអាការហើមសាច់ ជាពិសេសនៅតំបន់កំភួនជើង ប្រអប់ជើង ឬជុំវិញរង្វង់ភ្នែក
ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវទៅពិនិត្យ ពិគ្រោះ ធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។