ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញមានសេចក្តីរីករាយ ក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបូរាណចំនួន ៧០ រូបដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាម មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។
បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅខែសីហា ឆ្នាំ ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន ៥ ឆ្នាំទៀត។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនាឆ្នាំ ២០០៣ សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបូរាណ ហើយបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ ពីបុគ្គល និងវិចិត្រសាលឯកជន នៅទូទាំងសហរដ្ឋអាមេរិក នូវវត្ថុបូរាណដែលត្រូវបានគេលួចយកចេញទៅ។
សូមជម្រាបជូនថា កិច្ចសហការគ្នាផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក៏រួមមានផងដែរនូវការវិនិយោគសរុបចំនួន ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងគម្រោងផ្សេងៗទៀត។ សកម្មភាពទាំងនេះរួមមានការជួសជុលប្រាសាទភ្នំបាខែង ពីសតវត្សទី ៩ ដែលស្ថិតនៅក្នុងឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕