ច្បាស់ណាស់ម៉ាក់ៗគ្រប់រូប តែងគិតថាការស្លៀកខោទឹកនោមឱ្យកូនតូចពិតជាផ្តល់ភាពងាយស្រួល និងគុណសម្បត្តិជាច្រើន ក្នុងនោះរួមមាន កាត់បន្ថយក្លិនមិនល្អ (ក្លិនទឹកនោម ឬក្លិនលាមក) មានអនាម័យ និងចំណេញពេលវេលាជាដើម។
ថ្វីបើ ខោទឹកនោមពិតជាផ្តល់សារប្រយោជន៍ច្រើន ប៉ុន្តែវាក៏ផ្តល់នូវគុណវិបត្តិមួយចំនួនផងដែរ រួមមាន ៖
• ឡើងកន្ទួលរមាស់
• រលាកគូទកូនតូចៗ
• មានអាការហប់ បែកញើស និងស្អុះស្អាប់
• សាច់ខោមានជាតិគីមី ងាយរងប្រតិកម្មស្បែក
• ជាពិសេស ម៉ាក់ៗត្រូវចំណាយថវិកាច្រើនទៅលើការទិញខោទឹកនោម
ដូច្នេះហើយ ម៉ាក់ៗគួរតែស្វែងយល់អំពីវិធីសាស្រ្តផ្តាច់ខោទឹកនោមសម្រាប់កូនតូចៗ ដែលឈានដល់វ័យសមស្របក្នុងការផ្តាច់។
ជាទូទៅ ការផ្តាច់ខោទឹកនោមកូន អាចចាប់ផ្តើមនៅចន្លោះអាយុចាប់ពី 2 ឆ្នាំឡើងទៅ ព្រោះថា នៅវ័យនេះ ខួរក្បាលកូនតូចៗមានការវិវត្តអាចស្គាល់ ឬយល់អំពីការរស់នៅប្រចាំថ្ងៃ។ ម៉ាក់ៗ អាចចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ នៅពេលថ្ងៃ រហូតដល់ពេលយប់។
ខាងក្រោមនេះ ជាវិធីសាស្រ្តខ្លះៗក្នុងការផ្តាច់ខោទឹកនោមកូនតូច ដែលម៉ាក់ៗគ្រប់រូបអាចសាកល្បងបាន ៖
• ផ្លាស់ប្តូររបបអាហារ ដោយឱ្យកូនៗញ៉ាំបាយ បន្លែ ត្រី សាច់ ជំនួសការញ៉ាំទឹកដោះគោ នោះកូនៗនឹងកាត់បន្ថយជាតិទឹកនៅក្នុងខ្លួនមួយចំនួន មិនសូវធ្វើឱ្យពួកគេនោមញឹកញាប់ពេក។ ប៉ុន្តែ សូមកុំកាត់បន្ថយជាតិទឹក រហូតដល់កូនតូចៗខ្សោះជាតិទឹកក្នុងខ្លួនឱ្យសោះ។
• រៀងរាល់ 3 ទៅ 4 ម៉ោងម្ដង ម៉ាក់ៗត្រូវលើកកូនទៅបន្ទប់ទឹក ហើយនិយាយប្រាប់ពួកគេថា “កូនធំហើយ! កូនត្រូវផ្លាស់ប្តូរទម្លាប់ដោយត្រូវជុះនោមក្នុងបង្គន់វិញ”។
• រាល់យប់មុនចូលគេង ម៉ាកៗត្រូវឱ្យកូនៗជុះនោមសិន ហើយចាំឱ្យពួកគេចូលគេង។ បន្ថែមពីនេះ នាពេលពាក់កណ្ដាលយប់ និងវេលាជិតភ្លឺម្ដងទៀត ម៉ាក់ៗត្រូវដាស់កូនៗ ងើបជុះនោម។ ម៉ាក់ៗក៏អាចដាក់កន្ថោរនៅចុងគ្រែ ដើម្បីងាយស្រួលឱ្យកូនជុះ។
ក្រោយមក នៅពេលកូនៗរបស់អ្នកឈឺនោមដោយមិនដឹងខ្លួន គេនឹងចាប់ផ្ដើមដឹងខ្លួនថា “នៅពេលឈឺនោម អូននឹងប្រាប់ម៉ាក់ៗ” ។
អនុវត្តតាមវិធីសាស្រ្តដូចដែលបានរៀបរាប់ខាងលើ មិនដល់រយៈពេល 1ខែទេ កូនតូចៗរបស់ម៉ាក់ៗនឹងឈប់ស្លៀកខោទឹកនោមជាក់ជាមិនខាន។