កូន គឺជាចំណងដៃដ៏មានតម្លៃបំផុតនៅក្នុងដំណើរជីវិតឪពុកម្តាយគ្រប់រូប ដូច្នេះហើយទើបឪពុកម្តាយគ្រប់រូបតែងយកចិត្តទុកដាក់ និងមើលថែទាំយ៉ាងដិតដល់ដើម្បីធ្វើឱ្យកូនៗជាទីស្រឡាញ់ទាំងអស់ធំធាត់ឡើងយ៉ាងស្ថិតស្ថេរ និងជឿជាក់បំផុត។
តើឪពុកម្តាយគ្រប់រូបគួរបង្កើនវិវឌ្ឍនាការល្អៗយ៉ាងណាដល់កូនតូចៗជាទីស្រឡាញ់?
ចំពោះទារកទើបនឹងកើត ១ខួប
ទារកតូចតែងតែចូលចិត្តបញ្ចេញសំឡេងប្លែកៗ ដូច្នេះឪពុកម្តាយទាំងឡាយគួរតែនិយាយទៅកាន់ពួកគេឱ្យបានច្រើន ដោយបញ្ចេញសំនៀងតាមទារក។ លុះដល់វ័យទារកចេះវារ ឪពុកម្តាយគ្រប់រូបគួរណាប្រើរបស់លេងក្មេងៗ ជន្លរលេងជាមួយកូនៗដើម្បីឱ្យកូនៗមានជំនាញខាងរូបរាងកាយដោយការវារតាមរបស់លេងទាំងនោះ។
ចំពោះកូនតូចវ័យ ២ខួប
វ័យនេះគឺកូនតូចៗទាំងនោះចេះទប់លំនឹងខ្លួនបានល្អ និងចូលចិត្តស្តាប់រឿងនិទាន ដូច្នេះឪពុកម្តាយគួរណានាំពួកគេឱ្យស្គាល់ពិភពលោកដ៏ទូលំទូលាយ ដោយការនាំគេចេញទៅដើរលេងនៅខាងក្រៅផ្ទះ ក្នុងសួនច្បារ និងនិទានរឿងព្រេង ព្រមទាំងធ្វើសំឡេង និងកាយវិការតាមសាច់រឿងផង។
ចំពោះកូនតូចវ័យ ៣ខួប
ពួកគេមានសមត្ថភាពប្រើប្រាស់ដៃបានល្អ ហើយចូលចិត្តគូសវាស ដូច្នេះឪពុកម្តាយគ្រប់រូបគួរបង្កើនវិវឌ្ឍនាការរបស់កូនដោយបង្ហាត់ឱ្យចេះជួយខ្លួនឯង មានដូចជា ការស្លៀកពាក់ខោអាវដែលងាយៗដោយខ្លួនឯង ជួយធ្វើការងារផ្ទះតូចតាច និងបណ្តោយឱ្យគេលេងគូររូបផ្សេងៗតាមការនឹកស្រមៃ ឬបង្ហាត់កូនដោយការចាប់កាន់ដៃរៀនគូរតាមរូបគំនូរផ្សេងៗជាដើម។
ចំពោះកូនតូចវ័យ ៤ឆ្នាំ ៖
ក្មេងចេះកាន់ខ្មៅដៃសរសេរបានល្អហើយ ចេះនិយាយប្រយោគវែងៗ និងចូលចិត្តលេងហក់លោត តោងឡើង ឬអាចញុំាំអាហារដោយខ្លួនឯងបានហើយ ដូច្នេះឪពុកម្តាយគួរបើកឱកាសឱ្យកូនបានលេងសប្បាយយ៉ាងពេញទំហឹង ដូចជា លេងតោងឡើងនៅទីកន្លែងដែលមានសុវត្ថិភាព និងចង្អុលបង្ហាញឱ្យគេបានឃើញអ្វីៗជុំវិញខ្លួន ព្រមទាំងបង្កើតសំណួរឆ្លើយឆ្លងជាមួយពួកគេឱ្យបានច្រើន។
ចំពោះកូនតូចវ័យ ៥-៦ឆ្នាំ
ពួកគេចូលចិត្តនិយាយ ឬស្រែកលឺៗ ចូលចិត្តចេញលេងក្រៅផ្ទះ ចេះដុសធ្មេញដោយខ្លួនឯង ចេះស្លៀកសម្លៀកបំពាក់ ដូច្នេះឪពុកម្តាយគ្រប់រូប គួរនាំកូនចេញទៅក្រៅផ្ទះឱ្យបានច្រើនដើម្បីឱ្យគេយល់ដឹងអំពីបរិបទជុំវិញខ្លួនឱ្យកាន់តែច្បាស់បន្ថែម។
ការបង្កើនវិវឌ្ឍនាការដោយមានឪពុកម្តាយជាកម្លាំងចិត្តរុញច្រាន នឹងធ្វើឱ្យកូនៗធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ស័ក្តិសមនឹងវ័យរបស់ពួកគែ ជាពិសេសគឺអាចរស់នៅបានយ៉ាងមានក្តីសុខ។