មនុស្សគ្រប់រូបរមែងមានក្តីសុបិនរៀងៗខ្លួន ម្នាក់ៗមានគោលដៅខុសៗគ្នាអាស្រ័យលើមហិច្ឆតារបស់ខ្លួន។ មិនថាជាក្តីស្រមៃធំ ឬក្តីស្រមៃតូចនោះទេ អ្វីដែលសំខាន់គឺ អ្នកមានការស្វែងយល់ដឹងអំពីវិធីសាស្រ្តក្នុងការសម្រេចគោលដៅរបស់ខ្លួនឱ្យទទួលបានជោគជ័យ និងរៀបគម្រោងម្តងមួយដំណាក់កាលដើម្បីសម្រេចអ្វីដែលអ្នកប៉ងប្រាថ្នា។
ឡេឌីស៍ សូមនាំមកជូនប្រិយមិត្តអ្នកអាននូវគន្លឹះមួយខ្លះៗដែលអាចជួយអ្នកក្នុងការសម្រេចគោលដៅបាន ៖
ធ្វើកំណត់ត្រា
ជំហានដំបូងមុននឹងសម្រេចគោលដៅគឺអ្នកត្រូវដឹងឱ្យច្បាស់អំពីគោលដៅរបស់អ្នកជាមុនសិន។ ចាប់ផ្តើមសរសេរអំពីអ្វីដែលអ្នកចង់បាន និងសរសេរអំពីដំណើរឈានទៅរកគោលដៅនោះ វាពិតជាមានសារសំខាន់ណាស់ព្រោះវាអាចជួយឱ្យអ្នកប្រកបដំណើរតាមផ្លូវដែលត្រឹមត្រូវ។
ត្រូវមានគោលដៅច្បាស់លាស់
អ្នកដែលមានគោលដៅមិនច្បាស់លាស់មានភាគរយជោគជ័យតិចជាង អ្នកដែលមានបានកំណត់គោលដៅរបស់ខ្លួនបានច្បាស់លាស់ និងត្រឹមត្រូវ។ សាកគិតទៅមើល បើអ្នកមានគោលដៅច្បាស់លាស់ អ្នកនឹងអាចដឹងអំពីតម្រូវការជាក់លាក់របស់ខ្លួន ហើយងអាចស្វែងរកផ្លូវដើម្បីសម្រេចវាបាន ប្រសើរជាជាងអ្នកស្រពិចស្រពិលចំពោះអ្វីដែលខ្លួនចង់បាន។
កំណត់អ្វីដែលអ្នកអាចធ្វើបាន
វាគឺជារឿងដ៏អស្ចារ្យ ដែលអ្នកមានក្តីសុបិនធំធេង ប៉ុន្តែពេលខ្លះអ្នកត្រូវឆ្លងកាត់ជំហានតូចៗមុនពេលអ្នកឈានដល់គោលដៅធំរបស់អ្នក។ សូមរៀបចំជំហានផ្លូវដើរម្តងបន្តិចៗ ពីតូចទៅធំ រួចធ្វើវាសន្សឹមៗ កុំបង្ខំ នោះមិនយូរមិនឆាប់អ្នកនឹងឈានដល់ចំណុចធំនៃគោលលដៅរបស់អ្នកហើយ។
រក្សាកំណត់ត្រាប្រចាំថ្ងៃ
វាពិតជាសំខាន់ណាស់ក្នុងការបន្តដំណើរនៅពេលដែលអ្នកបានកំណត់គោលដៅរួចហើយ។ ចាប់ផ្តើមសរសេរអំពីវិធីដែលអ្នកអាចសម្រេចបាន និងបោះជំហានទៅមុខដើម្បីសម្រេចគោលដៅឱ្យបានជាប់លាប់។ ការរក្សាកំណត់ត្រាប្រចាំថ្ងៃអាចជួយជំរុញទឹកចិត្តរបស់អ្នក ព្រោះអ្នកអាចមើលឃើញលទ្ធផលដែលអ្នកទទួលបាន។
កុំបោះបង់ការតាំងចិត្ត
បើទោះបីជាអ្នកទទួលការបរាជ័យដោយប្រការណាមួយក៏ដោយ ចូរកុំបោះបង់ឱ្យសោះ អ្នកត្រូវមានសង្ឃឹម និងផ្តោតអារម្មណ៍ក្នុងការដោះស្រាយបញ្ហានោះ។ វាពិតជាមានការពិបាកក្នុងការទទួលបានការជោគជ័យនៅលើកដំបូង ប៉ុន្តែក៏គ្មានហេតុផលអ្នកត្រូវបោះការតាំងចិត្តនិងបញ្ឈប់ការព្យាយាមដែរ។ “បរាជ័យ គឺជាបទពិសោធន៍ឆ្លុះបញ្ចាំងអំពីភាពជោគជ័យ”។
ផ្តល់រង្វាន់លើកទឹកចិត្តឱ្យខ្លួនឯង
នៅពេលអ្នកទទួលបានជោគជ័យ វាគឺជារង្វាន់ដ៏វិសេសវិសាលមួយហើយ ប៉ុន្តែដើម្បីឱ្យអ្នកមានអារម្មណ៍ថាខ្លួនពិតជាអស្ចារ្យ និងលើកទឹកចិត្តខ្លួនឯងបន្ថែមដោយផ្តល់រង្វាន់មួយលើកទឹកចិត្តដល់ខ្លួនឯង។
ប្រសិនបើគោលដៅរបស់អ្នកមានការពិបាកគ្រប់ជំហានដើម្បីទទួលបានជោគជ័យ អ្នកគួរតែមានការត្រៀមខ្លួនទុកជាមុននៅគ្រប់ពេលដែលអ្នកឈានទៅរកគោលដៅ។