សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ប្រព្រឹត្តិឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងគាំទ្រដៃគូរពាក់ព័ន្ធ និងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធក្នុងការរៀបចំក្របខណ្ឌលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី៖ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភបាលនៃធនាគារជាតិកម្ពុជា ដែលគាំទ្រដោយអង្គការ Women’s World Banking និងវិស័យឯកជនប្រមាណជា ៦០នាក់។
លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីកិច្ចការនារី បានមានប្រសាសន៍ថា បរិយាបន្នហិរញ្ញវត្ថុ ជាអាទិភាពធំមួយ នៃផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៦ របស់ក្រសួងកិច្ចការនារី ។ បរិយាបន្នហិរញ្ញវត្ថុ សំដៅលើលទ្ធភាពរបស់បុគ្គល និងអាជីវកម្មនីមួយៗ ក្នុងការទទួលបាន និងអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា ស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារផ្លូវច្បាប់។
រួមជាមួយនោះ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពី “បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥” នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយបាន កំណត់គោលដៅក្នុង ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបានពាក់កណ្តាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។
ជារួម ការសិក្សាជាច្រើនបានបង្ហាញថា នៅពេលស្ត្រីកាន់តែច្រើនមានលទ្ធភាព ទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពួកគេនឹងចូលរួមក្នុងការអភិវឌ្ឍគ្រួសារ និង សហគមន៍ច្រើនជាងបុរស តាមរយៈលើកកម្ពស់ជីវភាពរស់នៅ ការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុ នាពេលមានអាសន្ន ដែលកត្តាទាំងនេះនឹង នាំឱ្យគ្រួសារ និងសហគមន៍របស់ពួកគេមានលទ្ធភាពច្រើនជាងមុន ក្នុងការទទួលបានសេវាចាំបាច់នានា ដូចជាសេវាអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាតជាដើម៕