សម្រេចកិច្ចការធំជាមួយកញ្ញា សុគា គឹមលាង ក្នុងគម្រោង Apsara Make Up កាលពីសប្ដាហ៍នោះ អ្នកផាត់មុខពេញនិយមមួយរូប គឺលោក សីហា អាំ ប្រាប់ថា លោកបានជួបបទពិសោធន៍ថ្មីមួយដែលលោកមិនធ្លាប់បានជួបពីមុនមកសោះ។
មកដល់ម៉ោងនេះ សិល្បករ និង Influencer ល្បីៗរបស់កម្ពុជាកំពុងស្រុះដៃគ្នាផលិតមាតិកាវីដេអូខ្លី Apsara Make Up ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ដោយបំផុសគំនិតដោយ Ashoka Make Up Trend ដែលល្បីពេញពិភពលោក នាដការីរបាំបុរាណ សុគា គឹមលាង ហៅកូនអាន បានផ្ដើមមុនគេនៅកម្ពុជា ដោយច្នៃពី Ashoka Make Up ដែលជាវប្បធម៌ឥណ្ឌាមកជា Apsara Make Up របស់កម្ពុជា។
វីដេអូសម្រេចដែលមានរយៈពេល ១នាទី ប៉ុន្តែការផលិតបានចំណាយពេលយ៉ាងលំបាកដល់ទៅ ១០ម៉ោងឯណោះ។ នេះបើតាមលោក សីហា អាំ អ្នកជំនាញផាត់មុខ ដែលបានផាត់មុខឲ្យ គឹមលាងក្នុងគម្រោងខាងលើ។
មិនត្រឹមប៉ុណ្ណឹង តាមអ្នកជំនាញផាត់មុខខាងលើ ការងារជាមួយ Apsara Make Up បានធ្វើឲ្យលោកជួបបទពិសោធន៍ថ្មីមួយដែលមិនធ្លាប់ជួបពីមុនមកទៀត។ លោកថ្លែងថា “ខ្ញុំធ្លាប់តែផាត់មុខមនុស្សឲ្យចេញជាស្រីទេពអប្សរ តែនេះ គូស្រីទេពអប្សរឲ្យទៅជាយក្ស…និយាយទៅលើកទី១របស់ខ្ញុំហើយ!”។
សីហា អាំ ប្រាប់ឲ្យដឹងថា លោកមិនដែលបានសិក្សាគំនូរអំពីវប្បធម៌ពីមុនមកទេ។ ដូច្នេះហើយ ធ្វើឲ្យលោកជួបការលំបាកយ៉ាងខ្លាំងនៅក្នុងការងារនេះ។ ប៉ុន្តែដោយការព្យាយាម ទីបំផុតលោកក៏អាចធ្វើបានក្នុងលទ្ធផលគួរជាទីមោទនៈ។
សីហា អាំ និងក្រុមការងារជិត ១០នាក់ រួមទាំងអ្នកធ្វើសក់ អ្នកថត អ្នកកាត់ត បានចំណាយពេលរួមគ្នាប្រមាណ ១០ម៉ោង ក្នុងបេសកកម្មជួយ កូនអាន ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមគម្រោង Apsara Make Up។ ទីបំផុត វីដេអូសម្រេចរយៈពេល ១នាទីនេះ ទទួលបានការគាំទ្រច្រើនលើសលុប ដោយទទួលបានចំនួនអ្នកចូលទស្សនាជាង ២លានដងហើយ ក្រោយចេញនៅលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី ២៥ មេសា កន្លងទៅ៕