ក្នុងរដូវភ្លៀង បញ្ហាជំងឺងាយកើតមានឡើងណាស់ ដោយកត្តាផ្លាស់ប្តូរបរិយាកាស ដូច្នេះអ្នកគួរតែមានវិធានការក្នុងការការពារខ្លួនពីជំងឺឆ្លងទាងអស់នោះ ដោយរក្សាអនាម័យ ទទួលទានអាហារសុខភាព និងដឹងអំពីតិចនិកបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយ។
ជំងឺឆ្លងទាំង 3 ប្រភេទខាងក្រោមនេះ លោកអ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងរដូវភ្លៀងនេះ ៖
1. ជំងឺគ្រុនផ្តាសាយ
ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ជំងឺគ្រុនផ្តាសាយងាយកើតមានបំផុតទៅលើមនុស្សគ្រប់វ័យ។ ជំងឺកើតឡើងមកពីកត្តាអាកាសធាតុត្រជាក់ សើម ធ្លាក់ខ្យល់ និងវីរុសនេះងាយឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតណាស់ ហើយប៉ះពាល់ផ្លូវដង្ហើមផ្នែកខាងលើ ច្រមុះ និងបំពង់ក។ អ្នកជំងឺភាគច្រើនមានអាការៈហៀរសម្បោរ កណ្តាស់ ឈឺខ្លួន រលាកបំពង់ក ស្អកក និងក្តៅខ្លួន។
2. ជំងឺគ្រុនចាញ់
វាជាជំងឺមួយក្នុងចំណោមជំងឺផ្សេងទៀត កើតងាយកើតមាននៅក្នុងរដូវភ្លៀង ដោយបង្កឡើងពីមូសដែកគោលញីដែលមានប្រភពមកពីកន្លែងដក់ទឹកមិនស្អាតនៅជុំវិញផ្ទះរបស់អ្នក។ វាមានអាការៈដូចជា ក្តៅខ្លួន ឈឺខ្លួន ខ្សោយសាច់ដុំ និងបែកញើស ដែលទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានលឿនបំផុត ដើម្បីបញ្ចៀសការប៉ះពាល់ដល់អាយុជីវិត។
3. ជំងឺគ្រុនឈាម
វីរុសបង្កជំងឺគ្រុនឈាមត្រូវបានចម្លងនៅពេលមូសខ្លាញីខាំ ពិសេសនៅពេលព្រឹក។ អ្នកជំងឺអាចមានអាការៈឈឺសន្លាក់ ឈឺសាច់ដុំ ហើមកូនកណ្តុរ ឈឺក្បាល គ្រុនក្តៅ អស់កម្លាំង និងឡើងកន្ទួលលើស្បែក។ គួរបញ្ជាក់ផងដែរថា មិនមានការព្យាបាលពិសេសណាមួយសម្រាប់អ្នកជំងឺគ្រុនឈាមឡើយ ប៉ុន្តែការព្យាបាលជាទូទៅគឺអាចធ្វើឱ្យអ្នកជំងឺមានសភាពប្រសើរឡើងក្រោមការត្រួតពិនិត្យដិតដល់ពីសំណាក់គ្រូពេទ្យ។
ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកបានដែទាំសុខភាពរបស់ខ្លួនឱ្យបានដិតសល់ ជាពិសេសចៀសវាងការទទឹកទឹកភ្លៀង ឬមិនត្រូវពាក់ខោអាវសើមយូរពេក ម្យ៉ាងឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បន្ថែមពីនេះត្រូវបង្កើនប្រព័ន្ធការពាររាងកាយពីខាងក្នុងដោយទទួលទានវីតាមីន C និងបន្ថែបៃតង សម្បូរទៅដោយវីតាមីន ប្រូតេអ៊ីនជាច្រើន។
ប្រសិនបើអ្នកទទួលដឹងថាមានមនុស្សកំពុងព្យាបាលជំងឺទាំងនេះ សូមនៅឱ្យឆ្ងាយពីអ្នកជំងឺ និងសម្អាតបរិវេណជុំវិញខ្លួនឱ្យបានស្អាតល្អ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងខាងលើ។