សួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ជាកន្លែងកម្សាន្តមួយ ដែលភ្ញៀវទេសចរ មិនគួររំលង។ សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលលោកមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងសិក្សាឈ្វេងយល់។
អាជ្ញាធរជាតិអប្សរា ដែលបានបង្កើតសួនរុក្ខជាតិអង្គរនេះឡើងគឺពិតជាទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗដែលបានមកកំសាន្តលេង ដោយសារតំបន់រុក្ខជាតិអង្គរ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដែលមានការរៀបចំសួន ក្នុងរចនាបទខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុះស្គាយចោលក្លិនក្រអូប ធ្វើឱ្យអ្នក ទេសមកទស្សនាមិនចេះជិនណាយ។
បងប្អូនដែលបានទៅទស្សនាសួនរុក្ខជាតិអង្គរ សូមចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ថែរក្សាដើមឈើ ផ្កា ស្មៅដែលបានដាំដុះ ដើម្បីភាពបៃតងស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ ផងដែរ។
សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុង ក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះ រាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយ សារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិ ធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំង អូទ្រី ជាដើម៕