បន្ទាប់ពីអ្នកច្នៃម៉ូតកម្ពុជាលោក អូលីវ៉ា គង់ ឥឡូវនេះមានស្ត្រីអ្នកជំនួញខ្មែរម្នាក់ទៀត ត្រៀមបង្ហាញវត្តមានចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំងដែរនៅសប្ដាហ៍ក្រោយនេះ។
អ្នកស្រី ស៊ាន សូលីនដា ហៅ ម៉ាដាម ដា បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពចំពោះឱកាសដ៏កម្រនេះ។ ម៉ាដាម ដា ថ្លែងថា “អូយរំភើបឡើងចេញទឹកភ្នែក សូមចូលរួមអបអរសាទនាខ្ញុំបានទទួលវីសារដើម្បីទៅចូលរួមកម្មវិធីកំរាលព្រំក្រហមនៅទីក្រុង កាន ប្រទេសបារាំងហើយ។
ស្ត្រីអ្នកជំនួញវ័យក្មេងរបស់កម្ពុជារូបនេះ បានធ្វើការតាំងចិត្តមុតមាំចំពោះឱកាសមាសនេះ ដោយត្រៀមនឹងពាំនាំនូវសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិខ្មែរទៅកាន់វេទិកាអន្តរជាតិដ៏ធំអោយខាងតែបាន។
អ្នកស្រី ម៉ាដាម ដា ថ្លែងដូច្នេះថា “នាងខ្ញុំសូមសន្យាថានឹងនាំយកកម្ពុជាទៅកាន់ពិភពលោកបានស្គាល់ថា កម្ពុជាមានអ្វីអស្ចារ្យជាច្រើនហើយនឹងធ្វើអោយពិភពលោកចាប់អារម្មណ៍ នឹង ស្គាល់ពីរប្រទេសកម្ពុជារបស់យើង”
ការនេះបង្ហាញថា ពិភពលោកចាប់ផ្ដើមក្រឡេកមើលមកកម្ពុជាក្នុងផ្លូវវិជ្ជមានហើយ។ ជាក់ស្ដែងនូវប៉ុន្មានឆ្នាំចុងក្រោយនេះ វេទិកាខាងលើបានអញ្ជើញសិល្បករកម្ពុជាទៅចូលរួមជាកិត្តិយសក្នុងកម្មវិធីរបស់គេបន្តបន្ទាប់។
ជនជាតិខ្មែរទី១ ដែលបានឈានជើងឡើងលើកម្រាលព្រំក្រហមរបស់មហោស្រពភាពយន្តទីក្រុងកាននេះ គឺកញ្ញា ស៊ីន យូប៊ីន ដោយនាងបានចូលរួមនៅក្នុងឆ្នាំ ២០២៣កន្លងទៅ។
គេនៅចាំបានថា នាពេលនោះ យូប៊ីន បានស្លៀករ៉ូបច្នៃពីទង់ជាតិ អក្សរខ្មែរ និងនាគខ្មែរយ៉ាងស្រស់ស្អាតបង្អួតបរទេស។ មកដល់ឆ្នាំ ២០២៤ នេះ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ គឺជាគ្រូដើរម៉ូត និងជាអ្នកច្នៃម៉ូតកម្ពុជាផងនោះ ជាពលរដ្ឋកម្ពុជាទី២ ដែលត្រូវបានអញ្ជើញ។
ចុងក្រោយនេះ គឺ ម៉ាដាម ដាជាស្ត្រីអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់។ ពួកគេ នឹងធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់សិល្បករខ្មែរផ្សេងទៀតនៅឆ្នាំក្រោយ។ ពួកគេទាំងពីរបានសច្ចារៀងខ្លួនហើយថា នឹងនាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញពិភពលោកអោយបានស្គាល់កាន់តែច្បាស់ថែមទៀត។
មហោស្រពភាពយន្តទីក្រុងកាន បានប្រារព្ធការបើកដំណើរគម្រប់ ៧៧ឆ្នាំរបស់ខ្លួន ដោយចាប់ផ្ដើមតាំងពីថ្ងៃទី ១៤ ឧសភា ដល់ថ្ងៃទី ២៥ ឧសភា។ ព្រឹត្តិការណ៍ប្រមូលផ្ដុំសិល្បករ និងឥស្សរជនមកពីជុំវិញពិភពលោក។ សិល្បករ និងអ្នកជំនួញកម្ពុជាទាំងពីររូប អូលីវ៉ា គង់ និង ម៉ាដាម ដា គ្រោងនឹងឡើងលើព្រំក្រហមរបស់កម្មវិធីនៅថ្ងៃទី ២៥ ឧសភាខាងមុខនេះ៕