ភ្នំពេញ៖ ថ្ងៃទី១៤ ខែសីហា សិល្បករ លោក រិទ្ធិ៍ បុណ្យរតនៈ បានធ្វើការដាក់តាំងពិព័រណ៍ស្នាដៃសិល្បៈច្នៃប្រឌិត “ដំណើរជាលិកា” មានទីតាំងស្ថិតនៅ វិចិត្រសាល Rosewood។
ការតាំងពិព័រណ៍នេះបានបើកនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ដោយមានររយៈពេល ២ខែ នៅជាន់ទី៣៥ នៃសណ្ឋាគារ Rosewood ភ្នំពេញ។
ស្នាដៃសិល្បៈច្នៃប្រឌិត “ដំណើរជាលិកា” ចំនួន ៤៩ គឺជាការតាំងពិព័រណ៍ទោលទី២ របស់សិល្បករលោក រិទ្ធិ៍ បុណ្យរតនៈ ដោយលោកចង់បង្ហាញអំពីរបៀបនៃការរចនាដ៏ប្លែកមួយ មានឈ្មោះថា “ជាលិកាកម្ម”។ រាល់ផ្ទាំងគំនូរនីមួយៗរបស់ រតនៈ បានបង្កប់នូវបន្តុំជាលិកាតូចៗ ដែលមានពណ៌ រូបរាង និង ទំហំខុសៗគ្នា ហើយបូករួមជាមួយនឹងការបន្ថែមនូវបច្ចេកទេសបិតសន្លឹកមាស ការគូដោយប្រើថ្នាំពណ៌ Neon និងបច្ចេកទេសគំនូរចាក់ ហាក់បង្ហាញអំពីភាពអស្ចារ្យនៃការរួមផ្សំបញ្ជូលគ្នារវាងគំនូរឌីជីថល និង បច្ចេកទេសគូរដោយដៃផ្ទាល់។

ក្នុងការដាក់តាំងបង្ហាញនេះសិល្បករ លោក រិទ្ធិ៍ បុណ្យរតនៈ បានលើកយកកម្រងគំនូរចំនួន៣ ដែលមានចំណងជើងថា “ជាលិកា រណ្តំ ជាលិកា និមិត្ត និង ជាលិកា សក្ការៈ” ដែលនឹងដាក់តាំងបង្ហាញតាមរយៈការបែងចែកដំណើរទស្សនកិច្ច ៣ប្រភេទខុសៗ គ្នា គឺដំណើរនៃធម្មជាតិ ដំណើរនៃវប្បធម៌ និង ដំណើរនៃជាតិ។
លោក រិទ្ធិ៍ បុណ្យរតនៈ មានបំណងចង់ពាំនាំអារម្មណ៍ភ្ញៀវកិត្តិយសទៅស្វែងរក ពិនិត្យ ព្រមទាំងផ្តល់តម្លៃទៅលើភាពអស្ចារ្យនៃបន្តំជាលិកាតូចៗ ដែលឆ្លុះបញ្ជាំងអំពីតម្លៃ និងការតស៊ូនៅក្នុងជីវិតប្រចាំថ្ងៃនៅក្នុងវប្បធម៌ និងដួងព្រលឹងនៃអត្តសញ្ញាណជាតិដោយការបង្ហាញតាមរយៈតួជាលិកានីមួយៗ ក្នុងគំនូរគ្រប់ផ្ទាំងទាំងអស់នៅក្នុងកម្មវិធីនេះ។
លោក រិទ្ធិ៍ បុណ្យរតនៈ លើកឡើងថា៖ “ខ្ញុំតែងតែចាប់អារម្មណ៍ទៅលើចំនុចលំអិតនៃអ្វីៗ គ្រប់យ៉ាងដែលនៅជុំវិញខ្លួនខ្ញុំ ហើយក៏ផ្ដោតអារម្មទៅលើអ្វីដែលសាមញ្ញៗ តែចង់ប្រែក្លាយវាទៅជាអ្វីមួយដែលប្លែក។ ខ្ញុំបានឱ្យឈ្មោះទៅលើរបៀបនៃការគូរគំនូររបស់ខ្ញុំថា “ជាលិកា” ដែលសំដៅទៅលើភាគតូចល្អិតជាច្រើនមកផ្គុំចូលគ្នាដើម្បីបង្កើតបានទៅជាទម្រង់អ្វីមួយផ្សេងទៀតដែលបង្កប់សាច់រឿង និងបទពិសោធជាច្រើន”។
បុណ្យរតនៈ បានបន្តថា៖ “ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំបានធំធាត់ឡើងនៅក្នុងប្រទេសមួយដែលពោពេញទៅដោយវប្បធម៌និងប្រពៃណីដ៏សំបូរបែប ជាហេតុធ្វើឱ្យការឆ្នៃប្រឌិតរបស់ខ្ញុំទទួលបានការបណ្ដុះគំនិតតាមការរចនាក្បាច់ខ្មែរ បូកបញ្ជូលទៅសិល្បៈ សហសម័យ ដើម្បីបង្កើតបានជាគំនូរបែបឌីជីថលរួមជាមួយបច្ចេកទេសគំនូរចម្រុះ។ ទម្រង់គំនូររបស់ខ្ញុំបានបង្ហាញអំពីវត្ថុដំណាងមួយដែលពោរពេញទៅដោយជាលិកាចម្រុះពណ៌ និងទំហំ ស្ថិតនៅចំកណ្ដាលនៃផ្ទៃលាតដែលមានតែមួយពណ៌ប្រៀបបានទៅនឹងប្រាសាទអង្គរវត្តដែលពោរពេញទៅដោយក្បាច់ក្បូរចនាដ៏ល្អឥតខ្ចោះ ដែលស្ថិតនៅកណ្តាលកសិនទឹកព័ទ្ធជុំវិញជាទីស្ងប់ស្ងាត់សម្រាប់ឱ្យអ្នកទស្សនាកាន់តែផ្តោតអារម្មទៅលើភាពលំអិត និងភាពអស្ចារ្យដែលនៅចំកណ្តាល”។
ជាចុងក្រោយលោកសង្ឃឹមថា មិនថាកម្រងគំនូរទៅគំនូរនៃផ្ទាំងនីមួយៗ ឬបំណែកជាលិកានីមួយៗ ដែលលោកបានបង្កើតឡើងនឹងធ្វើឱ្យទស្សនិកជនចំនាយពេល ចំណាយអារម្មណ៍ដើម្បីសញ្ជឹងគិតហើយបង្កើតជាសំនួរ ឬចាប់ផ្ដើមការពិភាក្សាជាថ្មី ទៅលើប្រធានបទដែលធ្លាប់មានពីមុនមកដោយសារតែការធ្វើ ជាលិកាកម្ម បានបើកទំព័រថ្មីនូវសម្រស់ដែលប្លែកៗ ដែលត្រូវបានគេមើលរំលងនៅក្នុងគ្រប់ភាវៈជុំវិញខ្លួនយើងគ្រប់គ្នា។ ជាលិកា គឺជាបទពិសោធមួយដែលបណ្តាលឱ្យយើងទាំងអស់គ្នា ចាប់ផ្ដើមស្វែងរកក៏ដូចជាបង្ហាញភាពអស្ចារ្យប្លែកៗ គ្នា ក្នុងនាមជាបុគ្គលម្នាក់នៅក្នុងជាតិមួយ សាសនាមួយ និងវប្បធម៌មួយផងដែរ។