តើសារធាតុប្រឆាំងអុកស៊ីតកម្មជាអ្វី? សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសារធាតុដែលការពារកោសិការពីការខូចខាត ដែលបណ្តាលមកពីម៉ូលេគុលមានលក្ខណៈមិនស្ថិតស្ថេរ ឬម៉ូលេគុលដែលប្រតិកម្ម ជាទូទៅត្រូវបានគេហៅថា “រ៉ាឌីកាល់សេរី”។
រ៉ាឌីកាល់សេរីនេះ មានការពាក់ព័ន្ធច្រើនទៅនឹងការវិវត្តភាពចាស់លឿន ព្រមទាំងជំងឺការករកើតនូវជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ជំងឺ មហារីក ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង វាករកើតឡើងដោយច្រើនប្រភព ដូចជាអំឡុងពេលរាងកាយធ្វើប្រតិបត្តិការ ជាតិពុលក្នុងបរិយាកាស ពន្លឺព្រះអាទិត្យ និងការទទួលទានប្រភេទអាហារកែច្នៃជាដើម។
ការទទួលទានអាហារដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយរាងកាយរបស់អ្នកប្រឆាំងនឹងរ៉ាឌីកាល់សេរី នឹងធ្វើឱ្យកោសិកាមានសុខភាពល្អ។ សារធាតុប្រឆាំងអុកស៊ីតកម្មទូទៅ រួមមាន វីតាមីន A, C, E និង បេតាការ៉ូទីន
សេលេញ៉ូម លីកូពីន លូទីន។ អ្នកអាចជ្រើសរើសប្រភេទ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដូចខាងក្រោម៖
• វីតាមីន A មាននៅក្នុង៖ ទឹកដោះគោ ប៊ឺ ស៊ុត និង ថ្លើមសត្វ
• វីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើ៖ ប្រូខូលី ម្ទេសប្លោក ប៉េងប៉ោះ ផ្កាខាត់ណា ផ្លែប៊ឺរី ផ្លែក្រូច ផ្លែគីវី និងផ្លែល្ហុង។
• វីតាមីន E មាននៅក្នុងគ្រាប់ធុញ្ញជាតិដូចជាង៖ គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន សណ្តែកសៀង សណ្ដែកដី ពោត ហើយវាមាននៅក្នុងបន្លែស្លឹកបៃតងផងដែរ ដូចជា ស្ពៃ Spinach និងស្ពៃខាត់ណា។ល។
• បេតាការ៉ូទីន មាននៅក្នុង ៖ ការ៉ុត ដំឡូងជ្វា ផ្លែប៉ែស ផ្លែ Apricots ផ្លែល្ហុង ផ្លែស្វាយ សណ្តែក ប្រូខូលី និងសត្វសមុទ្រដូចជា មឹកជាដើម។
• លីកូពីន មាននៅក្នុង ៖ បន្លែ ផ្លែឈើពណ៌ផ្កាឈូក និងពណ៌ក្រហម ដូចជា ក្រូចថ្លុងពណ៌ក្រហម ផ្លែឪឡឹក ផ្លែ Apricots និងប៉េងប៉ោះ។
• លូទីន មាននៅក្នុង ៖ បន្លែបៃតងដូចជា ស្ពៃ Spinach ស្ពៃក្តោបបៃតង ផ្កាខាត់ណាខៀវ ពោត សណ្តែក ល្ហុង និងក្រូច។
• សេលេញ៉ូម មាននៅក្នុង ៖ នំបុ័ង ឈីស ស៊ុត សណ្តែកដី ស្រូវសាលី និងអង្ករ។ វាក៏មាននៅក្នុងប្រភេទសាច់សត្វ ដូចជាសាច់គោ សាច់ត្រី សាច់មាន់ ផងដែរ។
អ្នកក៏អាចទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្មនីមួយៗ តាមរយៈការប្រើប្រាស់ថ្នាំវីតាមីនគ្រាប់ និងផលិតផលអាហារបំប៉នផងដែរ។
សូមរម្លឹកថា សារធាតុប្រឆាំងអុកស៊ីតកម្មនីមួយៗមានផលល្អរៀងៗខ្លួន តែការទទួលអ្វីមួយច្រើនហួសហេតុពេក ក៏បង្កលទ្ធផលអវិជ្ជមាន នឹងអាចបង្កជាគ្រោះថ្នាក់ផងដែរ។ ហេតុដូច្នោះ សូមប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ឬអ្នកផ្តល់សេវាកម្មផ្នែកថែទាំសុខភាពឲ្យបានត្រឹមត្រូវ មុនពេលសម្រេចចិត្តប្រើប្រាស់។