ស្រ្តីគ្រប់រូបតែងរមែងចង់ទទួលបានសុខភាពល្អ រាងកាយមាំមួន និងសម្រស់ស្រស់ស្អាតជានិរន្តរន៍… ប៉ុន្តែស្រ្តីជាច្រើនហាក់មិនបានស្វែងយល់អំពីគន្លឹះសំខាន់ៗដែលអ្នកអាចអនុវត្តប្រចាំថ្ងៃ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។
- កុំបង្អត់អាហារពេលព្រឹក
ការបង្អត់អាហារពេលព្រឹកពិតជាគ្រោះថ្នាក់ណាស់ចំពោះសុខភាពរាងកាយ បើទោះបីជាអ្នកមិនសូវចង់ទទួលទានអាហារក្នុងបំណងសម្រកទម្ងន់។ អ្នកអាចទទួលទានអាហារមានជាតិសរសៃនៅពេលព្រឹក វានឹងអាចកាត់បន្ថយការស្រេកឃ្លាននាពេលថ្ងៃរសៀលបានយ៉ាងមានប្រសិទ្ធិភាព ។ ម្យ៉ាងវិញទៀត សូមចាប់ផ្តើមទទួលទានអាហារកាន់តែឆាប់ក្នុងពេលព្រឹក អ្នកនឹងមានឱកាសធ្វើឲ្យការដុតរំលាយ កំឡុងពេលធ្វើសកម្មភាពពេញមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា អ្នកដែលទទួលទានអាហារពេលព្រឹក គឺមានសុខភាពល្អជាងអ្នកដែលមិនទម្លាប់ទទួលទាន ។
- កំណត់ពេលវេលាចូលគេងឱ្យបានត្រឹមត្រូវ
ការទទួលទានដំណេករយៈពេល 7-8 ម៉ោងក្នុងមួយថ្ងៃ បានបង្ហាញថាអ្នកនឹងរស់នៅមានអាយុវែង។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយកាត់បន្ថយអាការស្រ្តេស(ភាពតានតឹងក្នុងខ្លួន) ជួយពង្រឹងការចងចាំ បំបាត់ភ្នែកស្លក់ជាំ និងកាត់បន្ថយចំណង់ទទួលទានចំណីអាហារនៅពេលយប់ ដែលជាកត្តាចម្បងធ្វើឱ្យឡើងទម្ងន់។ អ្នកគួរកំណត់ពេលវេលាចូលគេងឱ្យបានត្រឹមត្រូវ និងធ្វើតាមការកំណត់ទុកនោះទៀងទាត់។
- ពិនិត្យថែរក្សាសុខភាពមាត់ធ្មេញ
ការមើលថែ សម្អាតសុខភាពមាត់ធ្មេញ ក៏មានសារៈសំខាន់ដូចអវយវៈដទៃទៀតនៃរូបកាយរបស់អ្នកផងដែរ។ មិនត្រឹមតែថែរក្សាធ្មេញឲ្យស្រស់ស្អាតតែប៉ុណ្ណោះទេ ថែមទាំងត្រូវថែរក្សាអញ្ចាញ និងជើងធ្មេញរបស់អ្នកឲ្យមានសុខភាពល្អផងដែរ។
- គ្រប់គ្រង់ទម្ងន់របស់អ្នក
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការឡើងទម្ងន់ធាត់ពេកអាចប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីក ចំពោះស្រ្តីដែលមានគីឡូធាត់ជ្រុលឈានចូលដល់វ័យអស់រដូវប្រចាំខែ ក៏ទទួលរងការគម្រាមកំហែងពីជំងឺមហារីកក្នុងអត្រាភាគរយខ្ពស់។ ចៀសវាងការកើនទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ និព្យាយាមរក្សាទម្ងន់តាមតារាងម៉ាស់រាងកាយ(body-mass index) ក្រោម 25 (អាចទូទាត់តាមអនឡាញ)។
- បង្កើនអារម្មណ៍ល្អតាមរយៈការធ្វើលំហាត់ប្រាណ
ការហាត់ប្រាណបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សុខភាណមាន ដូចជា កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺសន្លាក់ដៃជើង និងជំងឺផ្សេងៗទៀត។ លំហាត់ប្រាណក៏ជួយឱ្យអ្នកមានអារម្មណ៍ល្អ ពីព្រោះជាតិពុលដែលមាននៅក្នុងខ្លួនត្រូវបានបណ្តេញចេញកំឡុងពេលអ្នកធ្វើចលនា។
- ទទួលទានអាហារដែលមានតុល្យភាព
អាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដល់រូបរាងកាយ មានដូចជា បន្លែ ផ្លែឈើ និងទទួលទានភេសជ្ជៈដែលមានជាតិស្ករតិច ហើយកាត់បន្ថយទទួលទានអាហារមានផ្ទុកនូវសារជាតិកាបូហាយដ្រាត និងជាតិខ្លាញ់ជាដើម។ ដើម្បីទទួលបានប្រូតេអ៊ីនពេញលេញ សូមទទួលទាន ត្រី សាច់ទ្រូងមាន់ សាច់ក្រហមក្នុងកម្រិតតិចល្មម និងគ្រាប់ធញ្ញជាតិផ្សេងៗ។