តើរលាកក្រពះជាជំងឺជាអ្វី? តើវាមានផលវិបាកយ៉ាងណាខ្លះ?
អាការៈចុក ឆ្អល់ នៅក្នុងពោះផ្នែកខាងលើ ជួនឈឺខ្លាំង ជួនឈឺតិច ញយៗទៅផ្តល់ជាការរំខានយ៉ាងខ្លាំង។ ទាំងនេះអាចជារោគសញ្ញានៃការឈឺក្រពះ ឬរលាកក្រពះ ដែលអ្នកពុំសូវដែលចាប់អារម្មណ៍ តើហេតុអ្វីបានជាមានករណីរលាកក្រពះកើតឡើង? តើយើងអាចបញ្ចៀសវាបានដូចម្តេច និង ត្រូវព្យាបាលវាដោយវិធីណា?
ជំងឺក្រពះមានច្រើន ប៉ុន្តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា មានដូចជា ជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និងជំងឺច្រាលទឹកអាស៊ីតឡើងលើ។
- មូលហេតុនៃការបង្កជំងឺក្រពះ
បណ្ខិតវេជ្ជសាស្រ្តបានរកឃើញជំងឺរលាកក្រពះតាំងពីឆ្នាំ ១៧២៨ ដែលបានសង្កេតឃើញថា ដុំសាច់ដែលយកមកវិភាគមានការបាត់បង់ និងខូចខាតកោសិកាក្រពះ។ កោសិកាខូចខាតទាំងនោះ មានការលូតលាស់មកវិញទើបបង្កើតបានបានជាពាក្យថា ជំងឺរលាកក្រពះ។
នៅឆ្នាំ ១៩៨២ ជំងឺរលាកក្រពះមានការវិវឌ្ឍន៍ច្រើន! គេបានរកឃើញនូវមេរោគម្យ៉ាងដែលបង្កឱ្យមានជំងឺរលាកក្រពះ និងដំបៅក្រពះ មានឈ្មោះថា អេលីកូបាក់ទែ ពីឡូអ៊ី (Helicobacter Pylori)។ ចាប់ពីពេលនោះមក ក៏មានការសិក្សាស៊ីជម្រៅជាច្រើនទាក់ទងនឹងជំងឺរលាកក្រពះ ដោយបានបែងចែកជំងឺនេះជាច្រើនប្រភេទដូចជា ៖ ជំងឺរលាកក្រពះ បង្កឡើងដោយបាក់តេរី ជំងឺរលាកក្រពះបង្កដោយការច្រាលទឹកក្រពះឡើងមកលើ ក្រោមហេតុផលការទទួលទានថ្នាំបំបាត់ការឈឺចាប់ រឺអាចបណ្តាលមកពីចំណីអាហារ មេរោគរបេង និងអាចដោយសារពពួកវីរុសក្នុងសារពាង្គកាយបុគ្គលដែលមានប្រព័ន្ធការពារខ្លួនចុះខ្សោយ។
គួរកត់ចំណាំផងដែរថា ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺក្រូន ជំងឺសាល់កូអ៊ុយដូ និងការស្ទះសរសៃឈាម ព្រមទាំងពពួកប៉ារ៉ាស៊ីតនិងព្រូន ក៏អាចជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកក្រពះផងដែរ។
- រោគសញ្ញានៃជំងឺរលាកក្រពះ
រោគសញ្ញានៃជំងឺរលាកក្រពះមានលក្ខណៈដូចជា ៖ ចុក ឆ្អល់នៅក្នុងពោះត្រង់ផ្នែកខាងលើជិតចុងដង្ហើម ទទួលទានអាហារឆាប់ឆ្អែត មានអាការៈតឹងឆ្អល់ក្នុងពោះពិបាកទ្រាំ។ ក្រៅពីនេះ គេសង្កេតឃើញមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនផ្សេងទៀត ដូចជា គេងមិនលក់ មានបញ្ហាថប់បារម្ភច្រើន។ល។
- រលាកក្រពះ និង ស្ត្រេស
ស្រ្តេសជាបញ្ហាមួយដែលនាំឱ្យមានជំងឺក្រពះ។ នៅក្នុងខួរក្បាលមនុស្សមានប្រព័ន្ធ២ ៖ មួយផ្នែកបញ្ជាដោយស្វ័យប្រវត្តិ មួយផ្នែកទៀតត្រូវការការបញ្ជាពីខួរក្បាល ឧទាហរណ៍ ដូចកាលដែលបញ្ជាដៃឱ្យកាន់ប៊ិចសរសេរ…។ ប្រព័ន្ធស្វ័យប្រវត្តិ ដែលមានដូចជា ចលនាបេះដូង ការដកដង្ហើម ចលនារបស់ក្រពះនិងពោះវៀនដែលត្រូវចាប់ដំណើរការខ្លួនឯងដោយមិនបាច់បញ្ជា។
នៅពេលដែលទទួលទានអាហារចូលទៅ ក្រពះត្រូវកិនដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើយើងមានស្រ្តេសច្រើន ប្រើប្រាស់ការគិតខួរក្បាលហួសកំណត់រហូតមិនអាចផ្ចង់អារម្មណ៍បាន អាចនាំឱ្យប្រព័ន្ធបញ្ជាស្វ័យប្រវត្តិធ្វើការខុសប្រក្រតី ហើយស្តែងចេញជារោគសញ្ញា។ រោគសញ្ញាភាគច្រើន ចេញនៅលើក្រពះ ពោះវៀន ហេតុដូច្នេះហើយបានជាសង្កេតឃើញអ្នកជំងឺមានអារម្មណ៍ ចុក ឆ្អល់ ចេញទឹកមាត់ ឆាប់ហេវ ជួនកាលអមដោយអាការៈក្អួតចង្អោរ។
- វិធីការពារជំងឺរលាកក្រពះ
- សូមទទួលទានអាហារឱ្យទៀងទាត់ពេលវេលា និងទទួលទានអាហារសុខភាព
- កុំបរិភោគ សុរា និងបារី
- សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំពពួកបំបាត់ការឈឺចាប់
- សូមរក្សាអនាម័យ លាងសម្អាតចំណីអាហារបន្លែផ្លែឈើ ដើម្បីបញ្ចៀសការចម្លងមេរោគអេលីកូបាក់ទេ ពីឡូរី
- តើជំងឺរលាកក្រពះអាចរាលដាលទៅជាដំបៅក្រពះ និងមហារីកក្រពះដែរឬទេ?
អ្នកគួរតែប្រញាប់ប្រញាល់ព្យាបាលឱ្យបានទាន់ពេលវេលា កុំព្យយាមពន្យាពេល ប្រឹក្សាជាមួយវេជ្ជបណ្ឌិតអំពីជំងឺនេះ។ ការបណ្តែតបណ្តោយយូរទៅៗ មេរោគអាចនឹងមានការវិវឌ្ឍន៍ទៅបំផ្លាញស្រទាប់កោសិកាខាងលើរបស់អ្នក ដែលជាកត្តានាំឱ្យធ្លាក់ខ្លួនទៅជាមានដំបៅក្រពះ និងមហារីកក្រពះក្នុងរយៈពេលយូរ។
ដំបៅក្រពះ ដំបៅពោះវៀន បណ្តាលមកពីមេរោគអេលីកូបាក់ទែរពីឡូរី និងការប្រើប្រាស់ឱសថមិនត្រឹមត្រូវ។ ជំងឺនេះគឺជាជំងឺរ៉ាំរ៉ៃ និងងាយរើឡើងវិញ វាបង្កការឈឺចាប់ ក្រហល់ក្រហាយក្តៅរោលនៅចុងដង្ហើម និងនៅក្រោមឆ្អឹងជំនីរខាងស្តាំ។
ជំងឺក្រពះ និង ដំបៅពោះវៀន អាចកើតមានឡើងដោយសារតែបញ្ហាមួយចំនួន ដូច្នេះអ្នកត្រូវតែរស់នៅស្អាត ទទួលទានស្អាត មានអានាម័យល្អ ព្រោះមេរោគទាំងនេះអាចរស់នៅក្នុងបន្លែ ម្ហូបអាហារដែលមិនស្អាត ទឹកកង្វក់ ម្យ៉ាងអ្នកគួរបញ្ចៀសការប្រើប្រាស់នូវថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវច្បាស់លាស់។