អាត្រានៃការឆ្លងជំងឺអេដស៍មានការកើនឡើងជាគំហុក ដូច្នេះហើយ អ្នកគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចូលរួមបង្ការការពារ ជាពិសេសសូមស្វែងយល់ដឹងបន្ថែមអំពីជំងឺដ៏រ៉ាំរ៉ៃមួយនេះ ។
តើ ជំងឺអេដស៍ គឺជាអ្វី?
ជំងឺអេដស៍ គឺជាជំងឺមួយប្រភេទឆ្លងតាមរយៈឈាម ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែវីរុសនៃជំងឺនេះ ដែលមានឈ្មោះថា HIV: Human Immunodeficiency Virus ជាប្រភេទវីរុសម្យ៉ាង មានឥទ្ធិពលធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សចុះខ្សោយខ្លាំង។
តើ ជំងឺអេដស៍ មានរោគសញ្ញាអ្វីខ្លះ?
មធ្យោបាយតែមួយគត់ ដែលអាចឱ្យអ្នកដឹងពិតប្រាកដថា អ្នកកំពុងមានផ្ទុកមេរោគអេដស៍ គឺការធ្វើតេស្តឈាម ប៉ុន្តែអ្នកក៏អាចកំណត់សម្គាល់តាមរយៈរោគសញ្ញាមួយចំនួនផងដែរ រួមមាន ៖
• គ្រុនក្តៅ
• ឈឺសាច់ដុំ សន្លាក់ ឆ្អឹងឆ្អែង
• ហើមកូនកណ្តុរ (តំបន់ ក ក្រោមដៃ និងក្រលៀន)
• ឡើងកន្ទួល ឬកើតមានជំងឺសើរស្បែក
• ឈឺបំពង់ក
• បែកញើសញឹកញាប់នៅពេលយប់
• ស្រកទម្ងន់ខ្លាំង
• ផ្សិតមាត់ ឬពងបែកមាត់
• រលាកទងសួត រលាកបំពងក អស់កម្លាំងល្ហិតល្ហៃ
ប្រសិនបើអ្នកកើតមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមធ្វើការតេស្តឈាមជាបន្ទាន់។
តើ ជំងឺអេដស៍ ឆ្លងតាមរយៈអ្វី?
អេដស៍ គឺជាជំងឺឆ្លង និងមានកត្តាជាច្រើនដែលអាចចម្លង មេរោគ រួមមានដូចជា ៖
• ការរួមភេទជាមួយដៃគូ ដែលផ្ទុកមេរោគអេដស៏ ដោយមិនបានការពារ
• ឆ្លងតាមរយៈឈាម មានដូចជា ការប្រើប្រាស់ម្ជុល ឬស៊ឺរ៉ាំងរួមគ្នា
• ការរួមភេទជាក្រុម ឬធ្លាប់កើតមាន ជំងឺកាមរោគ ដែលមិនបានទទួលការព្យាបាល
• អាចឆ្លងពីម្តាយទៅកូន មាន 3 ដំណាក់កាល គឺ នៅក្នុងពោះ នៅពេលកើត និងនៅពេលបំបៅដោះកូន (ក្នុងករណីម្ដាយកើតជំងឺអេដស៍)
សូមរម្លឹកផងដែរថា មេរោគអេដស៏ មិនអាចឆ្លងតាម ៖
• ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈ
• ការប្រើប្រាស់បង្គន់ ឬ បន្ទប់ទឹកសាធារណៈ
• សត្វល្អិតទិច ឬ ខាំ
• ការសួរសុខទុក្ខអ្នកជំងឺ ឬ ឱបថើបគ្នា រឺ ចាប់ដៃគ្នា
• ការហូបចុករួមគ្នា រឺ រស់នៅផ្ទះជាមួយគ្នា
វិធីបង្ការការពារ ៖
• សូមប្រើប្រាស់ស្រោមអនាម័យជាប្រចាំ ពេលរួមភេទជាមួយដៃគូ
• សូមបញ្ឈប់ការប្រើប្រាស់របស់របរមុតស្រួចរួមជាមួយគ្នា រួមមាន ម្ជុលចាក់ថ្នាំ ឬស៊ឺរ៉ាំង ឡាម កន្រ្តៃកាត់ក្រចក ដែកចារ(ការចាក់សាក់) ម្ជុលចោះត្រចៀក និងកាំបិត ជាដើម
• ហាមបញ្ចូលឈាម ឱ្យគ្នាដោយពុំបានពិនិត្យសុខភាពជាមុន ឬពុំដឹងថាខ្លួនឯងកើតជំងឺអេដស៍
• ការពារកុំឱ្យឈាមរបស់បុគ្គលដែលផ្ទុកមេរោគអេដស៍ ខ្ទៀតប៉ះឈាមរបស់យើង (ក្នុងករណីយើងមានរបួសហូរឈាម)
តើ ជំងឺអេដស៍ អាចព្យាបាលឱ្យជាដាច់បានដែរឬទេ?
បច្ចុប្បន្ននេះ ពុំមានវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ ឬក៏ព្យាបាល ជំងឺអេដស៍ ឱ្យជាសះស្បើយនៅឡើយទេ។ ប៉ុន្តែ នេះមិនមែនមានន័យថា ការរស់នៅជាមួយមេរោគអេដស៍ហាក់ដូចជាការទទួលនូវទោសទណ្ឌកម្មប្រហារជីវិតនោះទេ។
អ្នកជំងឺអេដស៍ ដែលទទួលបានការព្យាបាលត្រឹមត្រូវ និងជាប់លាប់ អ្នកជំងឺអាចមានជីវិតរស់នៅធម្មតាដូចប្រជាជនទូទៅ ហើយថែមទាំងកាត់បន្ថយការចម្លងមេរោគអេដស៍ទៅកាន់អ្នកដទៃទៀតផងដែរ។