“ស្បូន” គឺជាសរីរាង្គសំខាន់បំផុតសម្រាប់មនុស្សស្រី!
ប្រសិនបើស្បូនរបស់ស្រ្តីចុះខ្សោយ ឬមានបញ្ហាស្រុតស្បូន ប្រាកដណាស់វាប៉ះពាល់ដល់សុខុមាលភាពស្រ្តី យ៉ាងខ្លាំង។
តើ បញ្ហាស្រុតស្បូន ជាអ្វី?
បញ្ហស្រុតស្បូន កើតឡើងនៅពេលសាច់ដុំឆ្អឹងអាងត្រគាក និងសរសៃចង មានសភាពខ្សោយ និងយារ រហូតដល់សរីរាង្គនេះ មិនអាចគាំទ្រដល់ស្បូនបានគ្រប់គ្រាន់ ធ្វើឱ្យស្បូនធ្លាក់ចុះ ឬលេចចេញតាមទ្វារមាស។ ជាទូទៅ ស្ត្រីអាចកើតមានបញ្ហាស្រុតស្បូន ក្រោយសម្រាលកូនរួច និងស្រ្តីវ័យចំណាស់ អាយុចន្លោះពី 50 ទៅ 80 ឆ្នាំ។
ស្ត្រីដែលមានបញ្ហាស្រុតស្បូន តែងជួបប្រទះបញ្ហាទ្វារមាស បញ្ហាតម្រងនោម បញ្ហាបន្ទោរបង់ និងឈឺចាប់ជុំវិញបរិវេណត្រគាកជាប្រចាំ។
មូលហេតុបណ្តាលឱ្យស្រ្តីមានបញ្ហាស្រុតស្បូន ៖
• សម្រាលកូនធំពេក ៖ ការសម្រាលកូនតែងធ្វើឱ្យខូចខាតជាលិកា សាច់ដុំ និងសរសៃពួរខាងក្នុង និងជុំវិញទ្វារមាស។
• អស់រដូវ ៖ ដោយសារអ័រម៉ូនអឺស្ត្រូសែន មាននាទីជួយរក្សាសាច់ដុំ និងជាលិកាទ្រទ្រង់សរីរាង្គក្នុងអាងត្រគាកឱ្យរឹងមាំ ដូច្នេះបើស្រ្តីអស់រដូវ បរិមាណអ័រម៉ូនធ្លាក់ចុះ វានឹងបង្កឱ្យសរីរាង្គចុះខ្សោយដូចគ្នា។
• កាត់ស្បូន ៖ ស្បូនជាសរីរាង្គសំខាន់ដែលទ្រទ្រង់ផ្នែកខាងលើទ្វារមាស។ ហេតុនេះហើយ នៅពេលស្បូនត្រូវបានកាត់ចោល សាច់ដុំផ្នែកខាងលើទ្វារមាស នឹងធ្លាក់ស្រុតចុះមករន្ធទ្វារមាសតែម្តង។
រោគសញ្ញាស្រុតស្បូន ៖
• មានអារម្មណ៍ថាមាន ជាលិកាលៀនចេញមកខាងក្រៅទ្វារមាស
• មានអារម្មណ៍ថា ឆ្អឹងអាងត្រគាកធ្ងន់ ឬទាញៗ
• នោម ឬបន្ទោរបង់មិនអស់ និងនោមមិនទៀងទាត់ នោមញឹកញាប់ ឬនោមទាស់
• មានអារម្មណ៍ថា កំពុងអង្គុយលើកូនបាល់តូចមួយ ឬជាលិកាទ្វារមាស កំពុងកកិតនឹងក្រណាត់
• គ្រុនក្តៅ និងក្អួតចង្អោរ ឬមិនស្រួលនៅឆ្អឹងអាងត្រគាក ឬខ្នងផ្នែកខាងក្រោម
• នៅពេលរួមភេទ មានអារម្មណ៍ថាជាលិកាទ្វារមាសយាររលុង
វិធីបង្ការ ៖
• ចៀសវាងការអង្គុយយូរ
• ទទួលទានទឹកឱ្យបានច្រើន និងទទួលទានបន្លែផ្លែឈើធម្មជាតិ ឬគ្រាប់ធញ្ញជាតិ
• ទទួលទានអាហារដែលផ្ទុកជាតិអាស៊ីកហ្វូលីក បេតា និងការ៉ូទីន
• ចៀងវាងបញ្ហាលើសទម្ងន់
• មិនត្រូវលើកដាក់របស់របរធ្ងន់ៗពេក