នៅពេលនិយាយទៅដល់ទូរស័ព្ទប្រណិត គេតែងនឹកឃើញទៅដល់ ម៉ាកទូរស័ព្ទមួយដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក នោះគឺ VERTU។ VERTU ជា brand ទូរស័ព្ទលំដាប់អភិជន ដែលផ្នែករបស់វា ត្រូវបានផលិតឡើងដោយគ្រឿងប្រណិតៗ និង មានតម្លៃថ្លៃ។ មួយវិញទៀត ម៉ាកទូរស័ព្ទនេះ ត្រូវបានធ្វើឡើងដោយដៃ យ៉ាងផ្ចិតផ្ចង់ជាទីបំផុត។
ហេតុផលទាំង ៤ នេះ ធ្វើឱ្យទូរស័ព្ទ VERTU មានតម្លៃថ្លៃខ្លាំង នៅលើពិភពលោក
១. គ្រឿងប្រណិត
ជាការពិត ទូរស័ព្ទ VERTU ត្រូវបានផលិតឡើងពីគ្រឿងប្រណិតៗ លំដាប់ថ្លៃៗ នៅលើពិភពលោក។ កញ្ចក់របស់វា ត្រូវបានផលិតឡើងពី sapphire ហើយតួខ្លួនរបស់វាត្រូវបានផលិតឡើងពី titanium ដែល Apple បានបំពាក់ទៅទូរស័ព្ទរបស់ខ្លួនរហូតដល់ស៊េរី iPhone 15 Pro។ ចំណែកផ្នែកខាងក្រោយរបស់វា ត្រូវបានផលិតឡើងពីស្បែកសត្វក្រពើ ហើយបំពាក់លោហៈធាតុកាបូន ដែលអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើការ customized ដាំពេជ្រ ឫ មាស បន្ថែមពីលើនោះ។
២. ការរចនាផ្ចិតផ្ចង់
VERTU ជាទូរស័ព្ទដែលត្រូវបានរចនា និង ផលិតដោយដៃផ្ទាល់។ វាត្រូវបានគេផលិតយ៉ាងយកចិត្តទុកដាក់ ដោយគិតពីគុណភាព ប្រណិតភាព ជាចំបង។ VERTU សហការណ៍ ជាមួយនឹងអ្នកជំនាញ ល្បីឈ្មោះ ដើម្បីរចនាម៉ូតទូរស័ព្ទមួយដែលគេស្គាល់ពេញពិភពលោក នោះ គឺ Signature V។ Signature V ជាទូរស័ព្ទចុចប៊ូតុង និង មានការនិយមប្រើបំផុត ពីសំណាក់សេដ្ឋី អ្នកមានមុខមាត់នៅក្នុងសង្គម និង ថ្នាក់ដឹកនាំជាដើម។
៣. សេវាបម្រើអតិថិជនពិសេស
VERTU បានធ្វើការទៅលើផ្នែក សេវាគាំទ្រដល់អតិថិជន ជាពិសេសដែលផ្តល់ឱ្យអ្នកប្រើទទួលបាននូវអារម្មណ៍មួយ បែបអភិជន។ នោះមានន័យថា ម៉ាកទូរស័ព្ទប្រណិតរបស់ពិភពលោកមួយនេះ បានផ្តល់នូវ សេវាបម្រើអតិថិជនបែប private រាល់ពេលដែលទូរស័ព្ទរបស់អ្នកមានបញ្ហា នោះអ្នកនឹងទទួលបានការដោះស្រាយយ៉ាងឆាប់រហ័ស ប្រកបដោយស្តង់ដារវិជ្ជាជីវៈ ពិតប្រាកដ។
៤. បំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់
ក្រៅពីជាម៉ាកទូរស័ព្ទប្រណិត VERTU ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ទៅដល់អតិថិជនរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០២២ VERTU បានបញ្ចេញលក់ទូរស័ព្ទ ប្រភេទ web3 ដំបូងគេនៅលើពិភពលោក ឈ្មោះ METAVERTU ដែលមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាការពារទិន្នន័យព័ត៍មានផ្ទាល់ខ្លួនរបស់អ្នកប្រើ។
សរុបមក VERTU នៅតែរក្សាតំណែងជាក្រុមហ៊ុនផលិតទូរស័ព្ទប្រណិត ឈានមុខគេនៅលើពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ក្រុមហ៊ុននេះ ផ្តោតលើគោលដៅអតិថិជនពិសេសរបស់គេ មួយក្រុម ដែលគេចាត់ទុកជាអទិភាព៕