សព្វថ្ងៃនេះយើងបានឃើញថា បញ្ហាសុខភាពមានការកើនឡើងនូវជម្ងឺផ្សេងៗជាច្រើន ដែលធ្វើឲ្យ ការព្រួយបារម្ភខ្លាំងពាក់ព័ន្ធ នឹងបញ្ហាសុខភាព គេដឹងថា “សុខភាព ជាទ្រព្យដែលមានសារៈសំខាន់បំផុត” ហើយដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងកុំឲ្យខ្ជះខ្ជាយចំណាយច្រើនទៅលើការថែទាំសុខភាពនោះ គឺការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងជាប្រចាំ។
ពេលដែលយើងបរិភោគអាហារចូលទៅ ប្រៀបបានដូចជាបញ្ចូលនៅថាមពល ទៅក្នុងរាងកាយ ។ អាហារដែលយើងបានញាំចូលទៅក្នុងសិរីរាង្គរាងកាយ ត្រូវការបញ្ចេញចោលតាមការបន្ទោរបង់ និងការបញ្ចេញញើស។ នៅពេលយើង មិនបានបញ្ចេញសារជាតិពុលទាំងអស់នោះចេញពីខ្លួនរបស់យើង យូរៗទៅវាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងបង្កហានិភ័យផ្សេងជាច្រើនទៀត ដែលយើងមិនបានគិតទុកជាមុន។
យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានលើកឡើងថា ការហាត់ប្រាណមិនត្រឹមតែជួយកាត់បន្ថយបញ្ហាស្ត្រេសប៉ុណ្ណោះទេ ថែមទាំងជួយទប់ស្កាត់ ហានិភ័យជម្ងឺទឹកនោមផ្អែម ការឡើងឈាម បញ្ហាជម្ងឺគាំងបេះដូង បញ្ហាជាតិខ្លាញ់ក្នុងសសៃឈាម ការឡើងគីឡូខ្លាំង និងធ្វើឲ្យសាច់ដុំមានភាពរឹងមាំ។

អ្នកដែលទើបតែចាប់ផ្តើមធ្វើលំហាត់ប្រាណដំបូងៗ គួរតែសាកល្បងចំណាយពេលពី ១០ ទៅ២០នាទីសិន ដើម្បីឲ្យរាងកាយរបស់យើងមានភាពសាំ យូរៗទៅវានឹងក្លាយទៅជាទម្លាប់ល្អមួយជួយឲ្យមានការផ្លាស់ប្ដូរបរិបថជីវិតថ្មីដែលមានតុល្យភាព។ ម្យ៉ាងវិញទៀត អ្នកគួរកំណត់ពេលវេលាក្នុងការហាត់ប្រាណ ដូចជា ក្នុងមួយសប្ដាហ៍ ៥ថ្ងៃ ក្នុងមួយថ្ងៃយ៉ាងតិចបំផុតចាប់ពី ១៥ទៅ២០នាទី។
សុខភាពរាងកាយ ពឹងផ្អែកលើរបបអាហារដូចគ្នា នៅពេលដែលអ្នកធ្វើលំហាត់ប្រាណច្រើន នឹងធ្វើឲ្យរាងកាយយើងអស់កម្លាំង នឿយហត់ ហេវហត់ជាងធម្មតា។ ដូច្នេះអ្នកគួរតែជ្រើសរើសរបបអាហារណាដែលមានជាតិប្រូតេអ៊ីនច្រើន និងមានតុល្យភាពល្អសម្រាប់ទ្រទ្រង់រាងកាយ ជៀសវាងអាហារដែលមានសារជាតិខ្លាញ់ច្រើន របស់ផ្អាប់ ផ្អែមពេក ហឹរពេក ឬក៏អាហារ Fast Food ជាដើម ។
មួយវិញទៀតការញាំទឹកឲ្យបានគ្រប់គ្រាន់ ជារឿងចាំបាច់សម្រាប់មនុស្សទូទៅ ចំពោះអ្នកហាត់ប្រាណ ឬ អ្នកដែរមិនមានទម្លាប់ក្នុងកាហាត់ប្រាណក៏ដោយ វាមានសារៈប្រយោជន៍ច្រើនចំពោះសុខភាព។ នៅពេលដែរអ្នកហាត់ប្រាណច្រើនធ្វើឲ្យរាងកាយបញ្ចេញជាតិទឹកច្រើនដូចគ្នា ព្រោះថាជាតិពុលទាំងអស់ ដែលមាននៅក្នុងខ្លួនគឺបញ្ចេញទៅតាមការបត់ជើង និងតាមរយៈការបញ្ចេញជាតិញើសដូចគ្នា។
ជំនួសដោយការញាំភេសជ្ជៈដែលមានជាតិផ្អែម អ្នកទាំងអស់គ្នាបានដឹងរួចហើយថា ភេសជ្ជៈដែលជាប្រភេទពពួក Energy Drink មានហានិភ័យខ្ពស់ចំពោះសុខភាព ព្រោះនៅក្នុងប្រភេទភេសជ្ជៈទាំងនោះមានជាតិស្ករច្រើនហួសកំរិត ដែលអាចបង្កឲ្យមានជំងឺទឹកនោមផ្អែមបាន។
ប្រសិនបើអ្នកជ្រើសរើសការញាំគ្រឿងកំប៉ុងដើម្បីបង្កើនកម្លាំង អ្នកត្រូវបញ្ចេញមកវិញជាតិញើសនេះមកវិញឲ្យបានច្រើនដូចគ្នា ដើម្បីឲ្យជាតិស្ករនៅក្នុងឈាម មានតុល្យភាព។