“វីតាមីន C” ត្រូវបានគេសរសើរថាជាសារធាតុផ្សំដ៏ល្អបំផុតសម្រាប់ពន្យាការវិវត្តន៍ភាពចាស់នៃស្បែកមុនអាយុ ហើយវាក៏រាប់ជាគន្លឹះមួយក្នុងការថែរក្សាស្បែកមុខ ស្បែកខ្លួនឱ្យសភាពភ្លឺរលោង សថ្លា បំបាត់ស្នាម ជាពិសេសបំបាត់បញ្ហាស្បែកផ្សេងៗ។
“វីតាមីន C” គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម វាប្រឆាំងនឹងរ៉ាឌីកាល់សេរី (ជាតិពុល) ដែលបង្កគ្រោះថ្នាក់ និងប៉ះពាល់ស្បែករបស់អ្នកពីប្រភពខាងក្រៅ ដូចជាការបំពុលបរិយាកាសខាងក្រៅ ការត្រូវធូលីដីច្រើន ប៉ះពាល់នឹងធាតុកង្វក់.. ។
រ៉ាឌីកាល់សេរីមានសមត្ថភាពបំផ្លិចបំផ្លាញស្បែករបស់អ្នក ហើយការប្រើប្រាស់វីតាមីន C អាចប្រឆាំងនឹងរ៉ាឌីកាល់សេរីធ្វើអោយសុខភាពស្បែកទាំងមូលរបស់អ្នកប្រសើរឡើង។ បន្ថែមពីនេះ វីតាមីន C ត្រូវបានគេពេញនិយមបំផុតប្រើប្រាស់វាជាគ្រឿងផ្សំ ផលិតផលថែរក្សាស្បែកគាំទ្រដោយវិទ្យាសាស្រ្ត មានសមត្ថភាពជួយពន្យារភាពចាស់នៃស្បែក ការពារការដុតបំផ្លាញពីពន្លឺព្រះអាទិត្យ និងបំបាត់ស្នាមជ្រួញ អុចខ្មៅ និងមុនលើផ្ទៃមុខ។
អត្ថប្រយោជន៍របស់វីតាមីន C
ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា វីតាមីន C អាចជួយបំបាត់ស្នាមជ្រួញយ៉ាងមានប្រសិទ្ធិភាពបំផុត មិនថានៅលើស្បែកមុខ ស្បែកក និងស្បែកដងខ្លួនទាំងមូល។ ជាធម្មតាការប្រើប្រាស់វីតាមីន C ជាប្រចាំថ្ងៃយ៉ាងហោចណាស់ 3 ខែ វានឹងហុចផលឱ្យឃើញថាពិតជាមានការផ្លាស់ប្តូរ។
បន្ថែមពីនេះ វីតាមីន C ក៏អាចជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កគ្រោះថ្នាក់នៅពេលដែលអ្នកប៉ះពាល់ផ្ទាល់ជាច្រើនម៉ោង បើទោះបីអ្នកប្រើប្រាស់ប្រភេទឡេការពារកម្តៅថ្ងៃកដោយ។ ជាមួយគ្នានេះដែរ អាស៊ីត Ferulic និងវីតាមីន E ក៏បានចូលរួមកាត់បន្ថយការឡើងរលាកក្រហម និងជួយការពារស្បែកពីការដោយការត្រូវកម្តៅថ្ងៃក្តៅ។
វីតាមីន C មានសមត្ថភាពកាត់បន្ថយស្នាមអុចខ្មៅ អាចជួយកម្ចាត់មុន តាមរយៈលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា ដែលជួយគ្រប់គ្រងការផលិតជាតិខ្លាញ់ (ប្រេង) នៅក្នុងស្បែក។
អ្នកអាចស្វែងរកវីតាមីន C ក្នុងការថែរក្សាសុខភាពស្បែកពីខាងក្រៅរបស់អ្នក តាមរយៈផលិតផលគ្រឿងថែរក្សាស្បែកគ្រប់ប្រភេទ ប៉ុន្តែសូមប្រាកដថាអ្នកបានធ្វើការពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញអំពីរបៀបក្នុងការប្រើប្រាស់ ប្រឹក្សាអំពីស្បែក និងធ្វើតាមការណែនាំបានត្រឹមត្រូវ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។