សង្វារ ជាប្រភេទស្នាមដែលកើតមាននៅលើស្បែក ស្នាមនេះបង្កមកពីការរីកធំលឿនពេកនៃរាងកាយ។ ស្នាមសង្វារកើតមានទាំងចំពោះ បុរស និងស្រ្តី ប៉ុន្តែភាគច្រើន វាកើតលើស្រ្តីមានផ្ទៃពោះ អ្នកដែលប្រើប្រាស់ប្រភេទថ្នាំការរលាក (Corticosteroid) ច្រើន ការវះកាត់ពង្រីកដើមទ្រូង ការស្រកទម្ងន់ ឬឡើងទម្ងន់លឿនពេក…។
ទោះយ៉ាងណា ស្នាមទាំងនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយនោះ ប៉ុន្តែវាបានចូលរួមចំណែកធ្វើឱ្យបាត់សោភណភាពស្រស់ស្អាតនៃស្បែក និងបង្អាក់ទំនុកចិត្តយ៉ាងខ្លាំង ជាពិសេសចំពោះស្រីៗ។
ដូច្នេះ តើមានវិធីសាស្រ្តអ្វី ដើម្បីបំបាត់ស្នាមសង្វារបានដោយមានប្រសិទ្ធិភាព?

ប្រេងដូង
ការប្រើប្រាស់ប្រេងដូងសម្រាប់ព្យាបាលសង្វារអាចជួយសម្រាលសភាពស្នាមបានលឿន។ ប្រេងដូងមានប្រសិទ្ធភាពក្នុងការពន្លឿនការជាសះនៃរបួស ដូច្នេះ ប្រសិនបើអ្នកលាបប្រេងដូងសុទ្ធជាប្រចាំថ្ងៃនៅត្រង់ស្នាមសង្វារ វាអាចកាត់បន្ថយកម្រិតស្នាមក្រហមរបស់ស្បែកបានយ៉ាងល្អ។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកជាច្រើន។ វាមានសារធាតុចិញ្ចឹមសំខាន់ និងមានសមាសធាតុសកម្មដែលអាចប្រើក្នុងការព្យាបាលការរលាកស្រាលៗ ព្រមទាំងគុណសម្បត្តិព្យបាលស្នាមសង្វារ។ អ្នកអាចយកទឹករបស់ប្រទាលទៅលាបផ្ទាល់លើស្បែកដែលទទួលរងផលប៉ះពាល់។ ទុកវាចោលលើនោះប៉ុន្មាននាទី បន្ទាប់មកលាងដោយទឹកក្ដៅឧណ្ហៗ។
ស្ករស
អ្នកឯកទេសផ្នែកសើស្បែកបានបង្ហាញថា ការជម្រុះកោសិកាស្បែក (Microdermabrasion) ជាវិធីសាស្រ្តមួយប្រភេទដែលមានសមត្ថភាពក្នុងការជួយសម្រាលនូវស្លាកស្នាមសង្វារ ជាពិសេសការជម្រុះតាមបែបធម្មជាតិ ដែលអ្នកអាចជ្រើសរើសស្ករសសម្រាប់អនុវត្តវិធីសាស្រ្តនេះបាន។ សូមលាយស្ករសចំនួន 1កែវ ជាមួយប្រេងធម្មជាតិបន្ទន់ស្បែក (អាចជាប្រេងដូង) ក្នុងកម្រិត 1/4 និងក្រូចឆ្មារបន្តិច រួចកូរឱ្យក្លាយជាល្បាយខាប់ៗ បន្ទាប់មកយកដុសថ្នមៗត្រង់ទីតាំងស្នាមសង្វាររយៈពេល 5 ទៅ 10នាទី ដោយអ្នកអាចអនុវត្តប្រហែល 3 ទៅ 4ដងក្នុង 1សប្តាហ៍។
មានវិធីសាស្រ្តផ្សេងៗទៀត រួមមាន៖
• ការម៉ាស្សាជាមួយផលិតផលធម្មជាតិ
• លាបគ្រីមព្យាបាលស្នាមសង្វារ និងផ្ដល់សំណើមដល់ស្បែក
• ញ៉ាំទឹកឱ្យបានច្រើន
• ធ្វើលំហាត់ប្រាណ
• ស្អំទឹកកក
• បរិភោគអាហារមានតុល្យភាពល្អ
• ព្យាយាមអនុវត្តដោយសន្សឹមៗមិនបង្ខំ