ក្រោយពីព្រឹត្តការណ៍នៃការបើកពិធីកីឡាអូឡាំពិកឆ្នាំ 2024 អស់រយៈពេល 2 សប្តាហ៍កន្លងមក.. ចាប់តាំងពីថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2024 ឥឡូវនេះបានធ្វើការបិទបញ្ចប់ជាផ្លូវការនៅយប់ថ្ងៃអាទិត្យ ទី 11 ខែសីហា ឆ្នាំ 2024 ដោយមានកីឡាចំនួន 32 មាន 329 វិញ្ញាសា ខណៈអត្តពលិកចូលរួមប្រមាណ 10,500 នាក់ក្នុងការប្រកួតប្រជែង។
នៅក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024 មានការសម្តែងការច្រៀងដ៏អស្ចារ្យជាច្រើនតាមរយៈតារាចម្រៀងល្បីៗទូទាំងពិភពលោក ព្រមទាំងមានការសម្តែងលក្ខណៈពិសេស (Show) ផ្សេងៗច្រើនទៀត ហើយនៅក្នុងនោះក៏មានកំពូកតារាចម្រៀងរបស់កម្ពុជាម្នាក់ចូលរួមផងដែរ គឺ លោក វណ្ណដា ដែលនេះបានបញ្ជាក់ឱ្យឃើញអំពីមោទកភាពនៃប្រជាជនខ្មែរទាំងអស់ និងជាលើកដំបូងដែលសិល្បៈខ្មែរបង្ហាញខ្លួនសម្តែងជាលក្ខណៈអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តពិភពលោក ។
ការបង្ហាញខ្លួនរបស់លោកនៅក្នុងព្រឹត្តការណ៍ប្រវត្តិសាស្រ្តពិភពលោកនេះ លោក វណ្ណដា បានលើកយកចម្រៀងឈ្មោះ “Time To Rise” ដែលមានអ្នកចូលទស្សនានៅលើ YouTube ចំនួន 123លាននាក់ យកមកសម្តែងដោយផ្ទាល់នៅលើឆាក.. បានផ្តល់ជាកិត្តិយសដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា និងផ្ទុះការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទាំងអស់នៅក្នុងកម្មវិធី។ នៅក្នុងការសម្តែង តារាចម្រៀងរូបនេះ បានរួមបញ្ចូលគ្នានូវចង្វាក់តន្ត្រីបុរាណ ជាមួយការរ៉េបសម័យទំនើប អមដោយឧបករណ៍បុរាណគឺ “ចាប៉ីដងវែង” ជាឧបករណ៍តន្រ្តីរបស់ខ្មែរ។
គួរបញ្ជាក់ថា លោក វណ្ណដា គឺជាកំពូលតារាចម្រៀងរ៉េបវ័យក្មេងរបស់ប្រទេសកម្ពុជាមានវ័យ 27 ឆ្នាំ លោកមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វណ្ណដា តែងមានមហិច្ឆតាក្នុងការនាំយកសិល្បៈតន្រ្តីខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់។