ការអាន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ ពង្រីកចំណេះដឹង កែលម្អវាក្យសព្ទ និងបង្កើនជំនាញការគិតបែបស្ថាបនា ដែលនាំឲ្យយើងអាចកំណត់ភាពជោគជ័យរបស់យើងខ្លួនឯងបាន។
ការអានសៀវភៅ មិនត្រឹមតែអាចនាំយើងទៅកាន់ពិភពលោកផ្សេងៗគ្នាប៉ុណ្ណោះទេ វាក៏បានជួយជំរុញការយល់ចិត្ត និងការយល់ដឹង ពីដំណើរជីវិតនៃការរៀនសូត្រ និងរបកគំហើញផ្សេងៗ តួយ៉ាង ដូចជានៅក្នុងសៀវភៅ “អាកប្បកិរិយាល្អ ចាប់ផ្តើមលើតុអាហារពេលព្រឹក” ដែលនិពន្ធដោយ ម្ចាស់ក្សត្រី Marie-Chantal នៃប្រទេសក្រិក បានផ្តល់នូវដំបូន្មានឱ្យឪពុកម្តាយ នូវការណែនាំជាក់ស្តែងក្នុងការចិញ្ចឹមកូន ប្រកបដោយ សីលធម៌ និងសុជីវធម៌។
ខាងក្រោមនេះ ជាសេចក្ដីសង្ខេបខ្លីៗដែលសំខាន់ ទាំងប្រាំបី ដែលយើងបានដកស្រង់ចេញពីសៀវភៅនោះ៖
1. ពន្យល់ពីមូលហេតុ ៖ ជំនួសឱ្យការទាមទារ ឱ្យមានការស្តាប់បង្គាប់ទាំងងងឹតងងល់ អ្នកជាមាតាបិតា និងអាណាព្យាបាល គួរពន្យល់អំពីហេតុផល និងសារសំខាន់ដែលនៅពីក្រោយ ការមានសុជីវធម៌ នឹងផ្តល់លទ្ធវិជ្ជមានអ្វីខ្លះដល់ពួកគេ។ លើកទឹកចិត្តពួកគេ ឱ្យមានការប្រាស្រ័យទាក់ទងបើកចំហ ដោយភ្ជាប់ជាមួយសកម្មភាពជាក់ស្តែង ជាមួយនឹងអាកប្បកិរិយាល្អៗ ដូចជាការគោរព និងសេចក្តីសប្បុរសនៃការមានចិត្តមេត្តា ។ បង្កើតគំនូសតាងតម្លៃគ្រួសារ ដើម្បីអ្វីទៅជាការរំពឹងទុករួមគ្នា ព្រមទាំងផ្តល់សិទ្ធិអំណាចដល់កុមារឱ្យសម្រេចចិត្តដោយខ្លួនឯង។
2. ភាពជាប់លាប់ មូលដ្ឋានគ្រឹះនៃសុជីវធម៌៖ កុមាររៀនបានល្អបំផុត តាមរយៈការសង្កេត លើអក្បកិរិយារបស់មនុស្សពេញវ័យ។ បង្កើតទម្លាប់រំលឹក ដោយប្រើពាក្យសម្តីទន់ភ្លន់ និងពង្រឹងការនិយាយស្តីវិជ្ជមាន កុំរអ៊ូរទាំ បង្កើតបរិយាកាស និងសកម្មភាពល្អៗដែលគាំទ្រដល់ការសិក្សារបស់ពួកគេ។ ធ្វើឲ្យ ការមានសុជីវធម៌ ជាផ្នែកដែលមានដោយធម្មជាតិពីកំណើតរបស់ពួកគេ តាមរយៈការបញ្ចូលវាទៅក្នុងទម្លាប់ប្រចាំថ្ងៃ ដូចជាម៉ោងបរិភោគអាហារ ការសួរសុខទុក្ខ និងម៉ោងចូលគេង ជាដើម។
3. អភិវឌ្ឍភាពភាពវៃឆ្លាតខាងអារម្មណ៍ និងស្មារតី៖ បង្រៀនកុមារឱ្យស្គាល់ កំណត់អត្តសញ្ញាណ និងបង្ហាញពីអារម្មណ៍របស់ពួកគេ។ ប្រើលំហាត់សតិអារម្មណ៍ តាមរយៈការលេងដើរតួនាទីណាមួយ ការរុករករឿង ដើម្បីអភិវឌ្ឍភាពវៃឆ្លាត និងបង្កើតការយល់ចិត្តគ្នា។
4. ជំរុញទឹកចិត្តសប្បុរស និងការយល់ចិត្ត ៖ លើកទឹកចិត្តឱ្យមានភាពសប្បុរស តាមរយៈសកម្មភាពគ្រួសារ ដូចជាការស្ម័គ្រចិត្តរួមគ្នា ចូលរួមក្នុងសហគមន៍ អបអរ និងយល់ពីភាពខុសគ្នារបស់មនុស្សគ្រប់រូប និងត្រូវចេះរៀនពីគ្នាទៅវិញទៅមក។ ការណ៍នេះ នឹងជួយកុមារឲ្យមានការគិតល្អ និងពេញចិត្តចំពោះទស្សនៈចម្រុះ។
5. លើកកម្ពស់ការយល់ដឹងជាសកល៖ ណែនាំកុមារឱ្យស្គាល់វប្បធម៌ផ្សេងៗតាមរយៈសៀវភៅ ភាពយន្ត និងការធ្វើដំណើរ។ លើកទឹកចិត្តឲ្យរៀនភាសាជាតិសាសន៍ដទៃ ក្រៅពីភាសារកំណើត និង ពិភាក្សាអំពីបញ្ហាសកល ដើម្បីពង្រីកការយល់ដឹងរបស់ពួកគេ។
6. ទំនាក់ទំនងផ្ទាល់ជាមួយធម្មជាតិ៖ អនុញ្ញាតឱ្យកុមារទទួលបានបទពិសោធន៍ដោយផ្ទាល់ពីធម្មជាតិ តាមរយៈ សកម្មភាពរបស់ពួកគេ ទាំងវិជ្ជមាន និងអវិជ្ជមាន ដើម្បីជំរុញឱ្យពួកគេមានការទទួលខុសត្រូវ នឹងចេះសម្រេចចិត្តដែលត្រឹមត្រូវ។
7. កែតម្រូវការរំពឹងទុកលើអាកប្បកិរិយាក្មេង ឲ្យស្របទៅនឹងអាយុរបស់ពួកគេ៖ ផ្តោតលើអាកប្បកិរិយាជាមូលដ្ឋាន តាមរយៈការប្រើប្រាស់ពាក្យ “សុំ” និង “អរគុណ” សម្រាប់កុមារដែលទើបចេះដើរតេះតះ។ ណែនាំបន្តិចម្តងៗ នូវសុជីវធម៌ដែលស្មុគ្រស្មាញនៅពេលកុមារចម្រើនវ័យ រួមទាំងការក្លាយខ្លួនជាពលរដ្ឋឌីជីថល និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសីលធម៌ និងការគោរព សម្រាប់ក្មេងជំទង់ផងដែរ។ ខាងក្រោមនេះជាគន្លឹះខ្លះៗ ៖
a. សម្រាប់កុមារទើបចេះដើរតេះតះ៖ ផ្តោតលើឥរិយាបថតុមូលដ្ឋាន (ការប្រើប្រដាប់ប្រដា ជៀសវាងការបោះអាហារចោល) ការណែនាំសាមញ្ញៗ ដូចជាប្រើប្រាស់ពាក្យ “សុំ” និង ” អរគុណ” ។
b. សម្រាប់សិស្សមត្តេយ្យសិក្សា៖ ពង្រីកអាកប្បកិរិយាលើតុ បង្រៀនការស្វាគមន៍ និងការឆ្លើយតបជាមូលដ្ឋាន និងណែនាំគំនិតថ្មីៗបន្ថែម ដូចជាការចែករំលែក និងតម្រង់ជួរចាំដល់វេនខ្លួន។ ដោះស្រាយអារម្មណ៍ច្របូកច្របល់របស់គេ ដោយការយល់ចិត្ត និងណែនាំឲ្យពួកគេចេះបង្ហាញអារម្មណ៍ដោយការគោរព។
c. សម្រាប់កុមារដែលមានគ្រប់អាយុចូលរៀន៖ លើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយសុជីវធម៌នៅពេលទទួលទានអាហារ ណែនាំការប្រើប្រាស់កន្សែងឲ្យបានត្រឹមត្រូវ និងពិភាក្សាអំពីឥរិយាបថប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយការទទួលខុសត្រូវ។
d. សម្រាប់មនុស្សវ័យជំទង់៖ លើកកម្ពស់ភាពជាពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ពិភាក្សាអំពីជម្រើសម៉ូដ ដោយពិចារណាលើបរិបទ និងការគោរព ហើយណែនាំពួកគេក្នុងការរុករកស្ថានភាពសង្គមដោយទំនុកចិត្ត និងសេចក្តីមេត្តា។
8. ផ្តល់សិទ្ធិអំណាច សម្រាប់ពួកគេអាចមានជម្រើស៖ ចាប់ផ្តើមតាំងពីវិន័យ រហូតដល់ទំនួលខុសត្រូវនៃការគិតបុគ្គល។ បង្កើតកន្លែងសុវត្ថិភាព សម្រាប់ការពិភាក្សាបើកចំហ ដែលអនុញ្ញាតឱ្យពួកគេបញ្ចេញគំនិត និងស្វែងយល់ពីស្ថានភាពសង្គម ដោយមានការណែនាំផ្ទាល់ពីអ្នកជាអាណាព្យាបាល។
ដើម្បីបង្កើនការក្រើនរំលឹក ក៏ដូចជាស្វែងរកចំណេះដឹងថ្មីៗ និងចំណុចល្អៗបន្ថែមទៀត អ្នកអាចស្វែងរកសៀវភៅមួយក្បាលនេះ ដើម្បីអានបាន។