ឥឡូវនេះ ប្រទេសជប៉ុនមានអាកាសយានដ្ឋាន Hello Kitty ជាផ្លូវការហើយ ដោយអាកាសយានដ្ឋាន Oita នឹងហៅខ្លួនឯងថាជា អាកាសយានដ្ឋាន Oita Hello Kitty សម្រាប់រយៈពេល 6 ខែ ចាប់ផ្តើមពីថ្ងៃទី 13 ខែមេសា រហូតដល់ថ្ងៃទី 13 ខែតុលា មានទីតាំងស្ថិតនៅ Kunisaki ខេត្ត Oita ភាគខាងត្បូងនៃប្រទេសជប៉ុន។
អាកាសយានដ្ឋាននេះនឹងស្វាគមន៍អ្នកធ្វើដំណើរដោយរៀបចំកន្លែងថតរូប Hello Kitty រួមជាមួយនឹងតួអង្គផ្សេងទៀត ដូចជា My Melody, Kuromi, Pochacco, Badtz-Mar និង Little Twin Stars ដើម្បីអបអរដល់ការតាំងពិព័ណ៌ Osaka ឆ្នាំ 2025 និងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក ដោយការបន្ថែមនូវភាពដ៏គួរឱ្យស្រឡាញ់របស់តួអង្គតុក្កតាគំនូរជីវចលនីមួយៗ។ បន្ថែមពីនេះ ក៏មានហាងលក់វត្ថុអនុស្សាវរីយ៍ បន្តោងវ៉ាលី Kawaii និងសេវារថយន្តក្រុងថ្មីចេញដំណើរទៅកាន់ Sanrio Character Park Harmonyland។
Aya Komaki ប្រធានក្រុមហ៊ុន Sanrio Entertainment Co. បាននិយាយថា ក្រុមហ៊ុនមានគោលបំណងធ្វើឱ្យ Harmonyland ក្លាយជា “តំបន់កម្សាន្តដ៏អស្ចារ្យបំផុត របស់ Oita” “យើងនឹងខិតខំប្រឹងប្រែងដើម្បីឱ្យ Harmonyland អាចចូលរួមជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកមកកម្សាន្ត និងទទួលបានបទពិសោធន៍ប្លែក មិនធ្លាប់មាន” ។

គួររម្លឹកផងដែរថា Oita គឺជាទីតាំងតែមួយគត់ក្រៅពីទីក្រុង Tokyo ដែលរៀបចំសួនកម្សាន្តតំណាងឧទ្ទិសដល់តួអង្គសត្វឆ្មាពណ៌ផ្កាឈូក (Hello Kitty) ដ៏ពេញនិយមទូទាំងពិភពលោក ហើយវាមានចម្ងាយប្រហែល 1ម៉ោងពីទីក្រុង Osaka តាមរយៈជើងយន្តហោះ និងរយៈពេល 4ម៉ោង ប្រសិនបើធ្វើដំណើរតាមរថភ្លើង។